ស្ថានភាពនៃការចម្លងវីរុសកូវីដ១៩នៅលើបណ្តាប្រទេសលើសកលលោក និងនៅក្នុងតំបន់មានការវិវត្តន៍ដោយមានការបំប្លែងខ្លួននៃវីរុសកូវីដ១៩ថ្មីដែលជាការព្រួយបារម្ភរបស់ពិភពលោកនូវកំណើននៃការចម្លងវីរុសកូវីដ១៩បំប្លែងខ្លួននេះ ។
ក្នុងពេលថ្មីៗនេះមានការលេចចេញវីរុសបំប្លែងថ្មី B.1.1.529 ដែលអង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ពីការរកឃើញវីរុសបំប្លែងថ្មីនេះនៅតាមបណ្តាប្រទេសមួយចំនួនលើសកលលោកដែលអ្នកបច្ចេកទេសនៃអង្គការសុខភាពពិភពលោកបានសំដែងនូវការព្រួយបារម្ភពីលទ្ធភាពនៃការចម្លងរហ័សរបស់វ៉ារ៉្យង់ B.1.1.529 នេះផងដែរ ។
កាលពីពេលកន្លងទៅថ្មីៗនេះ អង្គការសុខភាពពិភពលោក ( WHO ) បានបើកកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសរបស់អង្គការសុខភាពពិភពលោកស្តីពីការវិវឌ្ឍន៍នៃមេរោគ SARS-CoV-2 (TAG-VE) បានវាយតម្លៃវ៉ារ៉្យង់ SARS-CoV-2 ថ្មី B.1.1.529 និងបានកំណត់ឈ្មោះវីរុសនេះហៅថា «អូមីក្រុង (Omicron)» ក្រោយមានការលេចចេញនូវវីរុសកូវីដ១៩បំប្លែងថ្មីនេះនៅតាមបណ្តាប្រទេសមួយចំនួន ។ មិនតែប៉ុណ្ណោះអង្គការសុខភាពពិភពលោកក៏បង្ហាញអំពីការព្រួយបារម្ភផងដែរសម្រាប់ការរកឃើញវីរុសបំប្លែងខ្លួនថ្មី B.1.1.529 នេះនៅតាមបណ្តាប្រទេសនៃទ្វីបអាហ្វ្រិក ។
តាមប្រភពសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ដោយពិនិត្យឃើញស្ថានភាពបែបនេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាសម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសទាំង១០នៅទ្វីបអាហ្វ្រិក ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០ក្នុងអំឡុងពេល៣សប្តាហ៍មុនចូលមកប្រទេសកម្ពុជា ឬធ្វើដំណើរចូលប្រទេសកម្ពុជាទាំងតាមផ្លូវអាកាស ទាំងតាមផ្លូវគោកមួយរយៈសិន រហូតដល់មានការជូនដំណឹងជាថ្មីដើម្បីទប់ស្កាត់ការឆ្លងចូលកម្ពុជានូវមេរោគកូវិដ១៩ប្រភេទ «អូមីក្រុង(Omicron)» ដោយត្រូវចាប់អនុវត្តក្រោយ៤៨ម៉ោងបន្ទាប់ពីចេញសេចក្តីប្រកាសព័ត៌មាននេះ ។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ផងដែរថា សម្រាប់ប្រទេសទាំង១០ដែលត្រូវហាមឃាត់រួមមាន ៖ 1- Botswana, 2- Eswatina, 3- Lesotho, 4- Mozambique, 5- Namibia, 6- South Africa, 7- Zimbabwe, 8- Malawi, 9- Angola និង10- Zambia ៕
Comments