+855 92 92 1000
Logo
ច្បាស់ហើយ ! ដឹងពេលវេលាដែលត្រូវសាងសង់ផ្លូវល្បឿនលឿនទី២ហើយ
Updated on: September 22, 2022, 8:07 a.m.
Published on: September 22, 2022, 8:07 a.m.

ច្បាស់ហើយ ! ដឹងពេលវេលាដែលត្រូវសាងសង់ផ្លូវល្បឿនលឿនទី២ហើយ


គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតដែលជាផ្លូវសរសៃឈាមសេដ្ឋកិច្ចនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា​  និងជាផ្លូវល្បឿនលឿនទី២របស់ប្រទេសកម្ពុជាបន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនោះ​នឹងត្រូវ​ចាប់​ផ្តើម​សាង​សង់នាពាក់កណ្តាលឆ្នាំ២០២៣ខាងមុខនេះ ។

នេះបើយោងតាមការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីអញ្ជើញចុះពិនិត្យ​ការងារត្រៀមរៀប​ចំបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ខាងមុខ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

តាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល បានអះអាងថា៖ «យើងបានចុះអនុស្សរណៈយោគយល់គ្នា (MoU) ហើយៗ...ជាមួយគាត់! យើងនឹងត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀមនាខែ១១នេះ គាត់សិក្សាហើយ ត្រៀមរៀបចំចុះកិច្ចព្រមព្រៀងសម្បទានឱ្យបានមុនដាច់ឆ្នាំ ដើម្បីឱ្យគាត់បើកការដ្ឋានឆ្នាំក្រោយ យើងគ្រោងនឹងបើកការដ្ឋានឱ្យបានពាក់កណ្តាលឆ្នាំក្រោយ»។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានឱ្យដឹងផងដែរថា រាជរដ្ឋាភិ​បាលកម្ពុជាបានសម្រេចឯកភាពផ្តល់សិទ្ធិឱ្យក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd. ដែលជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ជាក្រុមហ៊ុនទទួលសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ វិនិយោគសាងសង់ផ្លូវល្បឿនលឿន​ភ្នំពេញ-បាវិត ដោយសារក្រុមហ៊ុននេះមានបទពិសោធន៍ស្រាប់ក្នុងការសាងសង់ផ្លូវល្បឿនលឿន (ភ្នំពេញ-ក្រុងព្រះសីហនុ) និងមានសម្ភារៈសាងសង់គ្រប់គ្រាន់រួមទាំងអាចយល់ដឹងពីបញ្ហាអាកាសធាតុនៅកម្ពុជាស្រាប់ ៕

Comments