ភាពរីកចម្រើននៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាបានធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិដោយពួកគេអាចទាញយកផលប្រយោជន៍ជាច្រើនពីឱកាសវិនិយោគផ្សេងៗ។ ជាពិសេសគឺសម្រាប់វិនិយោគិនថ្មីថ្មោងដែលចង់ឈានជើងចូលទៅក្នុងទីផ្សារអចលនទ្រព្យ។
ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនពី Realestate.com.kh ដើម្បីជួយជាគំនិតដល់អ្នកវិនិយោគថ្មីថ្មោង នៅក្នុងទីផ្សារកម្ពុជា។ នៅក្នុងភាគទី១យើងនឹងពិភាក្សាពីសារៈសំខាន់នៃការកំណត់គោលបំណងច្បាស់លាស់ និងការវាយតម្លៃលើសក្តានុពលនៃការវិនិយោគអចលនទ្រព្យរបស់អ្នក។
ត្រូវមានគោលបំណងច្បាស់លាស់៖
មុនពេលធ្វើការសម្រេចចិត្តណាមួយដំបូងអ្នកត្រូវសួរខ្លួនអំពីប្រភេទនៃការវិនិយោគដែលអ្នកស្វែងរក និងភាពច្បាស់លាសក្នុងការវិនិយោគនោះ។ តើអ្នកកំពុងស្វែងរកអចលនទ្រព្យប្រភេទលំនៅដ្ឋាន ឬពាណិជ្ជកម្ម? តើអ្នកនឹងរស់នៅក្នុងអចលនទ្រព្យនេះ ហើយលក់ចេញវិញនៅពេលក្រោយដែរឬទេ? តើអ្នកមានគម្រោងនឹងរស់នៅ និងធ្វើអាជីវកម្មនៅក្នុងអចលនទ្រព្យនេះឬយ៉ាងណា? តើអ្នកនឹងវិនិយោគសម្រាប់រយៈពេលខ្លី ឬវែង? ទាំងនេះគឺជាសំណួរគន្លឹះដែលអ្នកគួរស្វែងរកចម្លើយឲ្យបានច្បាស់លាស់មុនពេលធ្វើការវិនិយោគ។
ជំហានដំបូងនេះនឹងជួយអ្នកក្នុងការកំណត់ជម្រើសយ៉ាងងាយស្រួលជាពិសេសនៅក្នុងទីផ្សារដូចជា៖ ប្រទេសកម្ពុជាដែលមានអចលនទ្រព្យច្រើនប្រភេទ និងមានឱកាសច្រើន។
ឧទាហរណ៍ ប្រសិនបើអ្នកកំពុងស្វែងរកលំនៅដ្ឋានដែលអ្នកអាចដាក់ជួល ឬលក់វិញបាននៅពេលក្រោយអ្នកគួរសិក្សាពីលំនៅដ្ឋានដូចជា ផ្ទះវីឡា ខុនដូ អាផាតមេន និងផ្ទះល្វែងនៅក្នុងផ្ទះបុរី និងចាប់ផ្តើមស្រាវជ្រាវលើតំបន់ណាមួយដែលអ្នកចង់បាន។ រាល់ព័ត៌មានគន្លឹះទាំងអស់នេះអាចរកបាននៅលើព័ត៌មានអនឡាញ និងសារព័ត៌មានបោះពុម្ភផ្សាយ។
ត្រួតពិនិត្យលើសក្តានុពលរបស់អចលនទ្រព្យ៖
កត្តានេះអាស្រ័យលើប្រភេទអចលនទ្រព្យ ដែលអ្នកបានជ្រើសរើសហើយនេះមានភាពចាំបាច់បំផុតសម្រាប់ការស្រាវជ្រាវបន្ថែមទៀតដូចជាទីតាំងដែលអាចមានតម្លៃទាប ដែលផ្តល់សក្តានុពលខ្ពស់សម្រាប់ភាពរីកចម្រើន និងប្រាក់ចំណេញ។ ភាពស្មោះត្រង់ជាមួយខ្លួនឯងអំពីអ្វីដែលអ្នកអាចមាន លទ្ធភាព និងផលចំណេញត្រលប់ពីការវិនិយោគគឺជាអ្វីដែលអ្នកត្រូវតែដឹងឲ្យបានច្បាស់លាស់។
សូមចងចាំថានៅពេលត្រួតពិនិត្យអំពីសក្តានុពលនៃអចលនទ្រព្យអ្នកនឹងត្រូវកំណត់កត្តាផ្សេងៗដូចជា ៖ ការថែទាំ ការជួសជុល និងការចំណាយលើអាជីវកម្មដែលពាក់ព័ន្ធនឹងអចលនទ្រព្យនេះ។ លក្ខខណ្ឌ នៃបង់ប្រាក់ ឥណទាន និងការប្រាក់ក៏នឹងផ្តល់ផលប៉ះពាល់ដល់ចំនួនទឹកប្រាក់សរុបដែលអ្នកត្រូវចំណាយ ដើម្បីធានាលើការវិនិយោគរបស់អ្នក។
ទាំងនេះគឺជាជំហានដំបូងដែលអ្នកត្រូវពិចារណាក្នុងនាមជាអ្នកវិនិយោថ្មីថ្មោងម្នាក់។ នៅក្នុងភាគទី២ សប្តាហ៍ក្រោយ យើងនឹងពិភាក្សាបន្ថែមលើការវាយតម្លៃសក្តានុពលរបស់នៃអចលនទ្រព្យ និងយន្តការការពារខ្លួនឯង និងការវិនិយោគក្នុងរយៈពេលវែង។
Comments