+855 92 92 1000
Logo
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ2022-2023
Updated on: September 21, 2022, 4:04 a.m.
Published on: September 21, 2022, 4:04 a.m.

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ2022-2023


ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់ប្រទេសកម្ពុជានៅកម្រិត៥.៣% ក្នុងឆ្នាំ ២០២២ ប៉ុន្តែបានបន្ទាបការព្យាករឆ្នាំ២០២៣ មកនៅត្រឹម៦.២% ពី៦.៥% ដោយសារការចុះខ្សោយ នៃកំណើនសេដ្ឋកិច្ចពិភពលោក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំកម្ពុជាបានថ្លែងថា ការកើនឡើងនៃការនាំចេញផលិតផលកម្មន្តសាលរបស់កម្ពុជា និងការងើបឡើងវិញបន្តិចម្តងៗ ក្នុងវិស័យសំណង់ និងសេវាកម្ម បានជួយដល់កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២២ ទោះបីជាមានការថយចុះនៃកំណើនវិស័យកសិកម្មដែលបណ្តាលមកពីការកើនឡើង នៃថ្លៃប្រេងឥន្ធនៈ និង ជី និង ភ្លៀង​ធ្លាក់​ខ្លាំងក៏ដោយ ។

នាយិកា ADB ប្រចាំកម្ពុជាបានបន្ដទៀតថា អន្តរាគមន៍សេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាល ដូចជាកម្មវិធីឧបត្ថម្ភ​សាច់ប្រាក់ជូន​គ្រួសារ​​ក្រីក្រ និងងាយរងគ្រោះ បាននិងកំពុងមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយផល​ប៉ះពាល់នៃការ​កើនឡើងថ្លៃទំនិញ​លើ​ពិភពលោក សម្រាប់ពលរដ្ឋក្រីក្រ ។

របាយការណ៍ខាងលើ បានដំឡើងការព្យាករអតិផរណាឆ្នាំ២០២២ របស់កម្ពុជាទៅ៥.០% ពីការព្យាករ៤.៧% ក្នុងខែមេសា ដោយសារឥទ្ធិពលរាលដាល នៃការកើនឡើងតម្លៃប្រេងឥន្ធនៈដែលបណ្តាល មកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ការព្យាករអតិផរណាសម្រាប់ឆ្នាំ២០២៣ ត្រូវបានរក្សាទុកនៅ២.២% ៕

Comments