ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយពីប្រកាសស្តីអំពីការអភិវឌ្ឍដី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៥ ខែកញ្ញា នេះ លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម បានលើកឡើងពីវិធានការផ្លូវច្បាប់ លើអ្នកលក់ដីឡូតិ៍ ទាំងឡាយក្នុងករណីលក់ដីឡូតិ៍ខ្យល់ ឬលក់ដីឡូតិ៍ដែលមិនបានចុះបញ្ជីត្រឹមត្រូវ។ វិធានការនេះគឺចំពេលដែលវិស័យដីធ្លីកំពុងមានសន្ទុះខ្លាំង ហើយការពុះដីឡូតិ៍មួយចំនួនហាក់មានភាព អនាធិបតេយ្យ និងមិនបានគោរពតាមគោលការណ៍ច្បាប់ត្រឹមត្រូវ។
បច្ចុប្បន្នក្រសួងអនុម័តប្រកាសស្តីពីកាអភិវឌ្ឍដីហើយបន្ទាប់ពីការដាក់ឲ្យប្រើប្រាស់ជាផ្លូវការប្រកាសនេះនឹងអនុវត្តសម្រាប់គ្រប់ការអភិវឌ្ឍដីទាំងអស់រួមទាំងការពុះដីឡូតិ៍ផងដែរ។ គម្រោងដីឡូតិ៍ តម្រូវឲ្យសុំច្បាប់អនុញ្ញាតពីក្រសួងរៀបចំដែនដី ឬក៏ពីសាលារាជធានី-ខេត្ត ឬក៏ពីសាលាក្រុង-ស្រុក-ខណ្ឌ ទៅតាមទំហំសមត្ថកិច្ច។
ជាការក្រើនរំលឹក លោក ប៉ែន សុផល បានបញ្ជាក់ថា “មន្រ្តីជំនាញរបស់ក្រសួងរៀបចំដែនដី នឹងចាត់វិធានការជាក់លាក់តាមផ្លូវច្បាប់លើអ្នកលក់ដីឡូតិ៍ទាំងឡាយក្នុងករណីលក់ដីឡូតិ៍ខ្យល់ ឬលក់ដីឡូតិ៍ ដែលមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ។”
អ្នកឱកញ៉ា ចេង ខេង ដែលជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ CPL បានស្វាគមន៍ និងគាំទ្រចំពោះវិធានការថ្មីនេះរបស់ក្រសួងដែនដី។ លោកបានមានប្រសាសន៍ថា «ខ្ញុំគាំទ្រចំពោះចំណាត់ការរបស់ក្រសួង ដើម្បីបញ្ឍប់រាល់សកម្មភាពមិនស្របច្បាប់របស់អ្នកលក់ និងគម្រោងដីឡូតិ៍មួយចំនួននៅក្នុងប្រទេសកម្ពុជា»។
លោក បានបន្ថែមទៀតថាវិធាននេះគឺជាប្រយោជន៍ដល់វិស័យទាំងមូល ដើម្បីបន្តភាពរីកចម្រើនទៅមុខជានិច្ចជាមួយនឹងការ ធានាបាននូវការពារដល់គ្រប់ភាគីពាក់ព័ន្ធទាំងអ្នកលក់ អ្នកទិញនិងម្ចាស់គម្រោងស្របច្បាប់។
ជាមួយគ្នានេះ លោក សន សៀប ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ឃី រៀល អ៉ីស្ទេត បានមានប្រសាសន៍ថាការចាត់វិធានការ នេះជាសញ្ញាណវិជ្ជមានសម្រាប់វិស័យដីធ្លីពិសេសគឺការពុះដីឡូតិ៍ដោយសារបច្ចុប្បន្នវិស័យនេះកំពុងមានកំណើនខ្លាំង ហើយនៅពេលក្រសួងចាប់ផ្តើមងាកមកយកចិត្តទុកដាក់លើការរៀបចំ និងគ្រប់គ្រងទៅតាមស្តង់ដារសមស្រប នោះបញ្ហានឹងត្រូវបានដោះស្រាយ។
លោក សៀប បានបញ្ជាក់ថា កន្លងមក អ្នកទិញដីឡូតិ៍ធ្លាប់ជួបបញ្ហាដោយសារគម្រោងមួយចំនួន មានហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទឹក ភ្លើង និងផ្លូវមិនច្បាស់លាស់ ប្លង់កម្មសិទ្ធិមិនជាក់លាក់ និងមានបញ្ហានៅពេលរដ្ឋាភិបាលចាប់ផ្តើមអភិវឌ្ឍនៅក្នុងតំបន់នោះ។ លោក ជឿថា វិធានការរបស់ក្រសួង នឹងធ្វើអោយការពុះដីឡូតិ៍លក់កាន់តែមានភាពប្រសើរឡើង។
ទោះយ៉ាងណា អ្នកឱកញ៉ា ចេង ខេង មើលឃើញថាបច្ចុប្បន្នរវាងរដ្ឋ និងវិស័យឯកជននៅតែត្រូវការការពិភាក្សារួមគ្នាដើម្បីស្វែងរកដំណោះស្រាយសមស្របមួយជួយឲ្យវិស័យអចលនទ្រព្យនៅតែបន្តភាពរីកចម្រើនប្រកបដោយចីរភាព៕
Comments