+855 92 92 1000
Logo
វិនិយោគិនវៀតណាមគ្រោងវិនិយោគលើវិស័យការិយាល័យនៅកម្ពុជា
Updated on: June 6, 2022, 5:03 p.m.
Published on: April 4, 2018, 9:55 p.m.

វិនិយោគិនវៀតណាមគ្រោងវិនិយោគលើវិស័យការិយាល័យនៅកម្ពុជា


និន្នាការនៃការប្រើប្រាស់ការិយាល័យធ្វើការរួមគ្នាជាបរិបទថ្មីមួយនៅកម្ពុជា ហើយបច្ចុប្បន្នកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងដោយសេវាកម្មនេះបានបំពេញទៅតាមតម្រូវការនៃការជួលកន្លែងធ្វើការងារក្នុងរយៈពេលខ្លី ឬវែងណាមួយតាមតម្រូវការដែលមានភាពបត់បែនមួយបាន។ ការិយាល័យធ្វើការរួមគ្នានេះកាន់តែមានការពេញនិយមខ្លាំងក្នុងចំណោមបុគ្គលម្នាក់ៗសហគ្រិនអ្នកចាប់ផ្ដើម​ អាជីវកម្មថ្មី និងអាជីវកម្មខ្នាតតូច។

លោក Duong Do ជាស្ថាបនិក និងជាអ្នកគ្រប់គ្រងការិយាល័យធ្វើការរួមគ្នាមួយនៃក្រុមហ៊ុន Toong របស់វៀតណាមបានលើកឡើងថាក្រុមហ៊ុនរបស់លោកនឹងមានវត្តមាននៅក្នុងទីផ្សារទីក្រុងភ្នំពេញប្រទេសកម្ពុជានៅក្នុងពេលខាងមុខនេះ។ នេះបើតាមការលើកឡើងរបស់លោកជាមួយគេហទំព័រ DEALSTREETASIA។

ការិយាល័យធ្វើការរួមគ្នារបស់ក្រុមហ៊ុន Toong  មានវត្តមាននៅប្រទេសវៀតណាម និងប្រទេសឡាវ ហើយបច្ចុប្បន្នក្រុមហ៊ុនគ្រោងចូលមកកាន់ប្រទេសកម្ពុជា។​ ហើយការពង្រីកសាខាបន្ថែមនេះក្រុមហ៊ុនបានលើកឡើងថាដោយសារខ្លួនមានអតិថិជនជាច្រើននៅក្នុងប្រទេសទាំងបីនេះ។

លោក Duong បានបញ្ជាក់ថា  "នៅចុងឆ្នាំនេះក្រុមហ៊ុន Toong នឹងបង្កើនទំហំការិយាល័យធ្វើការរួមគ្នាពី ៦,០០០ ម៉ែត្រការ៉េ ទៅ ១៣,០០០ ម៉ែត្រការ៉េ គិតទាំងនៅក្នុងទីផ្សារឡាវ និងកម្ពុជា។ លោក Duong និយាយថាសាខាថ្មីនៃការិយាល័យធ្វើការរួមគ្នានៅកម្ពុជាគឺគ្របដណ្តប់លើផ្ទៃដី៧០០ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញជាមួយនឹងរចនាបទរបស់ខ្មែរ។

នៅប្រទេសវៀតណាមក្រុមហ៊ុន Toong មានការិយាល័យធ្វើការរួមគ្នាចំនួនប្រាំពីរកន្លែងនៅក្នុងទីក្រុងហាណូយ និងហូជីមិញហើយគេរំពឹងថានឹងបន្ថែមទំហំ ៣,០០០ ម៉ែត្រការ៉េបន្ថែមទៀតនៅក្នុងទីក្រុងនីមួយៗនៅឆ្នាំនេះ។

ក្រុមហ៊ុន Toong បានបើកដំណើរការដំបូងរបស់ខ្លួននៅទីក្រុងហាណូយនៅខែសីហាឆ្នាំ២០១៥ ក្នុងទឹកប្រាក់វិនិយោគចំនួន ៣០០,០០០ ដុល្លារ ដែលទទួលបានទុនវិនិយោគិនពីវិនយោគិនពីររូបនៅក្នុងវិស័យអចលនទ្រព្យ និងវិស័យព័ត៌មានវិទ្យា (ICT)។

បច្ចុប្បន្នការិយាល័យធ្វើការរួមគ្នានេះឃើញមានច្រើនកន្លែងទាំងនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ការិយាល័យរួមមួយចំនួននៅក្នុងទីក្រុងភ្នំពេញមានដូចជា៖ Impact Hub Phnom Penh, Small world, Colap​ និងផ្សេងៗទៀត។ រីឯខេត្តសៀមរាបវិញមានដូចជា៖ The 1961 Co-working & Art Space និង Angkor Hub.

ទាក់ទងនឹងតម្លៃជួលការិយាល័យរួម អ្នកស្រី Olivia Hough ប្រធានប្រតិបត្តិការ​នៅការិយាល័យរួម Impact Hub ធ្លាប់បានឲ្យដឹងនិយាយថា “សម្រាប់សមាជិកពេញ ម៉ោងមានតម្លៃ៦០ដុល្លារ/ខែ ហើយសមាជិកមិនពេញម៉ោង(ជួល៣​ដងក្នុងមួយសប្តាហ៍) មានតម្លៃ៣៥​ដុល្លារ/ខែ។ បើជាសមាជិកពួកគេអាចជ្រើសរើសយកប្រភេទតុអង្គុយផ្ទាល់ ខ្លួនជាមួយនឹងកូនសោរផ្ទាល់ខ្លួនមួយក្នុងតម្លៃ១៥០ដុល្លារ/ខែ។

រីឯលោក Loven Ramos ជានាយកគ្រប់គ្រងនៅ The 1961 Co-working and Art Space នៅខេត្តសៀមរាបបាននិយាយថាតម្លៃគឺអាស្រ័យលើតម្រូវការរបស់សមាជិក។ ប្រសិនបើសមាជិកជួល ក្នុង១ថ្ងៃគឺមានតម្លៃ៥ដុល្លារ ជួលរយៈពេល៣​​ថ្ងៃគឺ១០​ដុល្លារ ជួលមួយសប្តាហ៍គឺ២០​ដុល្លារហើយសម្រាប់រយៈការជួលមួយខែគឺ១០០​ដុល្លារ។

ប៉ុន្តែលោក Loven បានលើកឡើងដែរថាតម្លៃជួលក៏អាស្រ័យទៅតាមរដូវកាលផងដែរពោលគឺ ការិយាល័យនឹងជួលក្នុងតម្លៃទាបពេលមានសមាជិកតិចតែសម្រាប់រដូវ ដែលមានសមាជិកច្រើនវិញ តម្លៃក៏កើនឡើងខ្ពស់ដែរ។ ​បើទោះបីយ៉ាងណាតម្លៃនៃការជួលការិយាល័យរួម នេះនៅតែទាបជាងការជួលការិយាល័យផ្តាច់មុខ ឬក៏នៅហាងកាហ្វេ ដែលមិនមានអ៊ីនធើណិតប្រើងាយស្រួល និងបរិយាកាសល្អបែបនេះឡើយ។

ការិយាល័យធ្វើការរួមគ្នាមិនត្រឹមតែជាកន្លែងសម្រាប់តែធ្វើការរួមគ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបរិស្ថាននៃកន្លែងធ្វើការបែបថ្មីមួយសម្រាប់សហគ្រិន និងអ្នកធ្វើអាជីវកម្មក្មេងៗ ជាច្រើនទៀត។ ធ្វើការជាមួយការិយាល័យធ្វើការួមគ្នាក៏ជាឱកាសដ៏ល្អក្នុងការរៀនសូត្រ និងបង្កើតទំនាក់ទំនងជាមួយគ្នាផងដែរ។ ដោយសារតែប្រភេទអាជីវកម្មថ្មីៗទំនងជានៅតែ កើតមានច្រើន យើងរំពឹងថាវិស័យការិយាល័យ រួមនៅតែបន្តពរីកចម្រើនទៅមុខបន្ថែម។

ស្វែងរកការិយាល័យជួលនៅក្នុងក្រុងភ្នំពេញតាមរយៈ Realestate.com.kh!

Comments