កាលពីថ្មីៗកន្លងទៅនេះតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចឯកភាពឱ្យក្រុមហ៊ុនចិនចំនួន២ក្រុមហ៊ុនសាងសង់ សណ្ឋាគារថ្នាក់ផ្កាយ៥នៅខេត្តកោះកុង និងព្រះសីហនុ។ ក្រុមហ៊ុនទាំង២នេះមានទុនវិនិយោគជិត៦០០លានដុល្លារអាមេរិកជាមួយនឹងផ្តល់ឱកាសការងារជាង៦ពាន់កន្លែង។ នេះបើតាមហ្វេសប៊ុករបស់ CDC បានបង្ហោះ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០១៩ កាលពីម្សិលមិញនេះ ។
អានបន្ថែមអំពី៖ ស្វែងយល់អំពីការឆបោកលើការលក់ដីដោយប្រើប្រាស់ប្លង់រឹងក្លែងក្លាយ
បើតាម CDC ក្រុមហ៊ុនចិនទាំងពីរនោះមាន៖
១- ក្រុមហ៊ុន “UNION CITY DEVELOPMENT GROUP CO.,LTD.” គម្រោងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍ “TEMI” រួមមាន៖ សណ្ឋាគារថ្នាក់ផ្កាយ៥ចំនួន៨០០បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម, តារាងវាយកូនគោល, បឹងហ្គាឡូ, ផ្ទះវីឡា, រមណីយដ្ឋានទេសចរណ៍, សួនកំសាន្ត, ចំណតកប៉ាល់ និងគម្រោងផ្សេងៗមួយចំនួនទៀត ដែលមានទីតាំង វិនិយោគ ស្ថិតនៅស្រុកគីរីសាគរ ខេត្តកោះកុង ជាមួយទុនវិនិយោគប្រមាណ ៥០០.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥,១៥០កន្លែង ។
២- ក្រុមហ៊ុន “NANJING DADI CONSTRUCTION (CAMBODIA) DEVELOPMENT GROUP CO.,LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ចំនួន៣០០បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងរីសត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៨៨.៤លានដុល្លារអាមេរិក និងអាចបង្កើត ការងារបានចំនួន ២,៥៩៨កន្លែង ។
គួរបញ្ជាក់ផងដែរថា ពាក្យថា “TEMI” ជាអក្សរកាត់មកពីពាក្យថាទេសចរណ៍ (T-Tourism) អេកូឡូស៊ី(E-Ecological) សមុទ្រ (M-Marine) និងអន្តរជាតិ(I-International) ដែលជាគម្រោងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍របស់ក្រុមហ៊ុន “UNION CITY DEVELOPMENT GROUP CO.,LTD.” ស្ថិតនៅលើផ្ទៃដី ២៥០០ហិចតានៅខេត្តកោះកុងជាមួយនឹងទំហំ វិនិយោគបន្ថែម ១,៩០០លានដុល្លារ ។ ហើយទីក្រុងនេះអាចផ្ទុកមនុស្សបាន៣០ម៉ឺននាក់។ នេះបើតាមការលើកឡើងរបស់ កញ្ញា Lin Wang នាយកទីផ្សារក្រុមហ៊ុននេះក្នុងពិធីបង្ហាញ គម្រោងសាងសង់ទីក្រុង កាលពីថ្ងៃទី១០ មករា កន្លងទៅ ។
Comments