+855 92 92 1000
Logo
CBRE Cambodia បានព្យាករថាវិស័យអចលនទ្រព្យកម្ពុជាឆ្នាំ២០២០ នឹងមានសន្ទុះកាន់តែខ្លាំង
Updated on: June 6, 2022, 11:11 p.m.
Published on: January 16, 2020, 12:54 p.m.

CBRE Cambodia បានព្យាករថាវិស័យអចលនទ្រព្យកម្ពុជាឆ្នាំ២០២០ នឹងមានសន្ទុះកាន់តែខ្លាំង


(រូបទេសភាពពីលើអាកាសនៃអគារខ្ពស់ៗក្នុងតំបន់ទន្លេបាសាក់ក្នុងខណ្ឌចំការមន/ Realestate.com.kh) 

របាយការណ៍ព្យាករណ៍ទីផ្សារអចលនទ្រព្យឆ្នាំ២០២០ របស់ ក្រុមហ៊ុន CBRE Cambodia ដែលមានចំណងជើងថា “Fearless Forecast 2020” បានព្យាករថាវិស័យអចលនទ្រព្យរបស់ កម្ពុជានៅក្នុងឆ្នាំ ២០២០​ នឹងមានសន្ទុះកាន់តែខ្លាំង។ ប៉ុន្តែលោក Marc Townsend ប្រធានក្រុមហ៊ុន CBRE Cambodia និងជាវាគ្មិនសំខាន់នៅក្នុងព្រឹត្តិការណ៍នេះ បានក្រើនរំលឹក ថា ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ការកែតម្រូវមួយ ចំនួនចាំបាច់ត្រូវធ្វើឡើងដើម្បីទ្រទ្រង់វិស័យមួយនេះ។

វិស័យអចលនទ្រព្យឆ្នាំ ២០២០ ចាប់ផ្ដើមឡើងជាមួយសន្ទុះវិជ្ជមាន

CBRE Cambodia បានប៉ាន់ស្មានថាកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស កម្ពុជាក្នុងឆ្នាំ២០១៩នឹងមានចំនួនប្រមាណ ៧.១% ។ កំណើននេះគឺបានមកពីការចូលរួម ចំណែកនៃភាពរីកចម្រើនជាបន្តបន្ទាប់នៅក្នុងវិស័យសំណង់ រួមជាមួយវិស័យទេសចរណ៍ និងលក្ខណៈពិសេសៗមួយចំនួនរបស់កម្ពុជា ដែលធ្វើឲ្យកម្ពុជាក្លាយជាទិសដៅវិនិយោគដ៏ មានសក្ដានុពលមួយសម្រាប់វិនិយោគគិនក្រៅស្រុក បើប្រៀបធៀបជាមួយប្រទេសជិតខាង។

យោងតាមរបាយការណ៍របស់ CBRE Cambodia ទុនវិនិយោគក្នុងវិស័យអចលនទ្រព្យ សរុបចំនួន ៩.៣ ពាន់លានដុល្លារអាមេរិក បានហូរចូលមកក្នុងប្រទេសកម្ពុជា លើគម្រោងវិនិយោគសរុបចំនួន ៤.៤៤៦។ ខណៈកម្ពុជាទទួលបានគម្រោងថ្មីដ៏ច្រើនសន្ធឹក សន្ធាប់ លោក Marc Townsend បានលើកឡើងថាមានតែអាជ្ញាប័ណ្ណសាងសង់ ចំនួន ៣ ប៉ុណ្ណោះត្រូវបានចេញសម្រាប់គម្រោងអភិវឌ្ឍន៍ថ្មីនៅក្នុងទីក្រុងហូជីមិញ ខណៈកម្ពុជាបាន ចេញអាជ្ញាប័ណ្ណសាងសង់ចំនួន ៤០៥ កាលពីឆ្នាំមុន ត្រឹមតំបន់ជុំវិញសណ្ឋាគារ Rosewood ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

(លោក​ Marc Townsend, ប្រធានក្រុមហ៊ុន CBRE Cambodia ធ្វើបទបង្ហាញទៅកាន់អ្នកចូលរួមភាគច្រើនជាអ្នកធ្វើការក្នុងវិស័យអចនលទ្រព្យ និង វិនិយោគគិន. Realestate.com.kh)

គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០១៩ ទិន្នន័យរបស់ CBRE Cambodia បានបង្ហាញថា វិស័យខុនដូបានបើកដំណើរការគម្រោងថ្មីចំនួន ២៧ ដែលមាន ១៦.៥០០ យូនីត និងគម្រោងបានបញ្ចប់ចំនួន ១១ ដែលមានចំនួន ៣,៨០០ យូនីត។ ការផ្គត់ផ្គង់ខុនដូនាពេលបច្ចុប្បន្នត្រូវបានបែងចែកជា ប្រភេទលំដាប់ខ្ពស់ (High-End) មាន ២៣% ថ្នាក់កណ្តាល (Mid-Range) មាន ៥៣% និងតម្លៃសមរម្យ​ (Affordable) មាន ២៤% ។ CBRE Cambodia ក៏បានព្យាករថាការផ្គត់ផ្គង់យូនីតខុនដូនៅឆ្នាំ២០២០ នឹងត្រូវបែងចែកជាប្រភេទលំដាប់ខ្ពស់ (High-End)​ ដែលមាន ២៤% ថ្នាក់កណ្តាល (Mid-Range) មាន ៤៦% និងតម្លៃសមរម្យ​ (Affordable) មាន ៣០% ។

ការផ្លាស់ប្តូរឆ្ពោះទៅរកយូនីតដែលមានតម្លៃសមរម្យត្រូវបានគេលើកឡើងថា ដោយសារតែតម្រូវការមានការកើនឡើងក្នុងចំណោមអតិថិជនជាជនជាតិខ្មែរ។ ប្រសិនបើគម្រោងខុនដូមួយចំនួនអាចបញ្ចប់តាមការគ្រោងទុក ក្នុងពេលឆាប់ៗនេះ គេរំពឹងថាវានឹងជំរុញតម្លៃឲ្យធ្លាក់ចុះនៅគ្រប់ផ្នែកទាំងអស់នៃទីផ្សារ។

របាយការណ៍នេះក៏បានបញ្ជាក់ផងដែរថា ប្រាក់កម្ចីទិញផ្ទះបានកើនឡើងដល់ ៣០ ភាគរយ នៅឆ្នាំ ២០១៩ ពោលគឺកើនឡើងពី ២.៩ពាន់លានដុល្លារទៅដល់ ៣.៤ ពាន់លានដុល្លារអាមេរិក។ ក្នុងពេលជាមួយគ្នា ប្រាក់កម្ចីអតិថិជនបានកើនឡើងពី ៦.២ ពាន់លានដុល្លារ ទៅ ៧.១ ពាន់លានដុល្លារ។ CBRE Cambodia បញ្ជាក់ថាការកើនឡើងនៃទំហំប្រាក់កម្ចីទាំងនេះ ដោយសារតែកំណើនតម្លៃអចលនទ្រព្យ ការផ្លាស់ប្តូររបៀបរស់នៅរបស់ប្រជាជនកម្ពុជា និងការកើនឡើងនៃការប្រកួតប្រជែងនៅក្នុងវិស័យធនាគារ។

(រូបភាពពីលើអាកាសនៃសមុទ្រ និង អគារខ្ពស់ៗដែលកំពុងត្រូវបានសាងសង់ក្នុងខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន / Realestate.com.kh)

មូលនិធិអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាត្រូវបានបែបចែកទៅលើផ្នែកផ្សេងៗគ្នា។ លោក Marc Townsend បានលើកឡើងថាក្រុមហ៊ុនទាំងនេះមិនមានវត្តមាននៅក្នុងទីផ្សារកម្ពុជាក្នុង រយៈពេលជិតមួយទសវត្សរ៍មុន ប៉ុន្តែនៅក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុនទាំងនេះបានធ្វើពិពិធកម្ម ទៅជាប្រាក់កម្ចី ផ្នែកសំណង់ រចនាសម្ព័ន្ធមូលនិធិផ្លូវការ និងក្រៅផ្លូវការ (formal & informal fund structures) ផ្សារមូលបត្រ(IPOs) ប្រាក់កម្ចីពីបរទេស (off-shore lending) ការប្រមូលមូលនិធិពីប្រភពផ្សេងគ្នាច្រើន (crowd-funding) និង កម្ចីសម្រាប់ក្រុមហ៊ុនថ្មីថ្មោង (venture capitals)។

ជារួមកម្ពុជានៅតែជាទិសដៅវិនិយោគដ៏ទាក់ទាញ បើប្រៀបធៀបជាមួយប្រទេសជិតខាង។ ជាក់ស្តែង ទិន្នន័យពីក្រុមហ៊ុន CBRE Cambodia រកឃើញថា តម្លៃដីធ្លីនៅទីក្រុងហូជីមិញ គិតត្រឹមត្រីមាសទី ៤ ឆ្នាំ ២០១៩ កើនឡើងដល់ ៣ ម៉ឺនដុល្លារក្នុងមួយម៉ែត្រការ៉េ នៅក្នុងតំបន់កណ្តាលក្រុង បើប្រៀបធៀបនឹងតំបន់ដូនពេញ តម្លៃជាមធ្យមត្រឹម ៦,០០០ ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ។

ទាំងនេះគ្រាន់តែជាទិន្នន័យរួមមួយចំនួនដែលបង្ហាញថាសេដ្ឋកិច្ចកម្ពុជាត្រូវបានគេរំពឹងថា នឹងបន្តមានកំណើននៅឆ្នាំ២០២០ នេះ។

បញ្ហាប្រឈមក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា

នៅក្នុងវគ្គសំណួរចម្លើយ មានការលើឡើងពីបញ្ហាធំៗចំនួន ២ គឺការដកប្រព័ន្ធអនុគ្រោះពន្ធពី កម្ពុជា និង​ការគំរាមកំហែងនៃការផ្គត់ផ្គង់លើសតម្រូវការ ដែលអាចជះឥទ្ធិពលអវិជ្ជមាន ដល់ទីផ្សារ។
ក្នុងចំណោមអ្នកចូលរួមដែលបានផ្តល់ការស្ទង់មតិ ភាគច្រើនបានយល់ស្របថាការដក EBA នឹងមានឥទ្ធិពល “មធ្យម” ទៅលើសេដ្ឋកិច្ចកម្ពុជា។ ទោះបីវាអាចនឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យអចលនទ្រព្យ ក៏ដោយ ប៉ុន្តែគ្មាននរណាម្នាក់ដឹងថាតើនឹងមានអ្វីកើតឡើងនោះទេរហូតទាល់តែបញ្ហាកើតឡើងជាក់ស្តែង នេះបើយោងតាមវាគ្មិន។

(អគារខ្ពស់ៗរីកដុះដាលដូចផ្សិតក្នុងខេត្តព្រះសីហនុ/ Realestate.com.kh) 

ទាក់ទងនឹងបញ្ហានៃការផ្គត់ផ្គង់លើសតម្រូវការ លោក Marc Townsend ផ្តល់ជាគំនិតថា ប្រសិនបើមានការផ្គត់ផ្គង់លើសតម្រូវការ ហេតុអ្វីតម្លៃនៅតែបន្តកើនឡើង? លោកបានលើក យកប្រទេសវៀតណាមជាឧទាហរណ៍មួយ នៅពេលដែលប្រទេសនេះបានក្លាយជាទិសដៅនៃ ការបណ្តាក់ទុនអចលនទ្រព្យ ហើយពេលនោះរាជរដ្ឋាភិបាលបានបន្ធូរបន្ថយផ្នែកច្បាប់ ស្តីពីភាពជាកម្មសិទ្ធិរបស់ជនបរទេស។ កត្ដានេះបានជំរុញទីផ្សារអចលនទ្រព្យក្នុងប្រទេស វៀតណាមឲ្យឈានឡើងទៅដល់ចំណុចកំពូល។ វិស័យអចលនទ្រព្យនៅកម្ពុជាក៏អាចនឹងឡើងទៅដល់កំរិតនេះផងដែរ។

(អគារខ្ពស់ៗមានដូចជា ខុនដូ អផាតមិន និង សណ្ឋាគារ នៅប្របឆ្នេរឯករាជ្យក្នុងខេត្តព្រះសីហនុ / Realestate.com.kh) 

Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។

សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះ

សូមទំនាក់ទំនងទៅកាន់៖

នីន កាំង (ខ្មែរ និង ចិន)
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh 

Tyler Stuart (English)
+855 12 599 699
+855 81 599 669
tyler.stuart@realestate.com.kh

អត្ថបទដោយ

 

Comments