+855 92 92 1000
Logo
ប្រាប់​មុន​ឱ្យ​ហើយ ! ឯកឧត្តម ជា សុ​ផា​រ៉ា បញ្ជា​ហាម​ដាច់ខាត​យក​ដី​១​ប្រភេទ​នេះ​ក្នុង​ខេត្តកំពត​ទៅ​អភិវឌ្ឍ​អ្វី​ផ្សេង
Updated on: June 7, 2022, 6:06 a.m.
Published on: May 20, 2022, 9:44 a.m.

ប្រាប់​មុន​ឱ្យ​ហើយ ! ឯកឧត្តម ជា សុ​ផា​រ៉ា បញ្ជា​ហាម​ដាច់ខាត​យក​ដី​១​ប្រភេទ​នេះ​ក្នុង​ខេត្តកំពត​ទៅ​អភិវឌ្ឍ​អ្វី​ផ្សេង


ខេត្តកំពត ៖ ដីស្រែ​អំបិល​ជាង​៣​ពាន់​ហិ​កតា​ដែល​ស្ថិត​នៅ​ខេត្តកំពត​ត្រូវ​បាន​ប្រមុខ​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចេញ​បញ្ជា​មិន​ឱ្យ​មានការ​យក​ដី​ទាំងនោះ​ទៅ​ធ្វើ​អ្វី​ផ្សេង​ក្រៅពី​ផលិត​អំបិល ដោយ​ក្នុង​គោល​បំណង​ទុក​ដីស្រែ​នេះ​ផលិត​អំបិល​សម្រាប់​ផ្គត់​ផ្គង​ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញ ។ ការ​ដាក់​បទបញ្ជា​ពី​សំណាក់​ឯ​កឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា នេះ​ធ្វើ​ឡើង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម និង​កំពង់​ផែ​ពហុ​បំណង​ដែល​មាន​តម្លៃ​១,៥​ពាន់​លាន​ដុល្លារ​នៅ​ខេត្តកំពត ។

ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម និង​កំពង់​ផែ​ពហុ​បំណង​ដែល​មាន​តម្លៃ​១,៥​ពាន់​លាន​ដុល្លារ​នៅ​ខេត្តកំពត​ឯ​កឧត្តម ជា សុ​ផា​រ៉ា បាន​អះអាង​ផង​ដែរ​ថា អំបិល​ដែល​ផលិត​បាន​នៅ​ខេត្តកំពត​មានគុណ​ភាពល្អ​ជាង​អំបិល​ដែល​នាំ​ចូល បើ​ទោះបីជា​មាន​សម្បុរ​រាង​ស្រអាប់​បន្តិច​ក្តី ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​ដាក់​បញ្ជា​ឱ្យ​ឯ​ឧត្តម ម៉ៅ ធនិន គណៈ​អភិបាល នៃ​អភិបាល​ខេត្តកំពត​ត្រូវធ្វើ​យ៉ាងណា​រក្សា​ដីស្រែ​អំបិល​ទាំងនោះ ដោយ​មិន​អនុញ្ញាត​ឱ្យ​មានការ​អភិវឌ្ឍន៍​អ្វី​ទាំងអស់​ក្រៅពី​ផលិត​អំបិល និង​ត្រូវ​រៀបចំ​ផែនការ​ក្នុង​ការ​គ្រប់គ្រង​ដីស្រែ​អំបិល​នៅ​ខេត្តកំពត​ដែល​មាន​ជាង​៣​ពាន់​៧​រយ​ហិ​កតា​ឱ្យ​បាន​គង់រ​ង្ស​ដើម្បី​ទុក​ផលិត​អំបិល និង​ហាម​ដាច់ខាត​មិន​ឱ្យ​មានការ​អភិវឌ្ឍន៍​គម្រោង​អ្វី​ទាំងអស់​នៅ​លើ​ដីស្រែ​អំបិល​ទាំងនោះ ។

ក្នុង​នោះ​ផង​ដែរ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា ក៏​បាន​បញ្ជា​ឱ្យ​អភិបាលខេត្ត​ជាប់មាត់​សមុទ្រ​ទាំងអស់​ដូច​ជា​ខេត្ត​ព្រះ​សីហ​នុ​,​កំពត​, កែប និង​កោះកុង ត្រូវ​តែ​គ្រប់គ្រង និង​អភិរក្ស​ព្រែក​ជាប់​ឆ្នេរសមុទ្រ​ឱ្យ​បាន​គង់វង្ស និង​ចៀសវាង​ឱ្យ​មានការ​កែប្រែ ឬ​លុប​យក​ទៅ​ធ្វើ​គម្រោង​លំនៅ​ឋាន និង​សំណង់​ផ្សេង​ៗ​ដែល​បម្រើ​ផលប្រយោជន៍​ឯកជន ។

បើ​តាម​ការ​កត់ត្រា​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បច្ចុប្បន្ន​កម្ពុជា​មាន​ព្រែក​ដែល​ជាប់​សមុទ្រ​សរុប​ចំនួន​១១១​ព្រែក ដែល​កំពុង​ផ្តល់​គុណប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ដូច​ជា​ការ​នេសាទ ព្រៃកោងកាង និង​ដីល្បាប់​ជាដើម ។

គួររម្លឹកផងដែរថា មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងរបស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត ដែលមានទីតាំងនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត បានបើកការដ្ឋានសាងសង់ហើយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ជាមួយគម្រោងទុនវិនិយោគប្រមាណ ១៥០០លានដុល្លារ ។ មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងនេះ នឹងសាងសង់នៅលើផ្ទៃដី ៦០០ហិកតា ដែលអាចផ្តល់ការងារដោយផ្ទាល់ និងប្រយោលដល់ប្រជាពលរដ្ឋប្រមាណ ១ម៉ឺនកន្លែងក្រោយពេលសាងសង់រួច ៕

Comments