អចលនទ្រព្យដែលមានការចាប់អារម្មណ៍ជាងគេសម្រាប់ប្រជាជនកម្ពុជា គឺគម្រោងបុរី។
ក្នុងត្រីមាសទី៣ នៃឆ្នាំ២០២០នេះ កម្ចីអចលនទ្រព្យមានកំណើនរហូតដល់៥០% នេះបើយោងតាមរបាយការណ៍របស់ការិយាល័យឥណទានកម្ពុជា។ ការរីករាលដាលនៃជំងឺកូវីត ១៩ បានធ្វើឲ្យទីផ្សារនៅកម្ពុជាអន់ថយគួរឲ្យកត់សម្គាល់។ ប៉ុន្តែនៅប៉ុន្មានខែចុងក្រោយនេះ សេដ្ឋកិច្ចកំពុងចាប់ផ្តើមមើលឃើញសញ្ញានៃការងើបឡើងវិញដែលត្រូវបានជំរុញដោយតម្រូវការក្នុងស្រុក។
តាមរបាយការណ៍នៃការិយាល័យឥណទានកម្ពុជាដែរនេះ បានបង្ហាញថាសមតុល្យឥណទានអតិថិជនសរុបមានចំនួន ៩,១១ ពាន់លានដុល្លារអាមេរិកត្រូវបានកត់ត្រាគិតត្រឹមខែកញ្ញាឆ្នាំ ២០២០។ ថវិកាប្រមាណ ៥១% ឬ ៤,៦ ពាន់លានដុល្លារត្រូវបានស្នើជាកម្ចីអចលនទ្រព្យ និងសមតុល្យឥណទានហិរញ្ញវត្ថុផ្ទាល់ខ្លួនមានចំនួន ៤៧,៩០% ឬ ៤,៣ ពាន់លានដុល្លារ។ សមតុល្យប័ណ្ណឥណទានមានចំនួនត្រឹមតែ ០,៥៨% ឬ ៥២ លានដុល្លារប៉ុណ្ណោះ។
របាយការណ៍ក៏បានបង្ហាញបន្ថែមទៀតនូទំហំឥណទានលក្ខណៈបុគ្គលសរុបចំនួន ១,២៧ លានត្រូវបាន ធ្វើឡើងនៅត្រីមាសទី ៣ ឆ្នាំ ២០២០នេះ។ កម្ចីអចលនទ្រព្យមានចំនួន ១០.៥៨% ឬ ~ ១៣៥.០០០ គណនី ឬឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមានចំនួន ៨១,១២% ឬ ១,០៣ លាន។ កម្ចីប័ណ្ណឥណទានត្រូវបានគេកត់ត្រាទុកនៅ ៨,៣០% ឬ ~ ១០៥.០០០ គណនីឥណទានសរុប។
ទីផ្សារអចលនទ្រព្យនៅកម្ពុជាមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ដោយសារតែការរឹតត្បិតការធ្វើដំណើរអន្តរជាតិ និងការរំខានដល់ចង្វាក់ផ្គត់ផ្គង់ពិភពលោក។ ទាំងនេះរារាំងដល់អតិថិជនអន្តរជាតិ និងរំខានដល់កាលវិភាគសាងសង់នៃការអភិវឌ្ឍន៍ជាច្រើន។ ការធ្លាក់ចុះនៃអតិថិជនបរទេស ជាពិសេសប៉ះពាល់ដល់តម្លៃលក់ផ្ទះល្វែងធំៗដែលជាលទ្ធផល ធ្វើឱ្យតម្លៃលក់មធ្យមភាគធ្លាក់ចុះ ៣០ ភាគរយ យោងតាមរបាយការណ៍ទីផ្សាររបស់គេហទំព័រ Realestate.com.kh។
ដោយសារតែមានការគំរាមកំហែងពីការរីករាលដាលនៃកូវីត ១៩ ម្ចាស់គម្រោងអភិវឌ្ឍន៍បាន ផ្លាស់ប្ដូរគំនិតដើម្បីបំពេញតាមចំណង់ចំណូលចិត្តរបស់អតិថិជនទីផ្សារក្នុងស្រុក។ អចលនទ្រព្យដែលមានតំលៃសមរម្យដែលមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមអតិថិជនក្នុងស្រុកជាច្រើននៅតែមានស្ថេរភាពពេញមួយឆ្នាំ ២០២០ នេះបើយោងតាមរបាយការណ៍ទីផ្សារ របស់ Realestate.com.kh ។
ចំនួននៃពាក្យស្នើសុំឥណទានបុគ្គលបានកើនឡើងនៅត្រីមាសទី៣ ឆ្នាំ ២០២០ ទីផ្សារអចលនទ្រព្យនៅកម្ពុជាអាចមើលឃើញសញ្ញានៃការងើបឡើងវិញដោយសារការកើនឡើងនៃចំណាប់អារម្មណ៍ក្នុងស្រុកជាពិសេសផ្នែកអចលនទ្រព្យដែលមានតំលៃសមរម្យ។
Comments