(រូបភាពតំណាង)
«គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ» របស់រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយឥតសំណងក្នុងទំហំទឹកប្រាក់ជិត២៧ម៉ឺនដុល្លារសម្រាប់ការស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រនៅខេត្តឧត្តរមានជ័យ ប្រព័ន្ធធារាសាស្ត្រនៅខេត្ត បាត់ដំបង និងការបំពាក់គ្រឿងបរិក្ខារសិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគខេត្តបាត់ដំបង ។
ការផ្ដល់ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុននេះធ្វើឡើងនារសៀលថ្ងៃទី១៣ ខែមីនាឆ្នាំ ២០១៩ ដោយមានការចូលរួមដោយ ឯកឧត្ដម ហូរីណូអ៊ុជិ ហ៊ីដេហ៊ិសា ឯកអគ្គរាជទូត ជប៉ុន ប្រចាំកម្ពុជា និងតំណាងទទួលជំនួយទាំង៣របស់កម្ពុជា។
អានអត្ថបទបន្ថែមអំពី៖ ហេតុផលធំទាំង៤នេះដែលធ្វើឱ្យជនជាតិចិនប្រមូលទិញអចលនទ្រព្យនៅបរទេស!
ឯកឧត្ដម ហូរីណូអ៊ុជិ ហ៊ីដេហ៊ិសា បានបញ្ជាក់ថារដ្ឋាភិបាលជប៉ុនផ្ដល់ជំនួយជិត៩ម៉ឺនដុល្លារដដល់ប្រធានមន្ទីរធនធានទឹក ខេត្តឧត្តរមានជ័យ សម្រាប់ការស្ដារប្រព័ន្ធធារាសាស្ត្រទំនប់អូរស្នូក មានប្រវែង ១០៥០ ម៉ែត្រ ដែលមានទីតាំងក្នុង ក្រុង សំរោង ខេត្ត ឧត្តរមានជ័យ។ ក្នុងគម្រោងនេះផ្ទាល់នឹងផ្ដល់ប្រយោជន៍ដល់ប្រជាជន ប្រមាណ១៣០០នាក់អាចទទួលបានប្រព័ន្ធស្រោចស្រពមានស្ថេរភាព និងអាចបង្កើនផ្ទៃដីកសិកម្មផងដែរ ។
សម្រាប់គម្រោងទី២មានថវិកាជិត៩ម៉ឺនដុល្លារ ជួយដល់ប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង ការស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រ បឹងខ្ទុំ ប្រវែង១៦៥០ម៉ែត្រ ដែលមានទីតាំងក្នុង ស្រុកថ្មគោល ខេត្តបាត់ដំបង។ ក្នុងគម្រោងនេះផ្ទាល់អាចផ្ដល់ប្រយោជន៍ដល់ប្រជាជនជាច្រើន រយនាក់ក្នុងការងារកសិកម្មជាពិសេសដំណាំស្រូវសែនក្រអូប។
គម្រោងទី៣មានថវិកាជាង៨ម៉ឺន៥ពាន់ដុល្លារ ដោយគម្រោងមួយនេះជួយដល់ការពង្រីកបន្ថែមបរិក្ខារសាលារៀន និងតម្លើងសម្ភារៈ បណ្ដុះបណ្ដាល ក្នុងវិទ្យាស្ថាន ពហុបច្ចេកទេសភូមិភាគខេត្តបាត់ដំបង ។
គួរបញ្ជាក់ផងដែរថាជំនួយឥតសំណងទាំង៣គម្រោងខាងលើនេះគឺស្ថិតក្រោមជំនួយឧបត្ថម្ភឥតសំណងសម្រាប់ គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិដែលជប៉ុនជួយដល់កម្ពុជា តាំងពីឆ្នាំ ១៩៩១មកម្ល៉េះ ៕
ប្រភពពី៖ ទូរទស្សន៍បាយ័ន
Comments