+855 92 92 1000
Logo
ជាកូនខ្មែរតិចអត់ដឹង ! រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមិនមែនតែប្រាសាទអង្គរ១ទេគឺ៣តំបន់នេះ
Updated on: June 7, 2022, 2:15 a.m.
Published on: December 14, 2021, 8:04 a.m.

ជាកូនខ្មែរតិចអត់ដឹង ! រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមិនមែនតែប្រាសាទអង្គរ១ទេគឺ៣តំបន់នេះ


Construction of Angkor Wat

ប្រាសាទអង្គរវត្ត ជាប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក ។ ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទ សូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយទៅគ្រប់ទិសទីលើពិភពលោក ។ ប្រាសាទនេះសាងសង់ឡើងនៅដើមសតវត្សទី១២ ដែលស្ថិតនៅក្នុងរាជធានី«យសោធរបុរៈ» ។ ប្រាសាទអង្គរវត្តជាប្រាសាទកសាងឡើង ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ។ ប្រាសាទនេះជាប្រាសាទដែលនៅគង់វង្សល្អបំផុតនៅក្នុងតំបន់អង្គរ ។

Construction of Angkor Wat

ប្រាសាទអង្គរវត្ត ប្រើកម្លាំងពលកម្មប្រម៉ាណជាង30មុឺននាក់ និងដំរីជាង6ពាន់ក្បាល និងប្រើប្រាស់ថ្មសរុបប្រមាណជាង10លានតោនឯណោះ ។ មិនដូចប្រាសាទនៅតំបន់អង្គរភាគច្រើនទេ អង្គរវត្តបែរមុខទៅទិសខាងលិច តាមការស្រាវជ្រាវរបស់អ្នកសិក្សាបានវែកញែកថាជាចំណុចសំខាន់នៃប្រាសាទនេះ ។ ប្រាសាទនេះត្រូវបានគេកោតសរសើរដោយសារភាពសម្បើម និងរុងរឿងនៃស្ថាបត្យកម្មនេះ ចម្លាក់ដែលលាតសន្ធឹង និងដោយសារស្ថាបត្យកម្មខ្មែរមានរូបអប្សរា និងទេវតា ដែលឆ្លាក់នៅលើជញ្ជាំងប្រាសាទ ។

Angkor Wat Temple

រមណីយដ្ឋានអង្គរ ត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ក្រោមព្រះរាជតម្រិៈដ៏ថ្លៃថ្លា និងឈ្លាសវៃនៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានធ្វើការអំពាវនាវទៅកាន់អង្គការយូណេស្កូ សូមឱ្យជួយស្រោចស្រង់ការពារក្រុមប្រាសាទអង្គរ ។

Angkor Wat Area

«អង្គរ» បានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៍ពិភពលោកមិនមែនត្រឹមតែប្រាសាទអង្គរវត្តតែ១នោះទេ ពោលគឺរួមមាន៣តំបន់គឺ ៖ ១-អតីតរាជធានីយសោធរ, ២-អតីតរាជធានីហរិហរាល័យ និង៣-តំបន់បន្ទាយស្រី ដែលមានផ្ទៃដីបូកបញ្ចូលគ្នាសរុប៤០១គីឡូម៉ែត្រក្រឡា, មានប្រាសាទបុរាណជាង៩០, មានវត្ត, វាំង, បន្ទាយ, ឡបុរាណ, បារាយណ៍, ទំនប់ទឹក, ស្រះទឹក, វត្ថុបុរាណ...ដោយពុំមែនចុះបញ្ជីត្រឹមប្រាសាទ អង្គរវត្ត តែមួយនោះទេ ។

Angkor Wat Temple

ពាក្យថា «អង្គរ» មានន័យ៣យ៉ាង ៖ ទី១-តំបន់អង្គរ (ក្រុងអង្គរ ៖ អតីត, បច្ចុប្បន្ន, អនាគត), ទី២- សម័យអង្គរ (ស.វទី០៩-១៤) និងទី៣- អារ្យធម៍អង្គរ (របៀបគ្រប់គ្រងព្រះនគរ) ។ មិនតែប៉ុណ្ណោះ «អង្គរ» គឺជាតំបន់ធំធេង រីឯ «អង្គរវត្ត» គឺជាប្រសាទដ៏អស្ចារ្យមួយដែលដូនតាបន្សល់ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយ ។ គិតមកត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នេះជាខួប២៩ឆ្នាំនៃការដាក់បញ្ចូលរមណីយដ្ឋានអង្គររបស់ប្រទេសកម្ពុជាក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ៕

Comments