តម្លៃឥដ្ឋនៅកម្ពុជាបានរក្សាស្ថិរភាពនៅជាងមួយឆ្នាំចុងក្រោយនេះ បើទោះបីជាតម្រូវការសម្រាប់វិស័យសំណង់នៅបន្តកើនឡើង ដោយសារអ្នកផលិតបានបង្កើនផលិតកម្ម ហើយអាចឆ្លើយតបនឹងកំណើនតម្រូវការ។ នេះបើយោងតាមពាណិជ្ជករក្នុងឧស្សាហកម្មនេះ។
យោងតាមលោក ឈាង ស៊ុយហ៊ាង តំណាងសហគមអ្នកផលិតឥដ្ឋជាង ១០០ សហគ្រាសនៅស្រុកមុខកំពូលនិងស្រុកខ្សាច់កណ្តាលខេត្តកណ្តាល តម្លៃឥដ្ឋបានរក្សាកម្រិតប្រហាក់ប្រហែលនៅជាង ១ ឆ្នាំកន្លះចុងក្រោយគិតចាប់ពីខែមីនាឆ្នាំ២០១៨ មក។
លោក ស៊ុយហ៊ាង បាននិយាយថាតម្លៃឥដ្ឋនាពេលនេះមានតម្លៃ ៤០០ ដុល្លារក្នុងមួយម៉ឺនឥដ្ឋ គឺមិនមានការប្រែប្រួលទេធាបនឹងដើមឆ្នាំ ២០១៨មក។ តម្លៃឥដ្ឋនៅកម្ពុជាបានចាប់ផ្តើមកើនឡើងខ្លាំងនៅចាប់ពីដើមឆ្នាំ២០១៧ ដែលកាលនោះ ឥដ្ឋមួយម៉ឺនដុំមានតម្លៃ ១៨០ ដុល្លារ។ តម្លៃនេះបានកើនដល់ ៣០០ ដុល្លារនៅចុងឆ្នាំ២០១៧ ហើយបន្តកើនឡើងយ៉ាងខ្លាំងត្រឹមតែ ៣ ខែបន្ទាប់ដែលធ្វើឲ្យតម្លៃឥដ្ឋមួយម៉ឺនដុំបានកើនដល់ ៤០០ ដុល្លារ។
យោងតាមលោក ស៊ុយហ៊ាង កំណើនតម្រូវការឥដ្ឋនៅតែខ្លាំងនៅឆ្នាំនេះ ដែលការបញ្ជាទិញភាគច្រើនបានមកពីខេត្តព្រះសីហនុ កំពត ភ្នំពេញ និងប៉ោយប៉ែត ជាទីដែលវិស័យសំណង់កំពុងមានសកម្មភាពខ្លាំង។
លោកបន្តថា៖«ម្ចាស់ឡឥដ្ឋជាច្រើនបានពង្រីកការផលិត។ អ្នកដែលធ្លាប់មានតែ ២ ដំបូល (ឡផលិតឥដ្ឋ) កាលពីមុន បានដំឡើងដល់៤ ដំបូង។ អ្នកមាន ៤ កើនដល់ ៦ ដំបូល អ៊ីចឹងទៅយើងផលិតបានច្រើនជាងមុន ហើយទាន់តម្រូវការដែលកើនឡើង»។ លោកបន្តថា៖«តម្រូវការនៅបន្តកើន ហើយពេលខ្លះក៏យើងពិបាកផ្គត់ផ្គង់ឲ្យទាន់ពេលដែរ តែយើងសម្រេចមិនដំឡើងថ្លៃទេដោយសារយើងបង្ការកុំឲ្យមានការនាំចូលឥដ្ឋពីវៀតណាមមកជំនួស»។
លោកស៊ុយហ៊ាងប៉ាន់ស្មានថាបច្ចុប្បន្ននេះមានឡឥដ្ឋប្រមាណ ៣០០ ឡនៅក្នុងប្រទេសកម្ពុជា (បូកបញ្ចូលទាំងម្ចាស់សិប្បកម្មនៅក្នុងសហគមរបស់លោក)។ សម្រាប់សមាជិកក្នុងសហគមអ្នកផលិតឥដ្ឋស្រុកមុខកំពូល និង ស្រុកខ្សាច់កណ្តាល សិប្បកម្មនីមួយៗមានសមត្ថភាពធ្វើឥដ្ឋបានយ៉ាងតិច ១០ ម៉ឺនឥដ្ឋក្នុងមួយថ្ងៃ អ៊ីចឹងអ្នកផ្គត់ផ្គង់ពីសហគមនេះអាចផ្គត់ផ្គង់យ៉ាងហោចណាស់ ១០ លានដុំក្នុងមួយថ្ងៃ។
កម្ពុជានៅតែពឹងផ្អែកលើការនាំចូលសម្ភារៈសំណង់
ប្រទេសកម្ពុជាបានមើលឃើញការហូរចូលយ៉ាងច្រើននៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងរយៈពេលជាងមួយទសវត្យចុងក្រោយ ហើយវិស័យអចលនទ្រព្យ សំណង់ និងបដិសណ្ឋារកិច្ចគឺជាវិស័យដែលទទួលបានលំហូរចូលវិនិយោគដ៏ខ្លាំងក្លា។
ផលិតកម្មឥដ្ឋបានទទួលអត្ថប្រយោជន៍ពីការរីកដុះដាលនៃសំណង់អគារផ្សារទំនើប អគារការិយាល័យ អគារខុនដូ និងគម្រោងជាច្រើនទៀត។
ក្នុងរយៈពេល ៦ ខែដំបូងឆ្នាំនេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ (MLMUPC) បានអនុម័តគម្រោងសាងសង់ចំនួនជាង ២,០០០ គម្រោងដែលមានទឹកប្រាក់វិនិយោគប្រមាណជាង ៣,៣ ពាន់លានដុល្លារ។
លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃសមាគមអ្នកសាងសង់កម្ពុជាបានមានប្រសាសន៍កាលពីថ្ងៃចន្ទថាស្ថិរភាពសេដ្ឋកិច្ច កំណើនការវិនិយោគផ្ទាល់ពីបរទេស និងវឌ្ឍនភាពអចលនទ្រព្យបានរួមចំណែកធ្វើឱ្យមានតម្រូវការសម្ភារៈសំណង់កាន់តែច្រើនឡើង។
ទោះយ៉ាងណាលោកបានកត់សម្គាល់ថាប្រទេសកម្ពុជានៅតែពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលសម្ភារៈសំណង់ផ្សេងៗទៀតដូចជាដែកថែប និងផលិតផលតុបតែងផ្នែកខាងក្នុង។
លោកថ្លែងថា៖«យើងរំពឹងថាផលិតកម្មក្នុងស្រុករបស់យើងនឹងរីកចម្រើនជាងនេះ ដូច្នេះយើងនឹងអាចរកផលិតផលក្នុងស្រុកបានកាន់តែច្រើនសម្រាប់វិស័យសំណង់ និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល»៕
ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងទីក្រុងភ្នំពេញ និងអចលនទ្រព្យសម្រាប់ជួលនៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃនេះ!
Comments