គម្រោងសាងសង់ព្រែកជីកក្រាអាចនឹងកើតឡើងនៅពេលឆាប់ៗនេះ ដោយការសាងសង់នេះគឺស្ថិតនៅក្នុងគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ប្រទេសចិន ដោយប្រទេសចិនមានគោលដៅតភ្ជាប់ប្រទេសចិនជាមួយបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ អឺរ៉ុប អាស៊ី និងអាហ្វ្រិក តាមរយៈគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខ្លួន។
គំនិតផ្ដួតផ្ដើមលើការសាងសង់ព្រែកជីកក្រា គឺមានចាប់តាំងពី៣០០ឆ្នាំមុខមកម្លេះ ពេលនោះស្ដេចថៃ ព្រះនាម រាម៉ា ទី ៥ បានឲ្យបារាំងសិក្សាលើព្រែកជីកមួយនេះ ប៉ុន្ដែពេលនោះ ការសាងសង់នេះមិន ទាន់អាចធ្វើទៅបានដោយសារតែបច្ចេកវិទ្យាសម័យនោះនៅមានកម្រិតនៅឡើយ។
ព្រែកជីកក្រា គឺជាគម្រោងព្រែកជីកសិប្បនិម្មិតតម្លៃ ២៨ ពាន់លានដុល្លារនៅភាគខាងត្បូងនៃប្រទេសថៃ ដែលប្រវែងជាង ១០០ គីឡូម៉ែត្រជាផ្លូវកាត់តភ្ជាប់សមុទ្រឥណ្ឌា និងសមុទ្រចិន។ គម្រោងនេះអាចជួយកាត់បន្ថយការធ្វើដំណើរផ្លូវទឹកបានយ៉ាងហោចណាស់ ១,០០០ គីឡូម៉ែត្រ។
ទោះយ៉ាងណា គម្រោងនេះមិនទាន់បានចេញជារូបរាងនៅឡើយទេ។ ទើបតែពេលថ្មីៗនេះ ដែលលោក ប្រាយ៉ុត ចាន់អូចារ នាយករដ្ឋមន្រ្តីប្រទេសថៃ បានចេញបញ្ជាទៅកាន់ស្ថាប័នចំនួនពីរ ឲ្យត្រួតពិនិត្យគម្រោងព្រែកជីកនៅភាគត្បូងប្រទេសមួយនេះ។
ជាមួយគ្នានេះដែរ ចិនបានបញ្ជាក់ថានឹងគាំទ្រយ៉ាងពេញទំហឹងដល់គម្រោងនៃព្រែកជីកនេះ ព្រោះវាអាចកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញ ដែលខ្លួនត្រូវដឹកកាត់តាមច្រកម៉ាឡាកាចន្លោះម៉ាឡេស៊ី និងសិង្ហបុរី ។
បញ្ហាចោទសំខាន់បំផុតរបស់ប្រទេសថៃលើគម្រោងនេះគឺការបំបែករដ្ឋភាគត្បូង ដោយតំបន់ភាគត្បូងរបស់ថៃគឺពោរពេញដោយក្រុមឥស្លាមជ្រុលនិយម ហើយមានបំណងផ្ដាច់ខ្លួនពីប្រទេសថៃ។
ក្នុងករណីនេះ ប្រសិនជាកាត់ផ្ដាច់ព្រែកជីកមួយនេះ វាដូចជាផ្ដល់ភាពងាយស្រួលមែនទែនសម្រាប់ក្រុមទាមទាឯករាជ្យរបស់ឥស្លាមជ្រុលនិយម។
គួររំលឹកផងដែរថា ប្រទេសសិង្ហបុរីជាទីកំពង់ផែដ៍ធំរបស់នាវាដឹកជញ្ជូននៅក្នុងតំបន់ ដោយឆ្លងកាត់ប្រទេសអាស៊ី អាហ្វ្រិក អឺរ៉ុប និងតំបន់ផ្សេងៗទៀត។ដូចនេះ ច្បាស់ណាស់ ប្រសិនគម្រោងនេះចេញជារូបរាង ប្រទេសសិង្ហបុរីនឹងបាត់បង់ផលប្រយោជន៍យ៉ាងមហាសាល៕
ស្វែងរកព័ត៌មានថ្មីៗអំពីការអភិវឌ្ឍនានា ឬចង់ស្វែងរកអចលនទ្រព្យសូមចូលទៅកាន់ Realestate.com.kh។
Comments