+855 92 92 1000
Logo
បាំង​តែ​១​ឆ្នាំ​កន្លះ​ទៀត​អ្នក​ខេត្តកោះកុង​នឹង​ទទួល​បាន​ស្ពានបេតុង​ថ្មី​ហើយ
Updated on: August 29, 2022, 8:32 a.m.
Published on: August 29, 2022, 8:29 a.m.

បាំង​តែ​១​ឆ្នាំ​កន្លះ​ទៀត​អ្នក​ខេត្តកោះកុង​នឹង​ទទួល​បាន​ស្ពានបេតុង​ថ្មី​ហើយ


ខេត្តកោះកុង ៖ តាមការបញ្ជាក់របស់ប្រធានមន្ទីរសាធារណការខេត្តកោះកុង​ស្ពានបេតុងថ្មីដែល​ត្រូវមក​ជំនួស​ស្ពាន​ដែក (ស្ពានកោះយ៉) មានប្រវែង១២៦ម៉ែត្រ និងទទឹង១១​ម៉ែត្រ មានតម្លៃ១,៤លានដុល្លារ ដែលទទួលបន្ទុកដោយ​ក្រុមហ៊ុន លី យ៉ុងផាត់ ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់ហើយ ។

តាមប្រភពប្រធានមន្ទីរសាធារណការខេត្តកោះកុងលោក អន ដាវុធ បានឱ្យដឹងផងដែរថា ស្ពានបេតុងកោះយ៉ថ្មីនេះ ស្ថិតនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ចំណាយថវិការ១,៤លានដុល្លារជាបន្ទុករបស់ក្រុមហ៊ុន លី យ៉ុងផាត់ ហើយត្រូវ​ការរយៈពេល​នៃការ​សាង​សង់​ចំនួន១ឆ្នាំកន្លះ ។

ស្ពានមួយនេះមានសារសំខាន់ខ្លាំងណាស់សម្រាប់ការតភ្ជាប់ដឹកជញ្ជូនទំនិញកសិផលរបស់ប្រជាពលរដ្ឋឆ្លងកាត់ទៅមក និងបង្កភាពងាយស្រួលដល់អ្នកទេសចរធ្វើដំណើរកម្សាន្តទៅតំបន់រមណីយដ្ឋានទេសចរណ៍ឆ្នេរសមុទ្រប៉ាក់ខ្លង ឬហៅថា ឆ្នេរកោះយ៉ កាន់តែមានសុវត្ថិភាព ។

គួររម្លឹកផងដែរថា សម្តេចតេជោធ្លាប់បានមានប្រសាសន៍ប្រកាសពីគម្រោងសាងសង់ស្ពានបេតុងថ្មីជំនួសឱ្យស្ពានដែកកោះយ៉ចាស់នេះក្នុងពិធីសម្ពោធប្រព័ន្ធការពារទឹកជំនន់ស្ដង់ដាជប៉ុន កាលពីព្រឹកថ្ងៃទី២០ ខែមេសា កន្លងទៅនេះថា ស្ពានដែកកោះយ៉នេះមានសភាពចាស់ទ្រុឌទ្រោម ហើយរអិលដែលអាចធ្វើឱ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ហើយតំបន់នោះ ឥឡូវក្លាយ​ទៅជាតំបន់ទេសចរណ៍​ដ៏ទាក់ទាញមួយ ដូច្នេះត្រូវសង់ស្ពានបេតុងតែម្ដង ៕

Comments