ការធ្វើឱ្យប្រាកដថាទទួលបានអ្នកជួលដ៏ល្អបំផុតសម្រាប់អចលនទ្រព្យគឺមិនមែនជាការងារងាយស្រួលនោះទេ។ ប៉ុន្តែមានគន្លឹះសំខាន់ៗមួយចំនួនដែលអាចធ្វើឱ្យអ្នកទទួលបានលទ្ធផលជាទី គួបចិត្ត។
សប្តាហ៍មុននៅក្នុងអត្ថបទ "គន្លឹះទាក់ទាញអ្នកជួលផ្ទះសម្រាប់រយៈពេលវែង-ភាគទី១" យើងបានពិភាក្សាគ្នាខ្លះៗរួចមកហើយ។ នៅក្នុងអត្ថបទភាគទី២នេះយើងនឹងពិភាក្សាបន្តដើម្បីឲ្យ លោកអ្នកយល់កាន់តែច្បាស់នឹងជៀសវាងអំពីកំហុសឆ្គងមួយចំនួន។ សូមអរគុណដល់ Realestate.com.kh ដែលបានផ្តល់ជូនអត្ថបទដ៏មានប្រយោជន៍!
ស្គាល់អំពីដៃគូប្រកួតប្រជែង
ត្រូវដឹងព័ត៌មានអំពីដៃគូប្រកួតប្រជែងរបស់អ្នកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន តួយ៉ាងត្រូវដឹងថាតើដៃគូប្រកួតប្រជែងរបស់អ្នកផ្តល់អ្វីខ្លះដល់អ្នកជួល។ នៅពេលដែលលោកអ្នកដឹង អំពីដៃគូប្រកួតប្រជែងយើងកាន់តែច្រើនលោកអ្នកនឹងអាចទាញយកប្រយោជន៍បានមួយចំនួននៅពេលដែលដៃគូប្រកួតប្រជែងរបស់អ្នកមានចំណុចខ្វះខាត។
ធ្វើការសាកសួរនៅក្នុងតំបន់រស់នៅផ្ទាល់ខ្លួនរបស់អ្នកដើម្បីដឹងថាតើដៃគូរប្រកួតប្រជែងរបស់អ្នកមានចំនួនប៉ុន្មានក៏ដូចជាត្រូវតែដឹងថាតើពួកគេផ្តល់ជូនអ្វីខ្លះដល់អ្នកជួល តម្លៃជួល និងប្រភេទអចលនទ្រព្យសម្រាប់ជួលជាដើម។
អ្នកអាចធ្វើការផ្សព្វផ្សាយអចលនទ្រព្យរបស់អ្នកកាន់តែទូលាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយអ៊ីនធើណេតដែលជាជម្រើសដ៏ល្អតួយ៉ាងគេហទំព័រ Realestate.com.kh ពិតជាអាចជួយ លោកអ្នកបាន។
ធ្វើឲ្យអ្នកជួលដឹងថាអ្នកជាម្ចាស់ផ្ទះដ៏ល្អម្នាក់
សម្រាប់អ្នកដែលស្វែងរកផ្ទះសម្រាប់ជួលគឺមិនស្ទាក់ស្ទើរឡើងនៅពេលដែលដឹងថាអ្នកជាម្ចាស់ផ្ទះដ៏ល្អម្នាក់។ ដូចនេះក្នុងនាមជាម្ចាស់ផ្ទះជួលអ្នកត្រូវតែផ្តល់ទំនុកចិត្ត និងមានការគោរពទៅកាន់អ្នកជួល។ ជាការល្អបំផុតនៅពេលអតីតអ្នកជួលផ្ទះរបស់អ្នកនិយាយល្អពីអ្នក។
ដឹងអំពីប្រវត្តិអ្នកជួលឲ្យបានច្បាស់លាស់
នេះជារឿងសំខាន់ណាស់ដែលអ្នកត្រូវតែធ្វើ។ ដឹងអំពីប្រវត្តិរបស់អ្នកជួលដើម្បីប្រាកដថាអ្នកជួលផ្ទះនោះជាមនុស្សត្រឹមត្រូវដែលមិនជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាស់ណាមួយ។ អ្នកអាចសើបសួរប្រវត្តិអ្នកជួលពីម្ចាស់ផ្ទះដែលបុគ្គលនោះធ្លាប់ជួលពីមុនមកនេះក៏ជាវិធីសាស្រ្តដ៏ល្អមួយផងដែរ។
ហ្គូហ្គោលក៏អាចជួយអ្នកសើបអំពីប្រវត្តិសង្ខេបពីបុគ្គលនោះបានផងដែរ។ មនុស្សសម័យថ្មីពួកគេតែងតែប្រើបណ្តាញសង្គមមានដូចជា៖ Facebook, Instagram, Twitter, LinkedIn ជាដើម ដូចនេះព័ត៌មានជាច្រើនត្រូវបានពួកគេចែកចាយតាមបណ្តាញសង្គមទាំងអស់នេះ។
ធ្វើការសម្រេចចិត្តឲ្យបានល្អិតល្អន់
មុននឹងធ្វើការសម្រេចចិត្តជួលត្រូវធ្វើការគិតគូឲ្យបានដិតដល់។ មិនមានន័យថាឲ្យតែមានអ្នកដែលមានបំណងជួលយើងត្រូវតែធ្វើការជួលអោយភ្លាមនោះទេ។
ត្រូវមានកិច្ចសន្យាជួល
កិច្ចសន្យាជួលដ៏ត្រឹមត្រូវមួយត្រូវមានចែងយ៉ាងច្បាស់លាស់អំពីលក្ខន្តិកៈរវាងម្ចាស់អចលនទ្រព្យ និងអ្នកជួលដែលរួមបញ្ចូលទាំងបទបញ្ជាផ្ទៃក្នុងកំឡុងពេលស្នាក់នៅទាំងនេះរាប់បញ្ចូល ទាំងចំនួនអ្នកដែលត្រូវបានអនុញ្ញាតឲ្យស្នាក់នៅផងដែរ៕
Comments