+855 92 92 1000
Logo
ប្រពៃណាស់ ! ក្រុមហ៊ុន​ធំ​មួយ​មាន​បំណង​សាងសង់​ប្រព័ន្ធ​រថភ្លើង​នៅ​កម្ពុជា​ឱ្យ​ដូច​សឹ​ង្ហ​បុរី
Updated on: August 11, 2022, 4:00 a.m.
Published on: August 11, 2022, 4:00 a.m.

ប្រពៃណាស់ ! ក្រុមហ៊ុន​ធំ​មួយ​មាន​បំណង​សាងសង់​ប្រព័ន្ធ​រថភ្លើង​នៅ​កម្ពុជា​ឱ្យ​ដូច​សឹ​ង្ហ​បុរី


ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ តូច ចាន់​កុសល តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ទេស រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ តំណាង​ក្រុមហ៊ុន Ave Arup Limited ប្រចាំ​ប្រទេស​កម្ពុជា វៀតណាម ថៃ និង​អង់គ្លេស ដឹកនាំ​ដោយ លោក Stewart Clayton នាយក​ប្រចាំ​កម្ពុជា​នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ ស្ថានទូត​អង់គ្លេស ប្រចាំ​កម្ពុជា ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ។ កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២២ នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។

គោលបំណង​នៃ​ជំនួប​នេះ​គឺ​ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​ការ​រីក​ចម្រើន និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​នៅ​កម្ពុជា និង​ក៏​ដូច​ជា​ដើម្បី​បញ្ជាក់​ពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​អ្វី​ដែល​ជា​ផែនការ​សម្រាប់​ពេល​អនាគត ។

ជា​កិច្ច​ចាប់ផ្តើម លោក Stewart Clayton បាន​ណែនាំ​ឱ្យ​តំណាង​ក្រុមហ៊ុន​ARUP ធ្វើ​បទ​បង្ហាញ​ដែល​បាន​ផ្តោត​ជា​សំខាន់​លើ​សភាពការណ៍​វិវត្តន៍​ថ្មី​ៗ​នៅ​ក្នុង​ពិភពលោក​ទាក់ទង​នឹង​ដំណោះស្រាយ​សម្រាប់​វិស័យ​ដឹក​ជញ្ជូន ដំណោះស្រាយ​បញ្ហា​ចំពោះ​បម្រែបម្រួល​អាកាសធាតុ និង​ផែនការមេ​ទីក្រុង​ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍ និង​ការ​សម្របសម្រួល​ខ្លួន​ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ​ផង​ដែរ ។

ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ បាន​ជម្រាប​ជូន​អំពី​ការ​រៀបចំ​គោលនយោបាយ​ដឹក​ជញ្ជូន​ផ្លូវគោក ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី (EV) ក្នុង​ការ​ចូលរួម​ចំណែក​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន កិច្ចសហការ​រវាង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​អង្គការ UNDP (​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​) ដើម្បី​ដំឡើង​ស្ថានីយ​សាក​ថ្ម Evs នៅ​ទីស្តីការក្រសួង និង​បណ្តា​រាជធានី​-​ខេត្ត​មួយ​ចំនួន ការ​សិក្សា​ប្រព័ន្ធ​ប្រតិបត្តិការ​រថភ្លើង​ស្វ័យប្រវត្តិ (AGT) ប្រព័ន្ធ​រថភ្លើង​ក្រោម​ដី (Subway) ការ​សិក្សា​គម្រោង​អភិវឌ្ឍន៍​រថភ្លើង Monorail ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ គម្រោង​ស្តី​ពី​ការ​ដឹក​ជញ្ជូន​បៃតង​នៅ​ខេត្តសៀមរាប ក្រោម​កិច្ចសហការ​រៀបចំ​ជាមួយ​ធនាគារពិភពលោក និង​សារសំខាន់​នៃ​ផែនការមេ​សម្រាប់​ការ​អភិវឌ្ឍន៍​ទីក្រុង ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ លោក Stewart Clayton បាន​ជម្រាប​ជូន​ផង​ដែរ​អំពី​គម្រោង​រៀបចំ​សិក្ខាសាលា​មួយ​នៅ​កម្ពុជា​ដើម្បី​ស្វែង​យល់​អំពី​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​លើ​វិស័យ​ដឹក​ជញ្ជូន​របស់​កម្ពុជា ក្នុង​គោលដៅ​សម្រេច​បាន​នូវ​ការ​កាត់​បន្ថយ​កាបូន​ឱ្យ​នៅ​កម្រិត​សូន្យ ។

សូម​ជម្រាប​ជូន​ថា ក្រុមហ៊ុន Arup បាន​បង្ហាញ​នូវ​វិស័យ​សក្កា​នុ​ពល​ដែល​ខ្លួន​ចង់​សហការ​ជាមួយ​កម្ពុជា ក្នុង​ការ​សាងសង់​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ (​ដូច​ករណី​ប្រព័ន្ធ​រថភ្លើង MRT នៅ​ប្រទេស​សិង្ហ​បុរី​) និង បាន​បង្ហាញ​នូវ​ទម្រង់​ម៉ូ​ដែល​កិច្ចសហការ​រវាង​រដ្ឋ និង​ឯកជន (Public-Private Partnership) ពាក់ព័ន្ធ​ទៅ​នឹង​លទ្ធកម្ម​ផង​ដែរ ៕

Comments