ក្រុមហ៊ុនកាស៊ីណូដូណាកូ របស់អូស្រ្តាលី ដែលគ្រប់គ្រងអាជីវកម្មកាស៊ីណូនៅប៉ោយប៉ែត បានប្រកាសនៅថ្ងៃអង្គារនេះពីការតែងតាំងនាយកប្រតិបត្តិថ្មីឈ្មោះ Paul Arbuckle ដោយផ្តល់ប្រាក់បៀវត្យ ២៧.៩ ម៉ឺនដុល្លារក្នុងមួយឆ្នាំ និងត្រៀម ២៧.៩ ម៉ឺនដុល្លារផ្សេងទៀតសម្រាប់រង្វាន់លើកទឹកចិត្ត។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុននៅថ្ងៃអង្គារនេះ។
ក្រុមហ៊ុនអាជីវកម្មកាស៊ីណូដូណាកូ ដែលចុះបញ្ជីក្នុងផ្សារភាគហ៊ុនរបស់អូស្រ្តាលី (ASX) បានចេញផ្សាយសេចក្តីប្រកាសមួយនៅថ្ងៃនេះ ស្តីពីការតែងតាំង លោក Paul ជានាយកប្រតិបត្តថ្មី ដោយមានប្រសិទ្ធភាពអនុវត្តន៍ចាប់ពីថ្ងៃពុធទី១២ មិថុនាទៅ។ តាមរយៈតួនាទីថ្មីនេះ លោក Paul នឹងត្រូវគ្រប់គ្រងឲ្យបានដិតដល់ដំណើរការអាជីវកម្មសណ្ឋាគារ និងកាស៊ីណូ Star Vegas នៅប៉ោយប៉ែត ហើយនិងអាជីវកម្មសណ្ឋាគារ និងកាស៊ីណូ Aristo International Hotel នៅវៀតណាមដែលមានព្រំប្រទល់ជាប់ប្រទេសចិន។
លោកបានថ្លែងនៅក្នុងសេចក្តីជូនដំណឹងរបស់ដូណាកូថា៖«ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការសម្រេចកិច្ចការនិងជំនះបញ្ហាប្រឈមនៅដូណាកូ។ ក្រុមហ៊ុនដូណាកូ មានក្រុមហ៊ុនបុត្រសម្ព័ន្ធពីរដែលមានតម្លៃនិងមានឱកាសចំណេញ ហើយខ្ញុំមានទំនុកចិត្តថាបទពិសោធរបស់ខ្ញុំក្នុងការដំណើរការអាជីវកម្មកាស៊ីណូ នឹងជួយធ្វើឲ្យក្រុមហ៊ុនមានដំណើរការល្អ»។
លោកបន្តថា៖«ខ្ញុំបានឃើញពីសក្តានុពលនៃអាជីវកម្មនេះតាមរយៈការបំពេញតម្រូវការអតិថិជនពីថៃ និងចិន និងប្រទេសផ្សេងៗ»។
ក្រុមហ៊ុនកាស៊ីណូដូណាកូរបស់អូស្រ្តាលី បច្ចុប្បន្នមានក្រុមហ៊ុនបុត្រសម្ព័ន្ធពីរគឺមួយនៅប៉ោយប៉ែតនៅកម្ពុជា និងក្រុមហ៊ុនកាស៊ីណូនៅវៀតណាម។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន អាជីវកម្មធំជាងគេរបស់ក្រុមហ៊ុនដូណាកូគឺ Star Vegas Resort & Club ដែលជាក្រុមហ៊ុនសណ្ឋាគារ និងកាស៊ីណូនៅប៉ោយប៉ែត ដែលនៅជាប់ព្រំប្រទល់កម្ពុជា-ថៃ។ Star Vegas Resort & Club មានតុភ្នាល់ល្បែង ១០០ តុ ស្លុតម៉ាស៊ីន ១,៥០០ និង បន្ទប់សណ្ឋាគារ ៣៨៥ បន្ទប់។
មុននឹងមកកាន់តំណែងនៅ ដូណាកូ នាពេលនេះ លោក Paul ធ្លាប់ធ្វើជានាយកប្រតិបត្តិនៅកាស៊ីណូ Star Gold Coast មានទីតាំងនៅប្រទេសអូស្ត្រាលី និង Resorts World Sentosa នៅសិង្ហបុរី៕
ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅប៉ោយប៉ែត សូមចូលទៅកាន់ Realestate.com.kh!
Comments