+855 92 92 1000
Logo
គន្លឹះសំខាន់ៗដែលអ្នកទិញផ្ទះក្នុងបុរីគួរយល់ដឹង ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗ
Updated on: June 7, 2022, 3:10 a.m.
Published on: July 13, 2017, 1:42 a.m.

គន្លឹះសំខាន់ៗដែលអ្នកទិញផ្ទះក្នុងបុរីគួរយល់ដឹង ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗ


អត្ថបទព័ត៌មាន

(រូបភាពពីលើអាកាសនៃគម្រោងបុរីមួយនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ/ ផន សីហា) 

នៅពេលអ្នកទិញលំនៅដ្ឋាននៅក្នុងគម្រោងបុរី មានចំនុចសំខាន់មួយចំនួនអ្នកត្រូវពិចារណាឲ្យបាន ម៉ត់ចត់មុនពេលអ្នកសម្រេចចិត្តទិញលំនៅដ្ឋានប្រភេទនេះ។​

តើគម្រោងលំនៅដ្ឋានប្រភេទបុរីមានចំណុចពិសេសអ្វីខ្លះផ្ដល់ជូនលោកអ្នក?

បុរីមានន័យថាគឺជាបណ្តុំនៃលំនៅដ្ឋាននៅក្នុងសហគមន៍មួយ ហើយលំនៅដ្ឋាននៅក្នុងគម្រោងបុរីនោះរួមមាន៖ វីឡា ផ្ទះល្វែង ផ្ទះអាជីវកម្ម ពេលខ្លះមានសំណង់ខុនដូផងដែរ។

គម្រោងអភិវឌ្ឍន៍បុរីមានអចលនទ្រព្យច្រើនប្រភេទនៅក្នុងនោះផងដែរសម្រាប់ឯកជន និងគ្រួសារជាធម្មតាវាមាន ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មផ្សេងៗមានដូចជា៖ ផ្លូវថ្នល់ ប្រព័ន្ធទឹកភ្លើង និងការរៀបចំទុកដាក់សំរាមជាដើម។ ចំណុចសំខាន់ដែល មាននៅក្នុងបុរីគឺទីធ្លាធំទូលាយ និងមានសុវត្ថិភាពខ្ពស់។

លំនៅដ្ឋាននៅក្នុងគម្រោងអភិវឌ្ឍន៍បុរីគឺជាជម្រើសមួយដ៏ល្អដោយសារផ្ទះថ្មីរបស់អ្នកស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ និងមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវមានន័យថាការរស់នៅជាសហគមធានាបាន នូវស្តង់ដារខ្ពស់ប្រកបដោយភាពទាន់សម័យ និងសុវត្ថិភាព។ ចំណុចទាំងនេះត្រូវបានក្លាយជាសក្តានុពលមួយសម្រាប់ធ្វើការវិនិយោគ។ ផ្ទះនៅក្នុងបុរីមានភាពល្អជាងផ្ទះដែលមិនស្ថិតនៅក្នុងគម្រោងបុរី។​

តើគម្រោងអភិវឌ្ឍន៍បុរីមានទីតាំងនៅកន្លែងណាខ្លះ?

គម្រោងអភិវឌ្ឍន៍បុរីភាគច្រើនស្ថិតនៅជាយទីក្រុងភ្នំពេញ  មានគម្រោងមួយចំនួនតូចប៉ុណ្ណោះស្ថិតនៅក្នុងក្រុងដោយសារតែជាយក្រុងសល់ដីទំនេរច្រើនសម្រាប់ធ្វើការអភិវឌ្ឍន៍។ ទីតាំងដែលមានសក្ដានុពលផ្សេងទៀតសម្រាប់ការអភវិឌ្ឍគម្រោងបុរីមានដូចជា៖ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង។

(គម្រោងបុរីមួយនៅក្នុងខណ្ឌសែន សុខ ជាខណ្ឌមួយក្នុងរាជធានីភ្នំពេញដែលកំពុងមានការពេញនិយមខ្លាំងសម្រាប់ការអភវិឌ្ឍគម្រោងបុរី/ Realestate.com.kh) 

ទន្ទឹមនឹងនេះផងដែរមានគម្រោងមួយចំនួនបាន សាងសង់នៅជិតតំបន់សេដ្ឋកិច្ចពិសេសដែលមានរោងចក្រធំៗជាដើម។

ម្ចាស់គម្រោងអភិវឌ្ឍន៍ទាំងនោះបានជ្រើសរើសតំបន់អភិវឌ្ឍន៍នៅលើទីតាំងដូចជា៖ ដីស្រែចំការ ឬបឹងជាដើម ដើម្បីប្រែក្លាយតំបន់ទាំងនោះក្លាយជាទីក្រុងតូចៗ។ ការអភិវឌ្ឍន៍គម្រោងបុរីកាន់តែច្រើនដោយសារមានការពង្រីកទីក្រុង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរ ទាំងអស់នេះក៏បានក្លាយជាកត្តាមួយនាំឲ្យតម្លៃឡើងថ្លៃបន្ទាប់ពីគម្រោងទាំងនោះបានបញ្ចប់។

តើជនបរទេសអាចទិញលំនៅដ្ឋានប្រភេទបុរីបានដែរឬទេ?

ជនបរទេសមិនមានសិទ្ធិទិញផ្ទះនៅក្នុងបុរីបាននោះទេ យោងតាមមាត្រា៨នៃច្បាប់ភូមិបាលបានចែងថា "ជនបរទេសណា ដែលបានក្លែងបន្លំសញ្ជាតិដើម្បីក្លាយខ្លួនជាម្ចាស់កម្មសិទ្ធនៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាត្រូវទទួលទោសតាមច្បាប់ក្រោមមាត្រា២៥១នៃច្បាប់នេះ ហើយត្រូវដកហូតអចលនទ្រព្យដែលបានទិញនោះដាក់ជាទ្រព្យសម្បត្តិរបស់រដ្ឋវិញ ដោយគ្មានការផ្ដល់សំណងអ្វីទាំងអស់" ដោយឡែកគម្រោងបុរីក៏មានខុនដូសម្រាប់លក់ផងដែរជាមួយប័ណ្ណកម្មសិទ្ធិរួមសម្រាប់ជនបរទេស ឬការទិញដោយភាគីតំណាងដែលជាជនជាតិខ្មែរ។

តើជនជាតិខ្មែរអាចទិញផ្ទះនៅក្នុងគម្រោងបុរីបានដែរឬទេ?

ជនជាតិខ្មែរមានសិទ្ធិទិញផ្ទះនៅក្នុងគម្រោងបុរីបានដោយគ្មានបញ្ហាអ្វីទាំង ដរាបណាពួកគេមាន ឯកសារគ្រប់គ្រាន់ និង លទ្ធភាពបង់ប្រាក់ថ្លៃផ្ទះ។ 

មុនពេលទិញផ្ទះនៅក្នុងគម្រោងបុរីតើយើងត្រូវពិនិត្យមើលលើចំណុចអ្វីខ្លះ?

អ្នកអភិវឌ្ឍន៍ជាច្រើនបានហៅខ្លួនឯងថាបុរី ប៉ុន្តែជាក់ស្តែងមានតែឈ្មោះតែប៉ុណ្ណោះដោយគ្មានការទទួលស្គាល់ ឬឯកសារផ្លូវច្បាប់ណាមួួយឡើយ ការហៅបែបនេះដើម្បីធ្វើពាណិជ្ជកម្មផ្សព្វផ្សាយតែប៉ុណ្ណោះ។ អ្នកទិញត្រូ​វតែពិនិត្យឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តទិញតួយ៉ាងមានឯកសារធំៗចំនួន៥ដែលអាចធ្វើឲ្យយើងប្រាកដក្នុងចិត្តមុនពេលអ្នកសម្រេចចិត្តទិញ។

(បន្ទប់ទទួលភ្ញៀវដែលមានការតុបតែងយ៉ាងស្រស់ស្អាតនៅក្នុងគម្រោងបុរីមួយក្នុងរាជធានីភ្នំពេញ / Realestate.com.kh)

ឯកសារចាំបាច់សំខាន់ៗទាំង៥មានដូចជា៖ ប្លង់រឹង លិខិតចុះបញ្ជីក្រុមហ៊ុនផែនការមេអាជ្ញាប័ណ្ណសាងសង់ និងអាជ្ញាប័ណ្ណបុរី ៖ 

  1. ប្លង់រឹង៖ អ្នកត្រូវប្រាកដថាម្ចាស់គម្រោងមានសិទ្ធិកាន់​កាប់ស្របច្បាប់ទៅលើគម្រោងអភិវឌ្ឍន៍​នេះ ហើយ​គម្រោងបុរីដែលអ្នកមានបំណងទិញត្រូវមានប្លង់រឹងមេមួយដែល​ត្រូវ​ធ្វើ​ការបែង​ចែក​ប្លង់រឹងទៅឲ្យម្ចាស់ផ្ទះនីមួយៗជាចំាបាច់។  ឯកសារខាងលើវាពិតជាចំណុចចាំបាច់ត្រូវយល់ដឹងដើម្បីកុំឲ្យមានការខាតបង់ថវិកាជា​យ​ថាហេតុនៅពេលអ្នកទិញគម្រោងបុរីណាមួយ។
  2. លិខិតចុះបញ្ជីក្រុមហ៊ុន៖ ក្រុមហ៊ុនអភិវឌ្ឍន៍ទំាងអស់ត្រូវមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មដើម្បីទទួលសិទ្ធិក្នុងការប្រកបរបរអាជីវកម្មនេះជាកាតព្វកិច្ចដែលក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវតែបំពេញជាចាំបាច់។ 
  3. ផែនការមេ៖ ផែនការមេរបស់គម្រោងបុរីគឺជាប្លង់មេដ៏សំខាន់របស់គម្រោង។ វាបង្ហាញពីប្លង់រួម នៃគម្រោងមានដូចជា ហេដ្ឋារចនាសម្ព័ន្ធ និង លំនៅដ្ឋានគ្រប់ប្រភេទទាំងអស់ដែលមាននៅ ក្នុងគម្រោងនេះ។ មុនពេលផ្តល់អាជ្ញាប័ណ្ណសាងសង់ទៅឲ្យគម្រោងអភិវឌ្ឍន៍ណាមួយក្រសួងរៀបចំដែនដី នគរូ​បនីយកម្ម​ និង​សំណង់តម្រូវឲ្យម្ចាស់គម្រោងធ្វើបទបង្ហាញពីផែនការមេនៃគម្រោង របស់ពួកគេជាមុនសិន។ ការអភិវឌ្ឍទំាងអស់ត្រូវគោរពតាមគោលការណ៍នៃការ​ផែនការមេ​សម្រាប់​​​អភិវឌ្ឍទីក្រុង និយាយជារួមការមានផែនការមេមួយច្បាស់លាស់​វាពិតជាធ្វើ​ឲ្យ​គម្រោង​​បុរីនោះ​អាចដំណើរការ បានប្រកបដោយស្តង់ដារខ្ពស់។
  4. អាជ្ញាបណ្ណសាងសង់ ក្រៅពីផែនការមេគម្រោងបុរីត្រូវតែមានអាជ្ញាបណ្ណសាងសង់ត្រឹមត្រូវដែលចេញដោយ ក្រសួងរៀបចំដែនដី នគរូ​បនីយកម្ម​ និង​សំណង់។ ដើម្បីទទួលបានអាជ្ញាបណ្ណនេះ ម្ចាស់គម្រោងត្រូវមានផែនការមេ​ ប្រាក់តម្កល់២%   ប្រភពប្រាក់ចំណូលច្បាស់លាស់ ដើមទុន និងទ្រព្យផ្សេងៗទៀតដែលជួយគាំទ្រដល់គម្រោងនោះ។
  5. អាជ្ញាបណ្ណបុរីឯកសារសំខាន់ដែលអ្នកត្រូវតែត្រួតពិនិត្យផងដែរនោះគឺអាជ្ញាបណ្ណបុរី។ នៅពេលដែលបុរីមានឯកសារនេះបានន័យថាបុរីនេះជាបុរីដែលទទួលស្គាល់ដោយ​​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ តួយ៉ាងមានគម្រោងផ្ទះល្វែងមួយចំនួនដែលមានការសាងសង់មានភាព​ប្រហាក់ប្រហែលទៅនឹងគម្រោងបុរី ប៉ុន្តែពួកគេមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវចេញដោយក្រសួងឡើយ​ ដោយសារពួកគេចង់ជៀសវាងការចំណាយច្រើនក៏ដូចជាគេចវេសពីការត្រួតពិនិត្យបទដ្ឋានផ្លូវច្បាប់ផ្សេងៗ។ ដូច្នេះការទិញផ្ទះពីគម្រោងដែលមិនមានអាជ្ញាបណ្ណត្រឹមត្រូវគឺមានការប្រឈមជាមួយហានិភ័យខ្ពស់។

តើខ្ញុំគួរទិញផ្ទះនៅក្នុងគម្រោងបុរីជាមួយប្លង់រឹង ឬប្លង់ទន់?

ជាទូទៅអ្នកអាចទិញលំនៅដ្ឋានជាមួយប្លង់រឹង ឬ ប្លង់ទន់ ប៉ុន្តែចំណុចសំខាន់អ្នកត្រូវពិនិត្យឲ្យ បានច្បាស់លាស់គឺថាអ្នកអភិវឌ្ឍគម្រោងនោះមានប្លង់រឹងមេមួយសម្រាប់គម្រោងអភិវឌ្ឍន៍ដែរឬទេ។

កញ្ញា ឡាយ សូលីដា មេធាវីប្រចំាក្រុមហ៊ុនច្បាប់មួយនៅរាជធានីភ្នំពេញបាននិយាយថា "មុនពេលទិញបុរីត្រូវប្រាកដថាគម្រោងបុរីនោះមានការចុះបញ្ជីអាជ្ញាបណ្ណអនុញ្ញាតត្រឹមត្រូវហើយត្រូវប្រាកដថាបុរីនោះមានកាន់កាប់ប្លង់រឹងមេត្រឹមត្រូវ ដែលអាចបែងចែកប្លង់រឹងមកឲ្យអ្នកដែលទិញផ្ទះ នៅក្នុងបុរី។" 

គម្រោងបុរីត្រូវមានប្លង់រឹងមេមួយដើម្បីបញ្ជាក់អំពីសិទ្ធិពេញលេញក្នុងការអភិវឌ្ឍគម្រោង។ 

លោកតារ៉ាដែលទើបទិញផ្ទះក្នុងគម្រោងបុរីមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ គាត់បាននិយាយថាគាត់បានដឹងរួចទៅហើយនៃនិតិវិធីទាំងនេះ គាត់បានបន្ថែមថា "ខ្ញុំទិញផ្ទះមួយកន្លែងដោយជ្រើសរើសការបង់ប្រាក់រំលោះជាមួយគម្រោងបុរីនោះផ្ទាល់តែម្តងដោយមិនទាន់បានប្លង់រឹងនោះទេ ដំបូងគេចេញត្រឹមលិខិតទិញលក់តែប៉ុណ្ណោះ រហូតដល់ការបង់ប្រាក់រំលោះបានបញ្ចប់ទើបខាងបុរីចេញប្លង់ទន់ ក្នុងករណីនេះអ្នកត្រូវធ្វើលិខិតពាក់ព័ន្ធផ្សេងៗដើម្បីធ្វើប្លង់រឹងដោយខ្លួនឯង។"

ក្នុងករណីនេះ លោក ឃាង ពុទ្ធី ​ដែលជាអគ្គនាយកក្រុមហ៊ុនភ្នាក់ងារ​អចលនទ្រព្យប្រចាំក្រុមហ៊ុន Sleuk Rith Realty ក្នុងផ្តល់បទសំភាសន៍ជាមួយសារព័ត៌មានពាណិជ្ជកម្មកម្ពុជា លោកបាននិយាយថា  “យើងត្រូវពិនិត្យមើលឯកសារដូចជា៖ បណ្ណកម្មសិទ្ធិ​ ច្បាប់សាងសង់របស់ម្ចាស់បុរីក៏ដូចជាអាជ្ញាបណ្ណពាក់ព័ន្ធចេញដោយក្រសួងពាក់ព័ន្ធនានា។ ការធ្វើបែបនេះយើងនឹងមានសុវត្ថិភាពនៅពេលដែលយើងមានឯកសារគ្រប់គ្រាន់ទំាងអស់នេះ។”

(ចង្ក្រានបាយទំនើបបែបបស្ចិមប្រទេសនៅក្នុងផ្ទះគំរូនៃគម្រោងបុរីមួយក្នុងរាជធានីភ្នំពេញ/ Realestate.com.kh) 

ត្រូវធ្វើដូចម្ដេចក្នុងករណីម្ចាស់គម្រោងមានប្លង់រឹង ប៉ុន្ដែចេញត្រឹមប្លង់ទន់ឲ្យអ្នកទិញផ្ទះ? 

ក្នុងករណីនេះលោក ចេង សុខនៅ ជាមន្រ្តីឥណទានប្រចំាធនាគារអេស៊ីលីដាមានមតិសុទិដ្ឋិនិយមអំពីការទិញបុរីគាត់បាននិយាយថា

“វាមិនមែនជាបញ្ហាចោទអ្វីខ្លាំងនោះទេ។ទោះបីជាអ្នកទទួលបានតែប្លង់ទន់ក៏ដោយចំណុចសំខាន់យើងត្រូវប្រាកដថាគម្រោងបុរីដែលយើងទិញត្រូវតែស្របច្បាប់ត្រឹមត្រូវ។ដោយឡែកនៅពេលដែលបុរីនោះចេញត្រឹមប្លង់ទន់ក៏ដោយក៏យើងនៅតែមាន​សិទ្ធិធ្វើប្លង់រឹងដដែល។ វាមិនមានជាបញ្ហាចោទអ្វីនោះទេ។”

ហេតុអ្វីបានជាគម្រោងមេរបស់គម្រោងអភិវឌ្ឍន៍បុរីមានសារៈសំខាន់?

ផែនការមេពិតជាផ្នែកមួយសំខាន់ដែលអ្នកទិញគួរតែដឹង។ មុនពេលទទួលបានអាជ្ញាបណ្ណគម្រោង​​អភិវឌ្ឍន៍ក៏ត្រូវមានផែនការអភិវឌ្ឍន៍ច្បាស់លាស់ដើម្បីបង្ហាញ

ដល់ក្រសួង។ ក្រសួងធ្វើការត្រួតពិនិតថាតើការភិវឌ្ឍត្រឹមត្រូវនឹងអាចទទួលបានជោគជ័យ ឬក៏អត់នៅពេលអនាគត។  ក្នុងករណីមួយចំនួនក្រសួងត្រូវចុះទៅធ្វើការស្រាវជ្រាវលើយុទ្ធសាស្ត្រលក់របស់គម្រោងព្រោះពេលខ្លះម្ចាស់គម្រោងមិនបានធ្វើការសិក្សាស៊ីជម្រៅលើទីផ្សារជុំវិញតំបន់នោះឡើយ និងក្នុងហេតុផលមួយផ្សេងទៀតថាតើគម្រោងធ្វើការបំប៉ោងតម្លៃទីផ្សារដែរឬទេ។ ប្រសិនបើមានករណីនេះកើតឡើងក្រសួងនឹងចាត់វិធានការភ្លាមៗ។

តើអាជ្ញាប័ណ្ណបុរី អាជ្ញា​ប័ណ្ណសាងសង់ និង​លិខិតចុះបញ្ជីក្រុមហ៊ុនមានសារៈសំខាន់ដូចម្តេច?

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណងបានធ្វើសេចក្ដីប្រកាសរួមគ្នាមួយ ដែលតម្រូវឲ្យគម្រោងសាងសង់មួយចំនួនមកចុះបញ្ជីនៅក្រសួងពាក់ព័ន្ធដើម្បីចូលរួមចំណែក​ក្នុងការអភិវឌ្ឍន៍វិស័យអចលនទ្រព្យកម្ពុជា។

លោកស្រី ចាន់ សុជាតា ប្រធានការិយាល័យគ្រប់គ្រងអាជីវម្មអភិវឌ្ឍន៍លំនៅដ្ឋាននៃអគ្គនាយកដ្ឋានឧស្សាហកម្ម និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា “ជាទូទៅមុនពេលចេញអាជ្ញាបណ្ណដល់គម្រោងអភិវឌ្ឍន៍ណាមួយ ក្រសួងត្រូវធ្វើការត្រួតពិនិត្យទៅតាមលក្ខន្តិកៈដែលបានកំណត់ហើយស្វែងរកព័ត៌មានលម្អិតដូចជាប្រភពប្រាក់ចំណូលច្បាស់លាស់   ដើមទុន មានវត្ថុដាក់ធានា និងទ្រព្យសម្បត្តិផ្សេងៗទៀតដែលជួយគាំទ្រដល់គម្រោងនោះ។ ទាំងនេះគឺជាការការពារទាំង ម្ចាស់គម្រោង និងអ្នកទិញ។”

លោកស្រីបានផ្តល់ការណែនាំថា “គ្រប់អ្នកអភិវឌ្ឍន៍ទាំងអស់ត្រូវតែមានអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រាប់គម្រោងលំនៅដ្ឋានមួយ។     

តើខ្ញុំគួរតែត្រួតពិនិត្យអាជ្ញាបណ្ណនៃម្ចាស់គម្រោងអភិវឌ្ឍន៍ដែរទេ?

កត្តាដែលធ្វើឲ្យមានការព្រួយបារម្ភជាងគេនោះដោយសារតែម្ចាស់គម្រោងបុរីមួយចំនួនបានស្នើសុំច្បាប់អនុញ្ញាតសាងសង់ត្រឹមអាជ្ញាធរមូលដ្ឋានប៉ុណ្ណោះគឺមិនបានស្នើសុំអាជ្ញាប័ណ្ណត្រឹមត្រូវនោះឡើយ ដែល​ជាហេតុធ្វើឲ្យប៉ះពាល់ដល់អ្នកទិញ​ផ្ទះពាក់ព័ន្ធទៅនឹងការ​ទទួល​​កម្ម​សិទ្ធិ​ជាន់គ្នា។ 

ដូចនេះមុនពេលអ្នកសម្រេចចិត្តទិញផ្ទះគម្រោងបុរីណាមួយអ្នកត្រូវប្រាកដថាគម្រោងបុរីនោះជាគម្រោងស្របច្បាប់ និងមានឯក​សារផ្លូវច្បាប់សំខាន់ៗផ្សេងទៀតមានដូចជា៖ ផែនការមេ និងប្លង់រឹង។

(បន្ទប់គេងមេគ្រួសារនៅក្នុងគម្រោងបុរីដែលបានសាងសង់រួចនៅក្នុងរាជធានីភ្នំពេញ / Realestate.com.kh) 

តើអ្នកទិញគួរគិតអំពីផែនការថវិការរបស់គម្រោងបុរីដែរឬទេ?

ដូចបានរៀបរាប់ខាងដើមម្ចាស់គម្រោងបុរីបានសាងសង់គម្រោងរបស់ពួកគាត់ដោយប្រើប្រាស់ប្រភពថវិកាផ្សេងៗគ្នា។ មួយចំនួនបានថវិកាពីការស្នើឥណទានពីធនាគារ ខ្លះបានមកពីថវិកាផ្ទាល់របស់ក្រុមហ៊ុន ឯមួយចំនួនដាក់ផ្លាកលក់មុនដើម្បី​ទទួលថវិកាពីអតិថិជនយកមកដំណើរការគម្រោង។

សម្រាប់គម្រោងអភិវឌ្ឍន៍ដែលបានមកពីឥណទានធនាគារវាអាចជាគម្រោងដែលមានសុវត្ថិភាពសម្រាប់អ្នកទិញដោយសារ គម្រោងអភិវឌ្ឍន៍នោះត្រូវបានធ្វើការសិក្សាពីលក្ខខណ្ឌយ៉ាងល្អិតល្អន់ពីធនាគារទើបអាចទទួលបានហិរញ្ញវត្ថុយកមកវិនិយោគគម្រោង។

សម្រាប់គម្រោងអភិវឌ្ឍន៍ដែលចាំយកប្រាក់ពីអតិថិជនតាមរយៈការបង់រំលស់ គឺមានភាពប្រថុយប្រថានបន្តិចដោយសារម្ចាស់គម្រោងរងចាំទទួលប្រាក់ទាំងនោះដើម្បីធ្វើការសាងសង់បណ្តើរៗដោយគ្មានផែនការបញ្ចប់ច្បាស់លាស់។ 

តើខ្ញុំគួរទិញផ្ទះដោយការបង់រំលោះ ឬយ៉ាងណា?

តាមការលើកឡើងរបស់ លោក យិន លាងគង់ អ្នកនិពន្ធផ្នែកសេដ្ឋកិច្ចប្រចាំទូរទស្សន៍BTVបានឲ្យដឹងថា“តាមពិតទៅអ្នកអភិវឌ្ឍមួយចំនួនគឺបានប្រើវិធីសាស្រ្តការបង់ប្រាក់ដោយមិនមានប្រាក់កក់គឺមានន័យថាអតិថិជនអាចបង់ប្រាក់រំលោះបានតែម្តងនៅពេលការសាងសង់រួចរាល់យើងអាចចូលទៅនៅបានតែម្តង”​ ប៉ុន្តែលោកក៏បានសង្កត់ធ្ងន់ផងដែរថា “យើងត្រូវចំណាយពេលប្រមាណ៥ទៅ១០ឆ្នាំដើម្បីបង់ប្រាក់ហើយការចំណាយលើការបង់ថ្លៃផ្ទះអាចលើសពីតម្លៃដើមយ៉ាងច្រើន។” នេះជាការសម្រេចចិត្តរបស់អ្នកទិញ។

(ផ្ទះល្វែងដែលបានសាងសង់រួចនៅក្នុងគម្រោងបុរី VIP ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌដង្កោ ឬា / Realestate.com.kh) 

តើគួរទិញលំនៅដ្ឋានប្រភេទបុរីមុនពេលការសាងសង់បានបញ្ចប់ ឬយ៉ាងណា?

ការទិញលំនៅដ្ឋានដែលទើបចាប់ផ្តើមសាងសង់អាចមានតម្លៃទាបជាងតម្លៃដែលបានសាងសង់រួច ប៉ុន្តែនៅពេលដែលម្ចាស់អភិវឌ្ឍរងចាំប្រាក់ពីអតិថិនជនដើម្បីដំណើរការការសាងសង់ អ្នកទិញគួរតែរៀបចាំផែនការថវិកាឲ្យបានត្រឹមត្រូវមុនពេលធ្វើការបង់ប្រាក់។ វាអាចមានហានិយភ័យ ប្រសិនបើអ្នកទិញផ្ទះបែបនេះ។ ដូចបានរៀបរាប់ខាងដើមនៅពេលដែលអ្នកទិញមិនមានលទ្ធភាពបង់ប្រាក់ គម្រោងអភិវឌ្ឍន៍នេះនឹងត្រូវក្ស័យធនដោយសារតែមិនមានថវិកាគ្រប់គ្រាន់ដើម្បីបន្ដការសាងសង់។

ប៉ុន្ដែប្រសិនបើគម្រោងនោះជាគម្រោងដែលទទួលបានហិរញ្ញវត្ថុពីធនាគារវិញ វាមានភាពប្រសើរ និងសុវត្ថិភាពជាង សម្រាប់លោកអ្នកក្នុងការទិញផ្ទះក្នុងគម្រោងដែលទើបចាប់ផ្ដើមការសាងសង់។ 

កម្ចីសម្រាប់ទិញផ្ទះ

វាជាការប្រសើរប្រសិនបើអ្នកសាកសួរអំពីការផ្តល់ប្រាក់កម្ចីទិញផ្ទះក្នុងករណីអ្នកមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញដោយបង់ប្រាក់សរុបតែម្ដង។ 

នេះជាវិធីសាស្រ្តបង់ប្រាក់ដ៏ល្អមួយដើម្បីសម្រួលក្នុងការទទួលបានគេហដ្ឋានសម្រាប់រស់នៅ។ ម្យ៉ាងទៀតវាមិនចាំបាច់ចំណាយពេលសន្សំប្រាក់ដោយប្រើរយៈពេលយូរនោះឡើយ។​​ បច្ចុប្បន្ននេះមាន ធនាគារជាច្រើនៅក្នុងប្រទេសកម្ពុជាដែលផ្ដល់ប្រាក់កម្ចីសម្រាប់ទិញផ្ទះ ឬ អចលនទ្រព្យផ្សេងៗ ជាមួយ ការផ្ដល់ជូននូវអាត្រាការប្រាក់ខុសៗគ្នា។ 

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android

អត្ថបទដោយ

 

Comments