+855 92 92 1000
Logo
ទីផ្សារខុនដូនៅកម្ពុជាប្រឈមមុខនឹងភាពជាប់គាំង?
Updated on: June 6, 2022, 5:05 p.m.
Published on: September 13, 2016, 9:57 a.m.
Realestate News

ទីផ្សារខុនដូនៅកម្ពុជាប្រឈមមុខនឹងភាពជាប់គាំង?


Horizontal-Ribbon-Editorial

condo-market

នៅពេលប្រជាជនកម្ពុជា មិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ទស្សនទាននៃការស្នាក់នៅតាមអាគារខ្ពស់ វត្តមានខុនដូកប់ពពកជាច្រើនបាននិងកំពុង សាង សង់ និងខ្លះបានបញ្ចប់ការសាងសង់ សម្រាប់ទីផ្សារថ្មីមួយដែលកំពុងមានភាពទាក់ទាញអ្នកវិនិយោគបរទេស ដែលពួកគេនៅតែមានសុទិដ្ឋិនិយមសម្រាប់ ទីផ្សារនេះ ប៉ុន្តែសំណួរកំពុងមានចម្លើយខុសៗគ្នា រវាងអ្នកជំនាញដែលកំពុងមានទស្សនៈចម្រូងចម្រាស់អំពីទីផ្សារនេះ។

លោកច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុនCentury21 Mekongបានថ្លែងថា ប្រសិនជាគិតសម្រាប់រយៈពេលវែងទីផ្សារខុនដូនៅកម្ពុជា មិនប្រឈមបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ ព្រោះនិន្នាការទិញលក់នៅតែធម្មតា គ្រាន់តែពេលនេះមានការផ្គត់ផ្គង់ខុនដូកាន់តែច្រើន ដែលធ្វើឲ្យអតិថិជនមានជម្រើសកាន់តែច្រើន ធ្វើឲ្យការលក់គំរោងមួយចំនួនមានភាពយឺតយ៉ាវ ប៉ុន្តែនិន្នាការវិនិយោគនៅកម្ពុជាគឺបានផ្លាស់ប្តូរដូចនៅបរទេស មានន័យថាទាល់តែអ្នកវិនិយោគមានទុនវិនិយោគច្បាស់លាស់ ទើបអាចជៀសផុតពីហានិភ័យ។ លោកបន្តថា “នៅពេលមានការប្រកួតប្រជែងខ្លាំង ទាមទារឲ្យអ្នកវិនិយោគមានដើមទុនច្បាស់លាស់ បើមិនដូច្នេះគំរោងពួកគេអាចប្រឈមមុខ នឹងជាប់គាំងកណ្តាលទី ប្រសិនជាអ្នកវិនិយោគរំពឹងប្រាក់អតិថិជនយកមកសាងសង់”។លោកបន្តថា “បើទោះជាការលក់មាននិន្នាការយឺតជាងមុន ប៉ុន្តែខ្ញុំមិនមើលឃើញអ្វីលំបាកខ្លាំងឬវិស័យខុនដូនៅកម្ពុជាជាប់គាំងនោះទេ”។

ស្វែងយល់ព័ត៌មានបន្ថែមអំពីអចលនទ្រព្យសូមចូលទៅកាន់គេហទំព័រ Realesteate.com.kh

អគ្គនាយកកក្រុមហ៊ុនTOWN CITY Real Estate លោកវ៉ន ចាន់ថនបានថ្លែងឲ្យដឹងផងដែរថា មានគម្រោងជាច្រើននៅតែលក់ដាច់នៅឡើយ ពិសេសគំរោងដែលផ្តោតលើងតិថិជនដែលមានប្រាក់ចំណូលមធ្យម ប៉ុន្តែបើនិយាយពីនិន្នាការជារួមនាពេលនេះ គឺទីផ្សារនេះមិនមានបញ្ហាអ្វីនោះទេ តែក៏មិនល្អខ្លាំងនោះដែរ។

យោងតាមរបាយការណ៍អង្កេតរបស់ក្រុមហ៊ុនCBRE Cambodiaបានរកឃើញថា ទីផ្សារខុនដូនៅកម្ពុជាមានកំណើនរហូតដល់៧៩៤ភាគរយ គិតពីពេល  បច្ចុប្បន្នរហូតដល់ឆ្នាំ២០១៨ ដែលចំនួនផ្ទះនឹងកើនដល់ចំនួនសរុប២១,៤១៤យូនីត។

ប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកគីម ហ៊ាងបានថ្លែងថាចំនួនខុនដូដែលបាននិងកំពុងសាងសង់នាពេលបច្ចុប្បន្ន ប្រសិនជាសំរាប់ទីផ្សារក្នុងស្រុក វាពិតជាលើសតម្រូវការ ប៉ុន្តែប្រសិនជាគិតសម្រាប់ទីផ្សារអាស៊ានគឺមិនទាន់គ្រប់តម្រូវការនៅឡើយទេ ដូច្នេះអ្វីសំខាន់នាពេលនេះ គឺធ្វើយ៉ាងណាឲ្យអ្នកវិនិយោគអាស៊ានចូលមកកាន់តែច្រើន ព្រោះប្រសិនជាវិស័យនេះជាប់គាំងវា មិនមែនជាកំហុសរបស់អ្នកសាងសង់នោះទេ ប៉ុន្តែអ្វីសំខាន់គឺរដ្ឋាភិបាលត្រូវធ្វើយ៉ាងណាឲ្យអ្នកវិនិយោគចូលមក។ លោកបន្តថា “ប្រសិនជាទឹក អគ្គិសនី ថ្លៃដឹកជញ្ជូននៅតែខ្ពស់ និងការិយាល័យនិយមនៅតែច្រើន តើអ្នកណាចូលមក”។លោកបន្តថា “ច្បាប់មានរួចហើយ បានធ្វើរួចហើយ ប៉ុន្តែសំខាន់គឺត្រូវគោរពទាំងអស់គ្នា មិនមែនចង់បាតុកម្មធ្វើបាតុកម្ម ដោយគ្មានច្បាប់ទម្លាប់នោះទេ ដូច្នេះចូរដោះស្រាយបញ្ហានេះទាំងអស់គ្នា”។

លោកគីម ហ៊ាងបានបន្តថា អ្នកវិនិយោគខុនដូដែលប្រឈមមុខខ្លាំងជាងគេនាពេលបច្ចុប្បន្ននេះ គឺអ្នកខ្ចីលុយគេមកសាងសង់ ដែលលោកប៉ាន់ប្រមាណថាមានចំនួនលើស៥០ភាគរយ នៃអ្នកវិនិយោគខុនដូនាពេលបច្ចុប្បន្ន កំពុងប្រឈមនឹងទឹកភ្នែក ព្រោះគំរោងពួកគេមួយចំនួនប្រឈមមុខនឹងភាពជាប់គាំង ប៉ុន្តែសម្រាប់អ្នកមានដី និងមានទុនវិនិយោគច្បាស់លាស់ពួកគេមិនមានបញ្ហាអ្វីនោះទេ។ លោកបន្តថា “វាមិនមានបញ្ហាក្នុងឧស្សាហកម្មនេះទេ តែវានឹងមានបញ្ហាសម្រាប់បុគ្គលដែលខ្ចីលុយធនាគារ ឬចាំយកលុយពីអតិថិជនមកសាងសង់”។

អ្នកដទៃទៀត បានមើលឃើញឳកាសក្នុងបញ្ហាកំពុងកើតមាននាពេលបច្ចុប្បន្ននេះ។

លោកគុយ វ៉ាតអគ្គនាយក្រុមហ៊ុនVTRUST GROUP ដែលបាននាំចូលMaster Franchise Century21 មកកាន់កម្ពុជាបានថ្លែងថា នៅពេលទីផ្សារខុនដូកើនឡើងលើសតម្រូវការ វានឹងជាឳកាសសម្រាប់អ្នកវិនិយោគ និងអតិថិជនដោយពួកគេអាចប្រមូលទិញខុនដូ នៅពេលដែលតំលៃអចលនទ្រព្យនេះធ្លាក់ចុះ។ ចំណែកអតិថិជនពួកគេនឹងទទួលបានផលប្រយោជន៍ ព្រោះពួកគេមានជម្រើសកាន់តែច្រើនក្នុងការវិនិយោគ។ ទោះជាយ៉ាងណាអ្នកជំនាញអចលនទ្រព្យបរទេស បានសម្លឹងឃើញទីផ្សារខុនដូនៅកម្ពុជានៅតែមានកាលានុវត្តភាពនៅឡើយ។

លោកHENRY WUអគ្គនាយកក្រុមហ៊ុនMATSU Propertyដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់បានថ្លែងថា ទីក្រុងភ្នំពេញមានទំហំតូចណាស់ ហើយបេះដូងរាជធានីនេះមានទំហំប្រហែល២០គីឡូម៉ែត្រការ៉េប៉ុណ្ណោះ ប៉ុន្តែមានប្រជាជនជាច្រើនរស់នៅទីក្រុងនេះ ដែលធ្វើឲ្យទីក្រុងនេះកាន់តែចង្អៀត តំលៃអចលនទ្រព្យនឹងកើនឡើងខ្ពស់ ដូច្នេះខុនដូដែលមានសេវាស្នាក់នៅប្រកបដោយផាសុខភាព មានអាងហែកទឹក សន្តិសុខ ផ្សារទំនើបនិងការគ្រប់គ្រងច្បាស់លាស់ នឹងជាជំរើសពួកគេនៅពេលអនាគត។

លោកបន្តថា “កម្ពុជាជាប្រទេសមានសេរីភាពបំផុត នៅក្នុងចំណោមប្រទេសក្នុងតំបន់នេះ ដែលមិនមានការត្រួតពិនិត្យការប្រើប្រាស់រូបិយប័ណ្ណ មិនមានការយកពន្ឋលើប្រាក់ចំណេញលើវិស័យនេះ និងអ្នកវិនិយោគអាចចេញចូលដោយសេរី ពិសេសតំលៃអចលនទ្រព្យនៅភ្នំពេញ គឺមានតំលៃទាបបើធៀបនឹងទីក្រុងរបស់ប្រទេសក្នុងតំបន់នេះ”។លោកបន្តថា “ប្រជាជននៅទីក្រុងភ្នំពេញមានប្រមាណ២លាននាក់ តំលៃខុនដូនៅទីក្រុងនេះមានតំលៃទាបខ្លាំងណាស់ ធៀបជាមួយប្រទេសក្នុងតំបន់នេះ  ដែលកត្តាទាំងអស់នេះ បាននិងកំពុងទាក់ទាញអ្នកវិនិយោគបរទេស ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអចលនទ្រព្យនៅទីនេះ”។

លោកHENRY WUបានបន្តថា ជនបរទេសស្គាល់ទីក្រុងបាងកក ទីក្រុងកូឡាឡាំពួរ ទីក្រុងហុងកុង តែពួកគេមិនសូវស្គាល់ទីក្រុងភ្នំពេញនោះទេ ប៉ុន្តែនៅឆ្នាំ២០២៣ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាអាស៊ានហ្គេម ទីក្រុងនេះនឹងមានគេស្គាល់ច្រើន និងមានការរីកចំរើនខ្លាំងថែមទៀត”។លោកបន្តថា “ប្រសិនអ្នកវិនិយោគខុនដូ សម្រាប់ប្រជាជនមានប្រាក់ចំណូលមធ្យម មិនមានសញ្ញាអ្វីគួរឲ្យព្រួយបារម្ភទេ តែខ្ញុំបារម្ភពីខុនដូប្រភេទប្រណីតដែលមានតំលៃថ្លៃ”។

ស្វែងយល់ព័ត៌មានបន្ថែមអំពីអចលនទ្រព្យសូមចូលទៅកាន់គេហទំព័រ Realesteate.com.kh

អត្ថបទនេះបានចុះផ្សាយនៅក្នុងទស្សាវដ្តី PROPERTY VIEW ខែកញ្ញា ឆ្នំា ២០១៦ ដែលបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។

Realestate.com.kh មានកិត្តិយសធ្វើជាដៃគូផ្សព្វផ្សាយជាមួយទស្សនាវដ្តីអចលនទ្រព្យ Property View ដែលជាទស្សនាវដ្តីបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។  សម្រាប់ព័ត៌មានបន្ថែមអំពីក្លាយជាសមាជិករបស់សមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា សូមចុចទីនេះ។  ប្រសិនបើអ្នកចង់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងទស្សាវដ្តី Property View សូមធ្វើការទាក់ទង ទៅកាន់លោក វីរិទ្ធតាមរយៈអ៊ីម៉េលvirith007@yahoo.com ឬទូរស័ព្ទលេខ 078 959 567  - 098 66 26 68

property view magazine september 2016

Comments