+855 92 92 1000
Logo
ប្រពៃណាស់ ! អ្នកឧកញ៉ា គិត ម៉េ​ង បង្ហាញ​ពីសក្តានុពល និងជំរុញឱ្យក្រុមហ៊ុន​អា​មេ​រិ​ក​ជាង​១០០មក​វិនិយោគ​នៅ​កម្ពុជា
Updated on: June 5, 2022, 6:32 p.m.
Published on: May 10, 2022, 11:01 a.m.

ប្រពៃណាស់ ! អ្នកឧកញ៉ា គិត ម៉េ​ង បង្ហាញ​ពីសក្តានុពល និងជំរុញឱ្យក្រុមហ៊ុន​អា​មេ​រិ​ក​ជាង​១០០មក​វិនិយោគ​នៅ​កម្ពុជា


ទីក្រុង​ញូយ៉ក ៖ កាលពី​រសៀល​ថ្ងៃ​ទី​0៩ ខែឧសភា ឆ្នាំ​២០២២ អ្នកឧកញ៉ា គិត ម៉េ​ង ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី ថ្លែង​សុន្ទរកថា​បើក​ជំនួប​ពាណិជ្ជកម្ម​រវាង​សមាជិក​គណៈប្រតិភូ​សភាពាណិជ្ជកម្ម​កម្ពុជា និង​ក្រុមហ៊ុន​អា​មេ​រិ​ក​នៅ​ទីក្រុង​ញូយ៉ក ។ ជំនួប​ពាណិជ្ជកម្ម​នេះ មានការ​ចូលរួម​ពី​ក្រុមហ៊ុន​កម្ពុជា និង​អា​មេ​រិ​ក​ចំនួន​ជាង​១០០​ក្រុមហ៊ុន ។


អ្នកឧកញ៉ា គិត ម៉េ​ង មាន​ប្រសាសន៍​ជម្រាប​ជូន​ក្រុមហ៊ុន​អា​មេ​រិ​ក​ដែល​មាន​វត្តមាន​ក្នុង​ជំនួប​ពាណិជ្ជកម្ម អំពី​សក្តានុពល​សេដ្ឋកិច្ច​កម្ពុជា និង​វិស័យ​សំខាន់​ៗ​ដែល​ប្រទេស​ទាំង​ពីរ​បាន​និង​កំពុង​ជំរុញ​រួម​គ្នា ។

អ្នកឧកញ៉ា ប្រធាន បាន​គូសបញ្ជាក់​ថា អា​មេ​រិ​ក គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​របស់​កម្ពុជា ហើយ​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន​របស់​អា​មេ​រិ​ក​កំពុង​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា ។ ឆ្នាំ​២០២២ នេះ កម្ពុជា​គឺជា​ប្រធាន​អាស៊ាន ហើយ​ក៏​ជា​ឆ្នាំ​ដ៏​ប្រសើរ​ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​របស់​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត ។

អ្នកឧកញ៉ា​ប្រធាន​បាន​លើកទឹកចិត្ត និង​អញ្ជើញ​ធុរជន​អា​មេ​រិ​ក មក​បំពេញ​ទស្សនកិច្ច ដោយ​ផ្ទាល់​នៅ​កម្ពុជា ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​កាលានុវត្តភាព និង​សិក្សា​លទ្ធភាព​សហការ​គ្នា​ជាមួយ​ដៃគូ​កម្ពុជា ។

ក្នុង​ឱកាស​នៃ​ជំនួប​ពាណិជ្ជកម្ម​នេះ ក្រុមហ៊ុន​នៃ​ប្រទេស​ទាំង​ពីរ បាន​ជជែក​ពិភាក្សា​អំពី​គោលនយោបាយ​លើកទឹកចិត្ត​ចំពោះ​ការ​វិនិយោគ ស្ថានភាព​បច្ចុប្បន្ន​ក៏​ដូច​ជា​តម្រូវការ​នានា​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ កសិកម្ម សេវាកម្ម និង​ពាណិជ្ជកម្ម​ជាដើម ។

នៅ​ចុងបញ្ចប់​នៃ​ជំនួប​ពាណិជ្ជកម្ម ធុរជន​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់ និង​ពិនិត្យ​អំពី​លទ្ធភាព​ក្នុង​ការ​សហការ​វិនិយោគ​និង​ធ្វើ​ធុរកិច្ច​រួម​គ្នា​នា​ពេល​អនាគត ៕

Comments