+855 92 92 1000
Logo
Cambodia mortgages surpass US$3 billion
Updated on: June 6, 2022, 5:02 p.m.
Published on: June 13, 2019, 7:04 a.m.
Realestate News

ការិយាល័យឥណទាន​កម្ពុជា៖ ទឹក​ប្រាក់​ដែល​ប្រ​ជា​ជន​ខ្ចី​​​​ទិញ​ផ្ទះកើន​ដល់​ជាង ៣ ពាន់​លាន​ដុល្លារ​ហើយ


Cambodia mortgages surpass $3billion

កម្ចី​ទិញ​អចលន​ទ្រព្យ​ដែល​ផ្តល់​ដោយ​គ្រឹះ​ស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បានបង្ហាញ​ពី​កំណើន​ខ្លាំង​​​នៅ​ដើម​ឆ្នាំ ២០១៩ នេះ​​ ជា​និន្នា​ការ​មួយ​ដែល​អ្នក​ជំ​នាញ​​​លើក​ឡើង​ថា​ដោយ​សារ​កំណើន​ការ​វិ​និយោគ និង​ភា​ព​រឹង​មាំ​​របស់​​វិ​​ស័យ​អចលន​ទ្រព្យ​កម្ពុជា។

យោង​តាម​របាយ​ការណ៍​​ចុង​ក្រោយ​របស់​ការិយា​ល័យ​ឥណទាន​កម្ពុជា​ (CBC)​ ទំ​ហំ​​​កម្ចី​ដែល​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​ផ្តល់​ឲ្យ​ទៅ​វិ​ស័យ​​អចលនទ្រព្យ​បាន​កើន​ដល់​​ជិត ៣.២ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ដំ​ណាច់​ខែ​មី​នា​ឆ្នាំ​ ២០១៩ នេះ គឺ​កើន​ឡើង​ ៣៤ ភាគរយ​ពី​ត្រឹម​ ២.៣៦ ពាន់​លាន​ដុល្លារ​ពី​កាល​ពី​ដំ​ណាច់​ខែ​មី​នា​ឆ្នាំ ២០១៨។

លោក អឿ សុធារ័ត្ន ប្រ​ធាន​នាយក​ប្រតិបត្តិ​នៃ​ការិយា​ល័យ​ឥណ​ទាន​កម្ពុជា​​បាន​ប្រាប់ Realestate.com.kh ៖ «​ដំ​ណើរ​ការ​នៃ​ការ​ផ្តល់​កម្ចី​ផ្នែក​អចលន​ទ្រព្យ​ដែល​ផ្តល់​ដោយ​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ គឺ​មាន​ភាពល្អ​ប្រ​សើ​រ​នៅ​ទី​ផ្សារ​កម្ពុជា​។ និន្នា​ការ​នៃ​ការ​កើន​ឡើង​នេះ​គឺ​មាន​ល្បឿន​ប្រ​ហែល​ឆ្នាំ​មុន​ដែរ​ ហើយ​ក៏​ស្រប​តាម​កំណើន​នៃ​វិ​ស័យ​នេះ​»។

កម្ចី​ដែល​បាន​​​ផ្តល់​ឲ្យ​ទៅ​វិ​ស័យ​​អចលនទ្រព្យគឺ​ជា​ផ្នែក​មួ​យ​នៃការ​កត់​ត្រា​របស់​​​ CBC ស្តី​ពី​ សន្ទស្សន៍​ឥណទានប្រើ​ប្រាស់​​លក្ខណៈ​បុគ្គល​ ដែល​ផ្តោត​លើ​ឥណ​ទាន​បី​ប្រ​ភេទ​រួម​មាន​ហិរញ្ញវត្ថុផ្ទាល់ខ្លួន (Personal Finance Loans) កម្ចីអចលនទ្រព្យ (Mortgage Loan) ប័ណ្ណឥណទាន (Credit Card Loans)។​

កម្ចី​អចលនទ្រព្យដែល​ពល​រដ្ឋ​កម្ពុជា​បានខ្ចី​ជាក់​ស្តែង​អាច​មាន​ច្រើន​ជាង​នេះ​ប្រ​សិន​បើ​រាប់​បញ្ចូល​តាំង​ការ​ទិញ​ផ្ទះ​បង់​រំ​លស់​ពី​ម្ចាស់​បុរី ឬ ក្រុម​ហ៊ុន​អភិវឌ្ឍន៍​លំ​នៅ​ដ្ឋាន​ផ្ទាល់​ដែល​ការ​ទទួល​កម្ចី​ប្រភេទនេះ​ក៏​កំ​ពុកើន​ឡើង​ដែរ​។ តាម​លោក​ សុធារ័ត្ន​ទំ​ហំ​ជិត ៣,២ ពាន់​លាន​ដុល្លារនេះគឺ​រាប់​តែ​ក្នុង​កម្ចី​ពី​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ ហើយ​ CBC មិន​ទាន់​បាន​រាប់​បញ្ចូល​កម្ចី​ទិញ​ផ្ទះ​ដែល​អតិ​ថិ​ជន​បង់​រំ​លស់​ពី​បុរី​នៅ​ឡើយទេ។

លោក សន សៀប ស្ថាបនិក​ និង​ជា​អគ្គនាយក​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​ ឃី រៀល អ៊ីស្ទេត បាន​លើក​ឡើង​នៅ​ថ្ងៃ​ព្រហស្បត្តិ​ថា តម្រូវ​ការ​ផ្ទះ​នៅកម្ពុជា​នៅ​តែ​បន្ត​កើន​ឡើង​ ដោយ​សារ​ កំ​ណើន​ប្រ​ជា​ជន​ថ្នាក់​កណ្តាល និង​គូរ​ស្រ​ករ​វ័យ​ក្មេង​ដែល​មាន​លទ្ធភាព និង​ជីវ​ភាព​ល្អ​ជាង​មុន។

លោក​បន្ត​ថា កំ​ណើន​ដ៏​ខ្លាំង​នេះ​បង្ហាញ​ថា​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​មាន​ទំ​នុក​ចិត្ត​ខ្ពស់​ចំ​ពោះ​វិ​ស័យ​នេះ​ ហើយ​អាច​យល់​ឃើញ​ថា​ការ​បង្កើន​ការ​ផ្តល់​កម្ចី​ទៅ​វិ​ស័យ​នេះ​គឺ​មាន​សុវត្ថិ​ភាព។

លោក​បញ្ជាក់ថា​៖​«​តម្លៃ​ផ្ទះ​ និង​អចលនទ្រព្យ​តែង​តែ​កើន​ឡើង​ជា​លំ​ដាប់​ ហើយ​កត្តា​នេះ​អាច ​ធ្វើ​ឲ្យ​អ្នក​ផ្តល់​កម្ចី​ដឹង​ថា​ដាក់​លុយ​ក្នុង​វិ​ស័យ​នេះ​មាន​សុវត្ថិ​ភាព និង​មាន​ឱ​កាស​ចំ​ណេញ»។

លោក​បន្ត​ថា​ រដ្ឋា​ភិបាល​បាន​បន្ត​អភិវឌ្ឍន៍​ហេដ្ឋ​រច​នា​សម្ព័ន្ធ​ដូច​ជា​ផ្លូវ បណ្តាញ​ទឹក បណ្តាញ​អគ្គីសនី ដែល​កត្តា​នេះ​បាន​ជួ​យ​ជំរុញ​តម្លៃ​អចលន​ទ្រព្យ​ឲ្យ​បន្ត​កើន​ឡើង​។

លោក​អះ​អាង​ថា​៖​«​កាល​ណា​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តែ​អភិវឌ្ឍន​​លឿន សកម្ម​ភាព​ទិញ​លក់​អចល​ន​ទ្រព្យ​នៅ​តែ​ល្អ ហើយ​តម្រូវ​ការ​ដើម​ទុន​ក៏​កើន​ឡើង»។

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅកម្ពុជា ឬតាមដានព័ត៌មានថ្មីៗពីវិស័យអចលនទ្រព្យ សូមចូលទៅកាន់ Realestate.com.kh!

 

 

 

Comments