(រូបភាពពីលើអាកាសនៃមាត់សមុទ្រខេត្តព្រះសីហនុ / Realestate.com.kh)
អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានបង្ហាញពីសុទិដ្ឋិនិយមចំពោះវិស័យអចលនទ្រព្យកម្ពុជា ហើយវិស័យនេះនឹងនៅតែបន្តភាពរីកចម្រើនទៅមុខ។ ក្នុងនោះតម្លៃអចលនទ្រព្យនឹងនៅតែបន្តកើនឡើង ដោយគិតជាមធ្យម កើនពី ១០% ទៅ ១៥% ជារៀងរាល់ឆ្នាំ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា មើលឃើញថា តម្លៃអចលនទ្រព្យនឹងបន្តឡើងថ្លៃពី ១០% ទៅ ១៥% ប្រចាំឆ្នាំ ដោយផ្នែកលើ កត្តាចំនួន ៣ ក្នុងនោះរួមមាន វិស័យលំនៅដា្ឋន វិស័យដីធ្លី និងប្រតិបត្តិការទិញ និងជួលដែលនឹងបន្តមានដំណើរការយ៉ាងសកម្មនៅពេលអនាគត។
តម្លៃអចលនទ្រព្យធៀបនឹងប្រទេសជិតខាង
( The Peak ជាគម្រោងអភិវឌ្ឍចម្រុះរួមមាន អាផាមិន សណ្ឋាគារ ភោជនីដ្ឋាន និង ផ្សារទំនើប ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ទន្លេបាសាក់)
អ្នកជំនាញជាច្រើនបានមើលឃើញដូចៗគ្នាថា កម្ពុជាមានកម្រិតតម្លៃអចលនទ្រព្យទាបនៅឡើយ បើធៀបនឹងប្រទេសជិតខាង ដូចជា៖ ប្រទេសថៃ វៀតណាម និងបណ្ដាប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ាននេះ។
លោក ខន គង្គារ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA ប្រចាំកម្ពុជា ធ្លាប់បាន លើកឡើងថា តម្លៃអចលនទ្រព្យនៅកម្ពុជាបន្តកើនឡើងជានិច្ច ប៉ុន្តែបើប្រៀធៀបនឹង ប្រទេសជិតខាង តម្លៃនេះនៅតែមានកម្រិតទាបនៅឡើយ។ ជាក់ស្តែង នៅ សិង្ហបុរី ខុនដូមានតម្លៃ ១៦,០០០ ដុល្លារទៅ ១០០,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ខុនដូនៅ វៀតណាមមានតម្លៃពី ៣,៥០០ ទៅ ៥,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នៅភូមាមានតម្លៃពី ៣,៤០០ ដុល្លារឡើងទៅ និង ថៃមានតម្លៃមធ្យមចាប់ពី ៥,០០០ ដុល្លារឡើងទៅ។
តម្លៃខុនដូនៅកម្ពុជា
លោកស្រី អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បានលើកឡើងថា នៅក្នុងឆ្នាំ២០១៩ ខុនដូតម្លៃសមរម្យមានតម្លៃចន្លោះពី ១,២០០ ដុល្លារ ទៅ ១,៥០០ ដុល្លារ ឡើងទៅក្នុងមួយម៉ែត្រការ៉េ និងខុនដូថ្នាក់កណ្តាលមានតម្លៃពី ១,៥០០ ទៅ ២,៥០០ ដុល្លារជាងក្នុងមួយម៉ែត្រការ៉េ និងខុនដូតម្លៃខ្ពស់មានតម្លៃចាប់ពី ៣,០០០ ដុល្លារ/ម៉ែត្រការ៉េ។
បើយោងតាមរបាយការណ៍របស់ CBRE Cambodia ឆ្នាំ២០២០ នេះវិញ CBRE Cambodia រំពឹងថា ទីផ្សារខុនដូ នឹងកើនឡើង ៥៥ ភាគរយ ក្នុងនោះ ទីផ្សារខុនដូតម្លៃសមរម្យ (affordable) មានភាពទាក់ទាញខ្លាំងជាងគេក្នុងចំណោមអតិថិជនក្នុងស្រុក។
(រូបភាពនៃអាផាតមិននៅក្នុងគម្រោង The Peak)
តម្រូវការលំនៅដ្ឋាននៅកម្ពុជា
បើនិយាយអំពីតម្លៃផ្ទះទូទៅវិញ មិនថា វីឡា ឬផ្ទះក្នុងបុរីនោះទេ គឺនៅមិនទាន់ឈានដល់កម្រិត ខ្ពស់បំផុតនៅឡើយ ស្របពេលដែលតម្រូវការសរុបត្រូវបានគេប៉ាន់ស្មានថាមានប្រមាណជាង ៨០ ម៉ឺនខ្នង គិតចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០៣០ ពោលគឺប្រមាណជាង ៥ ម៉ឺនខ្នង ក្នុងមួយឆ្នាំៗ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោក តេង រឹទ្ធី ស្ថាបនិកក្រុមហ៊ុន R’ Investment Group បានលើកឡើងថា តម្រូវការបានធ្វើឲ្យតម្លៃអចលនទ្រព្យមានសន្ទុះខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។ លោកបានពន្យល់ថា ដោយសារកំណើនសេដ្ឋកិច្ចទើប ធ្វើឱ្យអ្នកទិញមានលទ្ធភាពទិញលំនៅដ្ឋាន។
ក្នុងចំណោមផ្ទះទាំងអស់ ផ្ទះតម្លៃសមរម្យ ដែលមានតម្លៃក្រោម ៥ ម៉ឺនដុល្លារ នឹងមានតម្រូវការច្រើនជាងគេ ដោយមូលហេតុថា ប្រជាជនមួយផ្នែកធំជាអ្នកមានចំណូលមធ្យម។
(Morgan EnMaison គឺជាគម្រោងអភិវឌ្ឍចម្រុះ រួមមានអគារសា្នក់នៅលំដាប់ខ្ពស់ ផ្សារទំនើប ទីធ្លាពាណិជ្ជកម្ម និង កន្លែងកំសាន្ដជាច្រើនផ្សេងទៀត)
យោងតាមការស្ទង់មតិអចលនទ្រព្យឆ្នាំ ២០១៩ របស់ Realestate.com.kh ក្នុងចំណោមអ្នកផ្តល់ចម្លើយជាង ២០០០ នាក់ បានបង្ហាញថា ប្រហែល ៤០% នៃអ្នកផ្ដល់ចម្លើយទាំងអស់ ចាប់អារម្មណ៍ចង់ទិញផ្ទះតម្លៃក្រោម ៥ ម៉ឺនដុល្លារ និងមាន ២៦% ចាប់អាម្មណ៍ទិញផ្ទះតម្លៃ ៥ ម៉ឺន ទៅ ៧.៥ ម៉ឺន ។
(ទិដ្ឋភាពនៃបន្ទប់ទទួលភ្ញៀវនៅក្នុងអគារស្នាក់នៅលំដាប់ខ្ពស់នៃគម្រោង Morgan EnMaison)
នេះយើងមើលឃើញថា ផ្ទះតម្លៃក្រោម ៧៥,០០០ ដុល្លារ ជាទីផ្សារដ៏ធំនៅកម្ពុជា។
កត្តាសំខាន់ៗនៃលំហូវិនិយោគនៅកម្ពុជា
ទាំងអ្នកជំនាញ និងភាគីរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង គៀងគររកវិនិយោគបរទេសឲ្យបន្តបោះទុននៅកម្ពុជា។ ប៉ុន្តែតើអ្វីជាចំណុចគន្លឹះដែលអាចទាក់ទាញវិនិយោគិនឲ្យចូលមកកម្ពុជា? យោងតាមអ្នកជំនាញផ្នែកវិនិយោគ កម្ពុជាមានសក្ដានុពល៦ចំណុចសំខាន់ៗដែលអាចទាក់ទាញវិនិ យោគគិនបរទេសឲ្យមកធ្វើការវិនិយោគបន្ថែមនៅកម្ពុជា។ សក្ដានុពលទាំងនោះរួមមាន៖
១. គោលនយោបាយរាជរដ្ឋាភិបាល
រាជរដ្ឋាភិបាលកម្ពុជាបង្កើតគោលនយោបាយដែលគាំទ្រទាំងស្រុងដល់ដំណើរការរបស់ក្រុមហ៊ុន ឯកជនដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ នេះមានន័យថារដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឲ្យមានការគ្រប់គ្រងក្រុមហ៊ុន១០០% តែម្តង ដោយមិនមានការចែកចំណែកភាគហ៊ុន [៤៩% និង ៥១%] ដូចមុនទៀតឡើយ។
២. ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា
ប្រទេសកម្ពុជាមានកំណើន GDP ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤ ក្នុងពិភពលោក និងជាប្រទេសដែលមានកំណើតសេដ្ឋកិច្ចខ្ពស់ជាងគេនៅតំបន់អាស៊ី។ លើសពីនេះទៅទៀត កម្ពុជាក៏អាចរក្សាកំណើនសេដ្ឋកិច្ចចំនួន ៧% រយៈពេល ៦ ឆ្នាំជាប់គ្នា។
៣. ស្ថេរភាពនយោបាយ
បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗនៅក្នុងតំបន់ គោលនយោបាយរបស់កម្ពុជាមានស្ថេរភាពជាងគេ។
៤. ចំនួនប្រជាជន
កម្ពុជាមានយុវជនប្រមាណ ៧០% ដែលជាកម្លាំងពលកម្មដ៏មានសក្តានុពល ច្រើនសម្រាប់ការធ្វើការងារ ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ច។ ចំណែកតម្លៃពលកម្មវិញក៏នៅមានកម្រិតទាបផងដែរ បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗក្នុងតំបន់។ ដូច្នេះកត្តាទាំងអស់នេះបានរួមចំណែកក្នុងការធ្វើឲ្យវិនិយោគិនពិចារណាពីកម្ពុជា។
៥. តម្លៃអចលនទ្រព្យ
ចំពោះតម្លៃអចលនទ្រព្យវិញ បើទោះបីជាតម្លៃមានការកើនឡើងក៏ដោយ ប៉ុន្តែបើប្រៀធៀបនឹងប្រទេសជិតខាងតម្លៃអចលនទ្រព្យនៅកម្ពុជានៅមានកម្រិតទាបនៅឡើយ។ នៅកម្ពុជា គម្រោងខុនដូមួយចំនួនមានតម្លៃក្រោម ២,០០០ ដុល្លារប៉ុណ្ណោះក្នុងមួយមែត្រការ៉េ។
៦. អតិផរណា
បើប្រៀបធៀបកម្រិតអតិផរណា កម្ពុជាស្ថិតក្នុងកម្រិត ២.៨% ទាបជាងប្រទេសជិតខាង ដូចជា ម៉ាឡេស៊ី និងវៀតណាម ដែលកើតឡើងរហូតដល់ ៦.៨%។ ដូច្នេះសម្រាប់អ្នកវិនិយោគ គេអាចពិចារណាលើចំណុចទាំងនេះ ដែលជាឳកាសល្អសម្រាប់ការវិនិយោគនៅប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះ
សូមទំនាក់ទំនងទៅកាន់៖
នីន កាំង (ខ្មែរ និង ចិន)
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh
Tyler Stuart (English)
+855 12 599 699
+855 81 599 669
tyler.stuart@realestate.com.kh
អត្ថបទដោយ
Comments