ឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជាត្រូវបានគេឲ្យឈ្មោះថាជាឆ្នេរល្អដាច់គេនៅក្នុងពិភពលោក។ ដើម្បីរក្សា សោភ័ណភាព និងប្រើប្រាស់ឆ្នេរដ៏មានសក្តានុពលនេះឲ្យបានជាប្រយោជន៍ជាតិ រាជរដ្ឋាភិបាល មានការកំណត់គន្លាតសម្រាប់ការសាងសង់សំណង់ និងការប្រើប្រាស់ឆ្នេរ ឲ្យបានត្រឹមត្រូវ មានប្រសិទ្ធិភាព និងចីរភាព។ នេះបើយោងតាមសារាចរណែនាំ ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា លេខ ៤៤២ ចុះថ្ងៃទី ០៨ កុម្ភៈ ២០១២។
តើត្រូវសាងសង់គន្លាតប៉ុន្មានម៉ែត្រពីឆ្នេរសមុទ្រ?
តាមសារាចរណែនាំតំបន់ឆ្នេរត្រូវបានបែងចែកជាពីរផ្នែក៖ ឆ្នេរសមុទ្រ និងដីចំណីឆ្នេរ។ ឆ្នេរសមុទ្រត្រូវបានគិតរាប់ចាប់ពីទឹកជោរខ្ពស់បំផុតឡើងមកលើគោកចំនួន ៣០ មែ៉ត្រ សម្រាប់ឆ្នេរជម្រាល និងកំណត់ចំនួន ២០ ម៉ែត្រសម្រាប់ឆ្នេរចោត។
ចំណែកឯដីចំណីឆ្នេរ រាប់ចាប់ពីព្រំនៃឆ្នេរសមុទ្ររហូតដល់ ៥០ មែ៉ត្រចូលទៅខាងដីគោក។ ប៉ុន្តែប្រសិនបើមានផ្លូវនៅតំបន់នោះ គេត្រូវរាប់ដល់ត្រឹមផ្លូវសាធារណៈនោះ។
ជាការកំណត់ដោយច្បាប់ ផ្នែកទាំងពីរនេះ គឺជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែលមិនអាចឲ្យមានការសាងសង់សំណង់ណាមួយ នៅលើតំបន់នេះនោះទេ។ នេះមានន័យថា រាល់ការសាងសង់សំណង់ផ្សេងៗ អាចធ្វើទៅបានចម្ងាយយ៉ាងហោចណាស់ ៥០ ម៉ែត្រពីឆ្នេរសមុទ្រ។
ការប្រើប្រាស់ដីចំណីឆ្នេរ
ដីចំណីឆ្នេរត្រូវបានបែងចែកជាពីរប្រភេទ ដែលមានដូចជា ដីចំណីឆ្នេរ ដែលជាទីប្រជុំជនសម្រាប់គោលដៅទេសចរណ៍ និងដីចំណីឆ្នេរ ដែលមិនសូវមានមនុស្សរស់នៅ។
១. ដីចំណីឆ្នេរ នៅទីប្រជុំជន
រាល់ការសាងសង់សំណង់ណាមួយ ដែលត្រូវបានអនុញ្ញាតនៅលើដីចំណីឆ្នេរនេះមិនត្រូវឲ្យមានការប៉ះពាល់ដល់សោភ័ណភាពឆ្នេរ និងប្រាស់ចាកពីការបំរើសម្រាប់ទេសចរណ៍នៃតំបន់នោះទេ។
សកម្មភាពខាងក្រោមនេះ ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ដូចខាងក្រោម៖
-
គេអាចសាងសង់ជាតូបតូចៗ ដែលនៅចន្លោះដើមឈើ និងត្រូវមានចម្ងាយពីគ្នា ប្រមាណ ១៥ មែ៉ត្រ ដើម្បីកុំឲ្យប៉ះពាល់ដល់ការដើរចេញចូលរបស់ភ្ញៀវទេសចរណ៍។
-
កន្លែងចតយានយន្តក៏ត្រូវបានអនុញ្ញាតឲ្យដាក់ផងដែរ ប៉ុន្តែមិនត្រូវប៉ះពាល់ដល់ សោភ័ណភាពនោះទេ។
-
គេអនុញ្ញាតឲ្យមានការសាងសង់បន្គន់សាធារណៈក្នុងចំនួនសក្តិសម ប៉ុន្តែមិនត្រូវប៉ះ ពាល់ដល់សោភ័ណភាពនោះទេ។
-
ការសាងសង់រូបសំណាក់ផ្សេងៗក៏អាចធ្វើទៅបាន ដើម្បីលំអទស្សនីយភាពនៃតំបន់ នោះផងដែរ។
-
មិនអនុញ្ញាតឲ្យមានការសាងសង់កំពង់ផែនោះទេ ប៉ុន្តែក្នុងករណីដែល ការសាងសង់នោះផ្តល់ផលប្រយោជន៍ខ្លាំង សម្រាប់សេដ្ឋកិច្ច គេអាចនឹងត្រូវបានអនុញ្ញាតបាន។
-
រាល់សំណង់រឹងមាំផ្សេងៗ ត្រូវបានហាមឃាត់ លើកលែងតែសំណង់ដូចជាស្ពានសម្រាប់ សម្រួលដល់ការធ្វើដំណើរ ឬកន្លែងទស្សនាទិដ្ឋភាពក្រោមបាទសមុទ្រជាដើម ដែលសម្រួលដល់វិស័យទេសចរណ៍ អាចត្រូវបានអនុញ្ញាតឲ្យធ្វើឡើងក្នុងតំបន់នោះ។
២. ដីចំណីឆ្នេរ ដែលមិនសូវមានមនុស្ស
ការប្រើប្រាស់នឹងត្រូវបានអនុញ្ញាតដូចខាងក្រោម៖
-
អាចអនុញ្ញាតឲ្យមានការសាងសង់កំពង់ផែផ្សេងៗ ប៉ុន្តែគេត្រូវគិតគូរពីបញ្ហាប៉ះពាល់ ដល់បរិស្ថាន។
-
អនុញ្ញាតឲ្យសាងសង់កំពង់ផែលើទឹក សម្រាប់បំរើវិស័យទេសចរណ៍ ប៉ុន្តែត្រូវគិតគូរពីបញ្ហាបរិស្ថាន
-
អនុញ្ញាតឲ្យមានការរៀបចំភូមិដ្ឋានថ្មីផងដែរ
-
បើមានសំណង់រោងចក្រផ្សេង ដែលបញ្ចេញផ្សែង ត្រូវតែមានការសិក្សាពីផលប៉ះពាល់ បរិស្ថានផងដែរ
-
អនុញ្ញាតឲ្យមានការសាងសង់សំណង់ផ្សេងទៀត ដែលស្របតាមគោលការណ៍របស់ រាជរដ្ឋាភិបាល។
ស្វែងអចលនទ្រព្យសម្រាប់លក់នៅខេត្តព្រះសីហនុ ឬអចលនទ្រព្យសម្រាប់ជួលនៅខេត្តព្រះសីហនុនៅថ្ងៃនេះ!
Comments