+855 92 92 1000
Logo
ប្លែកសម្រាប់ឆ្នាំ២០២២ ! អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងវិនិយោគិនធំៗងាកទៅប្រើលុយឌីជីថលដើម្បីរឿង១នេះ
Updated on: June 2, 2022, 9:31 p.m.
Published on: February 2, 2022, 9:35 a.m.

ប្លែកសម្រាប់ឆ្នាំ២០២២ ! អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងវិនិយោគិនធំៗងាកទៅប្រើលុយឌីជីថលដើម្បីរឿង១នេះ


តាម​រយៈ​ភ្នាក់ងារ​អ​ល​ចនទ្រ​ព្យ​អន្តរជាតិ CBRE Cambodia កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​បាន​ចងក្រង និង​ចេញផ្សាយ​របាយការណ៍​មួយ​ដែល​មានឈ្មោះ​ថា «​ការ​ព្យាករ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២២ (Fearless Forecast 2022 : Foundations of a Tiger)» ដែល​ធ្វើការ​ព្យាករណ៍​អំពី​និន្នាការ​ថ្មី​ៗ​មួយ​ចំនួន​ដែល​នឹង​កើតឡើង​ចំពោះ​វិស័យ​អចលនទ្រព្យ ។

Cryptocurrency

CBRE Cambodia បាន​ធ្វើការ​ព្យាករណ៍​ថា ក្នុង​ឆ្នាំ​២០២២​នេះ​លុយ​ឌី​ជី​ថ​លអាច​នឹង​ឈាន​ជើង​ចូល​វិស័យ​អចលនទ្រព្យ ។ ពោល​គឺ​អ្នក​អភិវឌ្ឍន៍ និង​អ្នក​វិនិយោគ​លើ​អចលនទ្រព្យ​ធំ​ៗ​នឹង​ងាក​ទៅ​រក​ការ​ប្រើប្រាស់ Blockchain និង​លុយ​ឌី​ជី​ថ​ល (Cryptocurrency) ដើម្បី​កៀរគរ​ប្រមូល​ស្វែងរក​ទុន​ក្នុង​ការ​វិនិយោគ​លើ​អចលនទ្រព្យ ។

មិនតែប៉ុណ្ណោះ បើ​យោង​តាម​ប្រភព​ទីភ្នាក់ងារសារព័ត៌មាន Forbes ទើបតែ​បាន​ចេញផ្សាយ​ថា សហរដ្ឋអាមេរិក​បាន​ប្រើប្រាស់​រូបិយ​បណ្ណ​ឌី​ជី​ថ​ល​គ្រីប​តូ (Cryptocurrency) ក្នុង​ការ​ទិញ​លក់​អចលនទ្រព្យ​រួច​ទៅ​ហើយ ។

សារព័ត៌មាន Forbes ដដែល​ក៏​បានឱ្យ​ដឹងផង​ដែរ​ថា កាលពីដើម​ឆ្នាំ​២០២១​កន្លង​ទៅ​នេះ អភិបាលក្រុង​ម៉ៃ​អា​មី​បាន​ស្នើ​ឱ្យ​ប្រជាជន​បង់ពន្ធ​អចលនទ្រព្យ ឬ​ថ្លៃ​ទីក្រុង​ជាមួយនឹង​រូបិយ​បណ្ណ​គ្រីប​តូ (Cryptocurrency) ។ ហើយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ផ្ទះ​មួយ​កន្លែង​នៅ​ទីក្រុង​ម៉ៃ​អា​មី​បាន​លក់​ទៅ​ឱ្យ​អ្នកទិញ​ម្នាក់​ក្នុង​តម្លៃ 28 លាន​ដុល្លារ​ដោយ​ប្រើប្រាស់​រូបិយ​បណ្ណ​គ្រីប​តូ​ក្នុង​ការ​ទិញ​លក់​អចលនទ្រព្យ​នោះ ។

buy house using cryptocurrency

តាម​រយៈ​សារព័ត៌មាន Forbes បាន​ស្រង់​សម្តី​របស់​អភិបាលក្រុង​ម៉ៃ​អា​មី​ថា ៖«​ថ្ងៃនេះ​ខ្ញុំ​ឃើញ​អ្នកលក់ និង​អ្នក​អភិវឌ្ឍន៍​កាន់តែ​ច្រើន​ឡើង​ទទួលយក​រូបិយ​បណ្ណ​គ្រីប​តូ​ជា​ទម្រង់​នៃ​ការ​ទូទាត់ ។ បួន​ឆ្នាំ​ចាប់ពី​ពេល​នេះ​ទៅ ខ្ញុំ​ព្យាករណ៍​ថា​អចលនទ្រព្យ​ដែល​រួម​បញ្ចូល Blockchain នឹង​ត្រូវ​បាន​អនុវត្ត​នៅ​លើ​កម្រិត​ថ្មី​ទាំងមូល​លើស​ពី​ការ​ទូទាត់​ជា​រូបិយ​បណ្ណ​ឌី​ជី​ថ​ល​» ។

សូម​បញ្ជាក់​ផង​ដែរ​ថា Blockchain គឺជា​ប្រព័ន្ធ​ទិន្នន័យ (Database) មួយ​ប្រភេទ​ដែល​មាន​តួនាទី​បែប​វិមជ្ឈការ (Decentralized) ។ ប្រព័ន្ធ Blockchain អាច​អាច​រក្សា​ទិន្នន័យ​បាន​សុវត្ថិភាព​បាន​ខ្ពស់ ព្រោះ​ទិន្នន័យ​ដដែល​ដូច​គ្នា​ត្រូវ​បាន​គេ​រក្សា​ទុក​នៅ​ច្រើន​កន្លែង ។

Cryptocurrency

ចំណែក​លុយ​ឌី​ជី​ថ​ល ឬ Cryptocurrency ជា​រូបិយ​បណ្ណ​មួយ​ប្រភេទ ដែល​បង្កើត​ឡើង​ដោយ ការ​សរសេរ​កូដ​របស់​អ្នក​បង្កើត​កម្មវិធី​កុំព្យូទ័រ (Programmer) ។ លុយ​នេះ គ្មាន​រូបរាង​អាច​ប៉ះពាល់​បាន​នោះ​ទេ មិនតែប៉ុណ្ណោះ វា​ក៏​គ្មាន​ប្រព័ន្ធ​ធនាគារកណ្ដាល ឬ​ប្រទេស​ណាមួយ​មក​គ្រប់គ្រង និង​ផ្ទៀងផ្ទាត់​រាល់​ប្រតិបត្តិការ​ផ្ញើ​លុយ​ទៅ​មក​បាន​ផង​ដែរ ។ លុយ​ឌី​ជី​ថ​ល ជា​មធ្យោបាយ​នៃ​ការ​ចាយវាយ​សម័យ​ថ្មី ដោយ​ពឹងផ្អែក​ទៅ​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា Blockchain ៕

តើក្នុងពេលអនាគត ​លុយ​ឌី​ជី​ថ​ល ឬ Cryptocurrency អាចប្រើប្រាស់សម្រាប់ទិញ-លក់អចលនទ្រព្យនៅទូទាំងប្រទេសលើពិភពលោកឬយ៉ាងណា?

Comments