+855 92 92 1000
Logo
អគារ​ការិយាល័យ​កើន​ឡើង​ ស្របពេល​ការវិនិយោគពីបរទេសឈានជើងចូលកម្ពុជា
Updated on: June 6, 2022, 5:02 p.m.
Published on: July 23, 2019, 8:30 a.m.

អគារ​ការិយាល័យ​កើន​ឡើង​ ស្របពេល​ការវិនិយោគពីបរទេសឈានជើងចូលកម្ពុជា


ការ​ផ្គត់​ផ្គង់​អគារ​ការិយាល័យនៅ​ភ្នំពេញបានបន្តកើនឡើង​​យ៉ាង​ខ្លាំងនៅ​ឆ្នាំ​នេះ​ ដោយសារកំ​ណើន​​ចំនួនក្រុមហ៊ុនថ្មី​ចូល​ធ្វើ​អាជីវ​កម្ម​នៅ​កម្ពុជា ជា​ពិសេស​ក្រុម​ហ៊ុន​​វិនិយោគផ្ទាល់​ពី​​​បរទេស។

យោងតាមរបាយការណ៍ថ្មីមួយពីក្រុមហ៊ុនផ្គត់​ផ្គង់​សេវា​អចលនទ្រព្យ CBRE អគារ​ការិយា​ល័យ​នៅ​ភ្នំពេញ​បាន​កើន​ដល់​​ផ្ទៃ​ក្រ​លា​សរុប​ ៣៥៩,៣០០ ម៉ែត្រ​ការ៉េ (បូ​ក​បញ្ចូល​ស្តុក​ដែល​មាន​ស្រាប់​តាំង​ពី​ឆ្នាំ​កន្លង​ទៅ​) គិត​ត្រឹម​ដំ​ណាច់​ខែមិថុនាឆ្នាំ​នេះ គឺ​កើន​ឡើង​ ១២​ ភាគរយពីត្រឹម​ ៣២០,៩០០ ម៉ែត្រការ៉េ​​កាល​ពី​ដំ​ណាច់​ខែ​មិថុនា​​​ឆ្នាំ​ ២០១៨។

កញ្ញា​ គីម គីន​កេសា​ អ្នកវិភាគជាន់ខ្ពស់របស់ CBRE បានឲ្យ​ដឹង​ថា​​តម្រូវការ​ការិយាល័យអាជី​វកម្ម​បាន​កើន​ឡើងគួរ​ឲ្យ​កត់​សម្គាល់​​​នៅ​​ភ្នំពេញក្នុងប៉ុន្មានឆ្នាំចុង​ក្រោយ​​នេះ ស្របពេល​ការ​ផ្គត់​ផ្គង់​បាន​កើន​ឡើង​យ៉ាង​ខ្លាំង។ ​កញ្ញា​បាន​លើក​ឡើង​ថា ​អត្រាអ្នកជួលមាន​រហូត​ដល់ទៅ ៨៥ ភាគរយ នៃការ​ផ្គត់​ផ្គង់​សរុប។​

កញ្ញា​​ កេសា​ បានបញ្ជាក់ថា៖​ «​ក្រុម​ហ៊ុន​សួរ​ព័ត​មាន​ដើម្បី​ជួល​ទី​តាំង​​ភាគច្រើនដែលយើងបានទទួលក្នុងរយៈពេល ១២​ ខែចុងក្រោយនេះគឺមកពីក្រុមហ៊ុនអន្តរជាតិមកពីប្រទេសចិន សិង្ហបុរី ជប៉ុន ម៉ាឡេស៊ី និងបណ្តាប្រទេសផ្សេងទៀតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក»។ កញ្ញា​បន្ត​ថា​ ក្រុមហ៊ុនភាគច្រើនកំពុងស្វែងរកការិយាល័យដែល​មាន​ផ្ទៃ​ក្រ​លា​​ចន្លោះ​ពី ១០០ ម៉ែត្រ​កា​រ៉េ ទៅ ៣០០ ម៉ែត្រ​ការ៉េ។

យោង​តាម​ CBRE ក្នុង​អំ​ឡុង​ពេល​ពី​ខែ មក​រា ដល់ ខែ​មិ​ថុនា ឆ្នាំ​នេះ ការ​ជួល​ផ្ទៃ​ក្រ​លា​សម្រាប់​ការិយា​ល័យ​សរុប មាន​​ទំហំ ៦,៥០០ ម៉ែត្រ​ការ៉េ កើន​ឡើង​​ពីរដងពី​ត្រឹម ៣,១០០ ម៉ែត្រ​កា​រ៉េ ក្នុង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ ២០១៨។

របាយការណ៍របស់ក្រុមហ៊ុននេះបានកំ​ណត់​ប្រ​ភព​​ការិយាល័យជា​បី​ថ្នាក់ រួម​មាន​កម្រិត A កម្រិត​ B និងកម្រិត​ C។ យោងទៅតាមកញ្ញា កេសា ការិយាល័យ​លំដាប់ C មានអត្រាទំនេរទាបជាង​គេ ដោយ​មាន​ត្រឹម 7 ភាគរយ​ប៉ុណ្ណោះ​ តែ​និន្នា​ការ​ថ្មី​មួយ​​បាន​កើត​ឡើង​ដោយ​សារ​​តម្រូវការកំពុងផ្លាស់ប្តូរឆ្ពោះទៅរកការិយាល័យកម្រិត B។

Chat of the number of total office space

ស្រ​ប​ពេល​មាន​កំ​ណើន​អគារ​ការិយា​ល័យ ​ការផ្គត់ផ្គង់អគារប្រ​ភេទ​នេះ​ក៏​កំ​ពុងមាន​ភាព​ចម្រុះ ​និង​សំ​បូរ​បែប​ជាង​មុន​ដែរ គឺ​អគារ​ការិយា​ល័យ​ប្រ​ភេទ​សហ​កម្ម​សិទ្ធ​។

យោងតាមរបាយការណ៍របស់ CBRE អគារ​ការិយាល័យសហ​កម្ម​សិទ្ធ​បានបង្ហាញខ្លួននៅរាជធានីភ្នំពេញកាលពីឆ្នាំមុន។ បច្ចុប្បន្ននេះមានការិយាល័យ​ប្រ​ភេទ​នេះ​​ចំ​នួន​សរុប​ ៤ ម៉ឺនម៉ែត្រការ៉េក្នុងរាជធានី។

ទោះយ៉ាងណាចំនួនសរុបត្រូវបានគេរំពឹងថានឹងឈានដល់ជិត ១០០,០០០ ម៉ែត្រការ៉េនៅចុងឆ្នាំនេះ ហើយ​នឹង​បន្ត​កើន​ដល់​ ៦០០,០០០ ម៉ែត្រការ៉េនៅឆ្នាំ ២០២២ ។

លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា​បានមានប្រសាសន៍ថាការបន្តរីកលូតលាស់នៃការិយាល័យនៅកម្ពុជាឆ្លុះបញ្ចាំងពីសកម្មភាពរីកចម្រើន​ការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) និង​បង្ហាញ​ថា​​ក្រុមហ៊ុនថ្មីនៅតែបន្តបង្កើតខ្លួននៅកម្ពុជា។

លោកបន្តថា៖ ​«​​បរិយាកាសវិនិយោគនៅកម្ពុជានៅតែមានភាពទាក់ទាញ ហើយយើងទទួលបានព័ត៌មានអំពីក្រុមហ៊ុនថ្មីដែលបង្កើតថ្មី​​ស្ទើរតែរៀងរាល់ថ្ងៃ»៕

របាយ​ការណ៍​របស់​ CBRE មិន​បាន​រាប់​បញ្ចូល​ការិយាល័យធ្វើការរួមគ្នា (co-working space) ទេ ស្រ​ប​ពេល​ទី​តាំង​ការិយាល័យធ្វើការរួមគ្នាក៏​កំ​ពុង​ពេញនិយមដែរ​នៅ​ភ្នំ​ពេញ​ ជា​ពិ​សេស​សម្រាប់​​​ក្រុមហ៊ុនទើបបង្កើតថ្មីដែល​ត្រូវ​ការ​​កន្លែងធ្វើការតូចៗ និង​មាន​ថ្លៃ​ឈ្នួល​ទាប។

ស្វែងរកការិយាល័យសម្រាប់ជួលនៅក្នុងទីក្រុងភ្នំពេញ ខុនដូសម្រាប់លក់នៅក្នងទីក្រុងភ្នំពេញ នៅថ្ងៃនេះ! 

 

 

 

 

Comments