នៅថ្ងៃទី ពុធ ខែ មេសា ឆ្នាំ ២០១៩ ធនាគារពិភពលោក ចេញរបាយការណ៍ស្ដីពីកំណើរសេដ្ឋកិច្ចនៃអាស៊ីបូពា៍។ ដោយក្នុងនោះ ធនាគារពិភពលោកបាន ធ្វើការព្យាករណ៍ថា កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា កំពុងប្រឈមមុខនឹងការធ្លាក់ចុះមកនៅត្រឹមជិត៧ភាគរយ នៅក្នុងឆ្នាំ២០១៩ ដល់ឆ្នាំ ២០២១ ដែល នៅឆ្នាំមុន កម្ពុជាទទួលបានកំណើន៧,៥ភាគរយ។
ធនាគារពិភពលោក (World Bank) បានបញ្ជាក់ថា នៅឆ្នាំ២០១៨ កំណើនសេដ្ឋកិច្ចកម្ពុជាគឺបានមកពីការនាំចេញ ដែលកើនឡើង បូករួមជាមួយនឹងលំហូរវិនិយោគទុនផ្ទាល់ពីបរទេស ដែលកើនឡើងដល់ ១៣.៤ ភាគរយ នៃផលិតផលក្នុងស្រុកសរុប។ ភាគច្រើនវិនិយោគទុនផ្ទាល់ពីបរទេសគឺបានមកពីប្រទេសចិន ក្នុងការវិនិយោគទៅលើវិស័យស្នូលមួយ ចំនួន ដូចជា៖ វិស័យសំណង់ វិស័យទេសចរណ៍ និង វិស័យផលិតកម្ម និងកសិកម្ម។
ការថមថយនេះអាចបណ្ដាលមកពីកត្ដាទាំងក្រៅ និងតក្តាខាងក្នុង៖ កត្ដាខាងក្នុងរួមមានកម្ពុជានៅតែជាប្រទេសដែលមានពន្ធនៃថាមពល និង ថ្លៃចំណាយនៃការដឹកជញ្ជូនមានតម្លៃខ្ពស់ ហើយពលកម្មមានជំនាញនៅមានកម្រិតទាប។
ដូចនេះ ធនាគារពិភពលោកបានអះអាងថា កម្ពុជាគួរគោលនយោបាយដើម្បីឲ្យចំណាយនៃថាមពល និងការដឹកជញ្ជូនមានតម្លៃទាប រួមទាំងបង្កើនផលិតភាពនូវកម្លាំងពលកម្មជំនាញ។
ចំណែកកត្ដាខាងក្រៅគឺមកពីមូលហេតុចំនួនពីរ។ ទី១ សេដ្ឋកិច្ចកម្ពុជាអាចជួបនឹងហានិភ័យនៃការនាំចេញធ្លាក់ចុះ ដោយសារតែលទ្ធភាពព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBAនៃសហភាពអឺរ៉ុប និងទី២ មកពីការធ្លាក់ចុះសេដ្ឋកិច្ចប្រទេសចិនដែលអាចប៉ះពាល់ដល់វិនិយោគទុនបរទេសពីប្រទេសចិនមកលើប្រទេសកម្ពុជា ។
ដូចគ្នានេះដែរ កាលពីដើមខែមេសា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញរបាយស្តីពីទស្សនវិស័យអភិវឌ្ឍន៍អាស៊ីឆ្នាំ២០១៩ ដែលបានបង្ហាញថាប្រទេសកម្ពុជានឹងមានកំណើនសេដ្ឋកិច្ចខ្ទង់ ៧ ភាគរយក្នុងឆ្នាំ ២០១៩ នេះ ប៉ុន្តែនឹងថយចុះក្រោម ៧ ភាគរយ ពោលគឺថយនៅត្រឹម ៦.៨ ភាគរយនៅក្នុងឆ្នាំ ២០២០។
របាយការបញ្ជាក់ដែរថាការធ្លាក់ចុះនេះគឺដោយហេតុថាកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិននឹងមានការឆ្លាក់ចុះ ហើយចិនជាប្រទេសទិសដៅនៃការនាំចេញរបស់កម្ពុជា។ ការថយចុះសេដ្ឋកិច្ចរបស់ចិនអាចធ្វើ ឲ្យមានការបញ្ជាទិញតិចតួច ហើយក៏ធ្វើឲ្យប៉ះពាល់ដល់ វិស័យទេសចរណ៍ផងដែរ។
គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ ៧ ភាគរយក្នុងមួយឆ្នាំ ដែលជាកំណើនខ្ពស់ចំណាតថ្នាក់ទី ៦ នៃពិភពលោក។ ក្នុងរយៈពេលមួយទស្សវត្សន៍នេះ ប្រទេសកម្ពុជាជាប្រទេសដែលសក្ដានុពលក្នុងការទាក់ទាញនៃវិនិយោគបរទេសកើនឡើងរហូតដល់ ៨០០ ភាគរយ ដែលញុំងឲ្យវិស័យផ្សេងៗ ក៍ដូចជាវិស័យអចលនទ្រព្យមានការកើនឡើងគួរឲ្យកត់សម្គាល់៕
Comments