យោងតាមសេចក្តីជូនដំណឹងមួយ ដែលចេញនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ថ្មីៗនេះ ស្តីពីការផ្ទេរសិទ្ធិគ្រប់គ្រងក្រុមហ៊ុន ហ្គ្រែន ភ្នំពេញ ទៅឲ្យក្រុមហ៊ុន ជីប ម៉ុងលែន ខូ អិលធីឌី (Chip Mong Co., Ltd.)គឺបានបញ្ជាក់ថាក្រុមហ៊ុន ហ្គ្រែន ភ្នំពេញ បានលក់ទ្រព្យសម្បត្តិសកម្មទាំងអស់ទៅឲ្យក្រុមហ៊ុន ជីប ម៉ុងលែន ខូ អិលធីឌី។
នៅថ្ងៃទី១៦ ខែតុលានេះដែរ ក្រុមហ៊ុនទាំងពីរបានរៀបចំពិធីចុះហត្ថលេខាជាផ្លូវការ ដើម្បី ប្រគល់សិទ្ធិកាន់កាប់ និងសិទ្ធិគ្រប់គ្រងទាំងអស់ពីក្រុមហ៊ុន ហ្គ្រេន ភ្នំពេញ ជូនក្រុមហ៊ុន ជីប ម៉ុងលែន។
យោងតាមការជូនដំណឹងដដែលនេះ គណៈគ្រប់គ្រងក្រុមហ៊ុន ហ្គ្រេនភ្នំពេញ អ៊ីនធើណេសិនណល ស៊ីធី ខូអិលធីឌី ក៏បានជូនដំណឹងជាផ្លូវការដល់ម្ចាស់លំនៅដ្ឋាន និងអតិថិជន ទាំងអស់ឲ្យ បានជ្រាបថា ក្រុមហ៊ុនបានលក់ទ្រព្យសកម្ម និងអាជីវកម្មទាំងអស់ទៅឲ្យក្រុមហ៊ុនថ្មី គឺក្រុមហ៊ុន ជីប ម៉ុងលែន ខូអិលធីឌី ដែលតំណាងដោយ លោកឧកញ៉ា លាង ឃុន និងលោក ឧកញ៉ា លាង ម៉េង ចាប់ពីថ្ងៃចុះហត្ថលេខាលើលិខិតជូនដំណឹងនេះតទៅ។
គួរបញ្ជាក់ដែរថា គម្រោង ហ្គ្រេនភ្នំពេញអន្តរជាតិ ត្រូវបានអភិវឌ្ឍលើផ្ទៃដីទំហំ ២៦០ ហិកតា ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ហ្គ្រេនភ្នំពេញ គឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានធំជាងគេ នៅប៉ែកខាងជើងទីក្រុងភ្នំពេញ ដែលអភិវឌ្ឍជាទីក្រុងរណបបែបស៊ីវីល័យ លំនៅដ្ឋានបែបសហគមន៍ ដើម្បីបំពេញតម្រូវការអ្នករស់នៅក្នុងរាជធានីភ្នំពេញ៕
ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
Comments