+855 92 92 1000
Logo
ខណ្ឌបឹងកេងកងជាតំបន់ពេញនិយមជាងគេ សម្រាប់ការស្វែងរកអចលនទ្រព្យប្រចាំឆ្នាំ ២០២០
Updated on: June 6, 2022, 5:00 p.m.
Published on: January 25, 2021, 9:32 a.m.

ខណ្ឌបឹងកេងកងជាតំបន់ពេញនិយមជាងគេ សម្រាប់ការស្វែងរកអចលនទ្រព្យប្រចាំឆ្នាំ ២០២០


ខណ្ឌបឹងកេងកង ជាតំបន់ដែលពេញនិយមបំផុតនៅក្នុងរាជធានីភ្នំពេញ

តម្លៃអចលនទ្រព្យនៅកម្ពុជានៅក្នុងឆ្នាំ២០២០ ត្រូវបានគេមើលឃើញថាមានការធ្លាក់ចុះជា លំដាប់ ដោយមូលហេតុកូវីត-១៩ដែលកំពុងរាលត្បាតនៅជុំវិញពិភពលោក ប៉ុន្តែនេះ មិនមែនមានន័យថាទីផ្សារអចលនទ្រព្យបាត់បង់ចំណាប់អារម្មណ៍នោះទេ។ ក្រុមហ៊ុន Realestate.com.kh ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេនៅកម្ពុជា បានបញ្ជាក់ថា ខណ្ឌបឹងកេងកង គឺជាខណ្ឌដែលមានការពេញនិយមជាងគេនៅក្នុង រាជធានីភ្នំពេញប្រចាំឆ្នាំ២០២០កន្លងទៅនេះ។

ក្រៅពីខណ្ឌបឹងកេងកងដែលមានសន្ទុះនៃការចាប់អារម្មណ៍ពីអតិថិជនជាច្រើន ក៏នៅមានខណ្ឌផ្សេងទៀតដូចជាខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌ៧មករា និងខណ្ឌទួលគោក។ ក្រុមហ៊ុននេះបានប្រមូលទិន្នន័យអតិថិជនបានជាង ២ លាននាក់ដែលចូលទៅស្វែងរកអចលនទ្រព្យនៅក្នុងគេហទំព័រក្នុងឆ្នាំ២០២០កន្លងមក។

លោក Thomas O’Sullivan ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ ថា “បើទោះបីជាឆ្នាំ២០២០កន្លង បានធ្វើឲ្យទីផ្សារអចលនទ្រព្យនៅទូទាំងពិភពលោកជួបប្រទះវិបត្តិយ៉ាង ធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏នៅមានភាពវិជ្ជាមានខ្លះលេចឡើងនៅលើទីផ្សារ ហើយនិន្នាការទីផ្សារខ្លះក៏នៅតែបន្តមានសកម្មភាពក្នុងឆ្នាំ២០២១។”

ដោយសារតែបញ្ហាកូវីត-១៩ និងផលប៉ះពាល់របស់វាដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ទីផ្សារ អចល​នទ្រព្យនៅកម្ពុជានេះហើយ ទើបធ្វើឲ្យម្ចាស់អចលនទ្រព្យជាច្រើនបង្ខំចិត្តដាក់លក់ អចលនទ្រព្យរបស់ខ្លួន បើទោះបីជាក្នុងតម្លៃទាប បើធៀបទៅមុនពេលមានការឆ្លងនៃជំងឺកូវីត-១៩ក៏ដោយ។ លោកបានមានប្រសាសន៍ថា អតិថិជនក្នុងស្រុក​ និងបរទេសយល់ដឹងយ៉ាងច្បាស់អំពីទីផ្សារអចលនទ្រព្យនៅកម្ពុជា ទើបជាមូលហេតុដែលធ្វើឲ្យពួកគេស្វះស្វែងចាប់យកឱកាសវិនិយោគ និងទិញអចលនទ្រព្យដែលលក់ក្នុងតម្លៃពិសេសក្រោមទីផ្សារទាំងនោះ។

ចំការមនជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយដែលត្រូវបានគេមើលឃើញថាកំពុងមានសន្ទុះនៃការអភិវឌ្ឍន៍បែបលំនៅដ្ឋាន និងពាណិជ្ជកម្មក្នុងរយៈពេលពីរបីឆ្នាំខាងមុខ។

“មុនពេលជម្ងឺកូវីត-១៩ យើងមើលឃើញថាសន្ទុះនៃការលក់អចលនទ្រព្យប្រភេទខុនដូ ដូចជាមិនសូវមានការចាប់អារម្មណ៍ពីសំណាក់ពលរដ្ឋកម្ពុជាប៉ុន្មានទេ ផ្ទុយទៅវិញអតិថិជនដែលជាជនបរទេសហាក់មានចំនួនច្រើន។​” លោក Thomas​ បានបន្ថែមថា “ក៏ដោយសារតែអតិថិជនអន្តរជាតិជាធម្មតាមានដើមទុនច្រើនជាង ដូចនេះអ្នកអភិវឌ្ឍន៍តែងតែផ្តោតសំខាន់លើទីផ្សារអន្តរជាតិ។ វាជាលំហូរសាច់ប្រាក់កាន់តែប្រសើរសម្រាប់គម្រោងនីមួយៗ។”

ដើម្បីបន្តជំរុញការអភិវឌ្ឍន៍ពីវិនិយោគិនអន្តរជាតិ នៅក្នុង​ខែមិថុនា ឆ្នាំ២០២០ ក្រុមហ៊ុន Realestate.com.kh បានរៀបចំកម្មវិធីមួយដែលមានឈ្មោះថា ពិព័រណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ​ ដែលជាព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យដំបូង និងធំជាងគេនៅកម្ពុជា នឹងមានដាក់តាំងបង្ហាញនូវគម្រោងអភិវឌ្ឍន៍ថ្មីៗ និងអចលនទ្រព្យ លក់បន្តជាច្រើនលក់ក្នុងតម្លៃពិសេសក្រោមទីផ្សារមិនធ្លាប់មានពីមុនមក។ កម្មវិធីនេះផងដែរប្រព្រឹត្តទៅដោយជោគជ័យ ដោយទទួលបានប្រាក់ជាង១៥,០០០,០០០ដុល្លារពីការកក់អចលនទ្រព្យនូវទូទាំងប្រទេសក្នុងរយៈពេលត្រឹម៤ម៉ោងប៉ុណ្ណោះ។ ពិព័រណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃនេះអាចចាត់ទុកថាមានភាពខ្លាំងរបស់វា ដោយសារតែអាចទាក់ទាញវិនិយោគិនបរទេសជាច្រើន បើទោះបីជាមិនទាន់មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវជាតិក៏ដោយ ប៉ុន្តែវាបានក្លាយជាមគ្គុទេសមួយសម្រាប់ពិព័រណ៍អចលនទ្រព្យលើកក្រោយៗទៀត។

“ក្នុងកំឡុងពេលនៃការរីករាលដាលជម្ងឺកូវីត-១៩ ម្ចាស់គម្រោងអ្នកអភិវឌ្ឍន៍បែរងាកមកផ្ដោតលើទីផ្សារអតិថិជនក្នុងស្រុកវិញម្ដង ដោយសារតែមានការរឹតត្បិតការធ្វើដំណើររវាងប្រទេស និងប្រទេស។ អ្នកអភិវឌ្ឍន៍ដែលជោគជ័យបំផុតក្នុងឆ្នាំ២០២០នេះ បានផ្លាស់ប្ដូរវិធីសាស្រ្តចាស់ៗរបស់ខ្លួន មកចាប់យកគំនិតថ្មីដើម្បីឲ្យស្របទៅតាមកាលៈទេសៈ និងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ដោយបង្កើតវិធីសាស្រ្តទិញដោយបង់រំលោះសាកសមបំផុតសម្រាប់អតិថិជនក្នុងស្រុក មានការធានាជួលត្រលប់ដោយម្ចាស់គម្រោង និងវិធីសាស្រ្តផ្សេងៗទៀត” នេះបើតាមការបន្ថែមរបស់លោក Thomas។

ធនាគារជាតិនៃកម្ពុជាបានចេញផ្សាយការព្យាករណ៍នៃកំណើន ៤ ភាគរយក្នុងឆ្នាំ ២០២១ ដោយសារតែវិស័យហិរញ្ញវត្ថុកំពុងមានការងើបឡើងវិញ។ របាយការណ៍នេះអាស្រ័យលើសកម្មភាពថ្មីៗនៅក្នុងវិស័យសំណង់និងអចលនទ្រព្យ បន្ទាប់ពីមានការវិនិយោគផ្ទាល់ពីបរទេស ដែលអាចស្ដារសេដ្ឋកិច្ចជាតិទាំងមូលឡើងវិញ។

Comments