រដ្ឋាភិបាលនៃប្រទេសចិនមកដល់ពេលនេះបានជួយសាងសង់ផ្លូវដល់ប្រទេសកម្ពុជាចំនួន៣០ខ្សែដែលស្មើនឹងប្រវែងជាង៣ពាន់គីឡូម៉ែត្រដោយចំណាយចំណាយថវិកាជិត២ពាន់លានដុល្លារ ។ ក្នុងនោះមានផ្លូវកំពុងសាងសង់ជាច្រើនខ្សែទៀតតម្លៃប្រមាណ៥០០លានដុល្លារ ហើយចំពោះស្ពាននៅក្នុងប្រទេសកម្ពុជាវិញ ដែលមិត្តចិនបានសាងសង់ និងកំពុងសាងសង់មានចំនួន៩ខ្សែផងដែរសម្រាប់បម្រើប្រយោជន៍ប្រជាជនកម្ពុជាជារៀងរាល់ថ្ងៃនេះ ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ។
គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១នេះនឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដោយប្រើរយៈពេលសាងសង់ចំនួន៤០ខែ និងបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ២០២៦ ដោយត្រូវចំណាយថវិកាសរុបប្រមាណជាង៦៧លានដុល្លារសហរដ្ឋអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃប្រទេសចិនដែលបានផ្តល់ឥណទានសម្រាប់លើកកម្ពស់គុណភាពផ្លូវជាតិលេខ៤១នេះ។ សម្តេចតេជោបន្តថា គោលនយោបាយកម្ពុជាពីមុន គឺយើងមានលុយតិចធ្វើផ្លូវឱ្យបានវែង តែបច្ចុប្បន្ននេះគឺយើងត្រូវសាងសង់ផ្លូវផ្តោតលើគុណភាព និងសោភ័ណភាព គឺធ្វើផ្លូវឱ្យបានរឹងមាំ និងស្រស់ស្អាត ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកថា ផ្លូវជាតិលេខ៤១នេះ ពីមុនជាតម្រាយផ្លូវដែលត្រូវបានប្រើប្រាស់តាំងពីសម័យព្រះបាទអង្គឌួងមកម្លេះ ពោលគឺក្នុងសតវត្សរ៍ទី១៩ ក្នុងការតភ្ជាប់ពីរាជធានីនៅឧត្តុង្គ ទៅកាន់តំបន់សមុទ្រ នៃខេត្តកំពត ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិននាពេលកន្លងមកនេះគឺជាឱកាសដ៏ធំសម្រាប់ទីផ្សារកសិផលរបស់កម្ពុជាទៅកាន់ទីផ្សាបរទេស ។ បច្ចុប្បន្ននេះទំនិញផលិតផល និងកសិផលរបស់កម្ពុជាមួយចំនួនកំពុងត្រូវបានធ្វើការនាំចេញទៅកាន់ទីផ្សាររបស់ប្រទេសចិនរួចទៅហើយ និងកំពុងត្រៀមរៀបចំនាំចេញមួយចំនួនទៀតនៅពេលបន្ទាប់ ៕
Comments