លោក តេង រិទ្ធី ស្ថាបនិក និងនិយកក្រុមហ៊ុន Property Investment Realty Partner ដែលមានបទពិសោធន៍ជាង១០ឆ្នាំលើវិស័យអចលនទ្រព្យកម្ពុជាមានសេចក្ដីរីករាយដើម្បីចែករំលែកបទពិសោធន៍របស់លោកជូនដល់ប្រជាជនកម្ពុជា ដែលមានបំណងចង់ស្វែងរកលំនៅដ្ឋានប្រកបដោយនិរន្តរភាព។
ក្នុងឱកាសនៃពិព័ណ៌អចលនទ្រព្យកម្ពុជាលើកទី២ធ្វើឡើងនៅថ្ងៃទី ៦ និង៧ ខែតុលាឆ្នាំ២០១៧នៅសណ្ឋាគារណាហ្គាវើល លោក រិទ្ធី បានធ្វើបទបង្ហាញទៅកាន់ទស្សនិកជនដែលចូលរួមសិក្ខាសាលានៅទីនោះ ដោយលើកឡើងថាជាដំបូងយើងត្រូវសិក្សា និងស្វែងយល់អំពីផែនការមេរបស់សាលាក្រុងភ្នំពេញជាមុនសិនមុននឹងសម្រេចចិត្តវិនិយោគនៅទីតាំងណាមួយ។
លោក រិទ្ធី បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការធ្វើវិនិយោគអចលនទ្រព្យដោយផ្អែកលើផែនការមេដើម្បីទទួលបានជោគជ័យលើវិស័យអចលនទ្រព្យ។ ការប្រកាសពីផែនការមេត្រូវបានធ្វើឡើងជាលើកដំបូងនៅខែតុលាឆ្នាំ២០០៥ដោយអភិបាលក្រុងរាជធានីភ្នំពេញដោយគូសបញ្ជាក់ពីតំបន់សំខាន់ៗ និងផែនការអភិវឌ្ឍន៍របស់ទីក្រុង ហើយផែនការមេនេះនឹងបន្ដរហូតដល់ឆ្នាំ២០២០។
ខាងក្រោមនេះគឺតំបន់សំខាន់ៗ និងគោលដៅអភិវឌ្ឍន៍របស់ទីក្រុងដោយផ្អែកលើផែនការមេរបស់សាលាក្រុងភ្នំពេញ៖
-
ព្រែកភ្នៅ៖ តំបន់ដោះដូរពាណិជ្ជកម្ម និងមជ្ឈមណ្ឌលដឹកជញ្ជូន
-
ជ្រោយចង្វា៖ តំបន់ពាណិជ្ជកម្ម និងការិយាល័យ
-
អរិយក្សត៖ មជ្ឈមណ្ឌលកំសាន្ត និងទីតាំងការងារ
-
បឹងកក់៖ ការិយាល័យពាណិជ្ជកម្មលំដាប់អន្តរជាតិ
-
ដូនពេញ ៖ តំបន់កំពង់ផែ និងគម្រោងអភិវឌ្ឍន៍ខ្នាតធំ
-
ចោមចៅ៖ តំបន់រោងចក្រ
-
ច្បារអំពៅ៖ តំបន់ស្នាក់នៅ និងសិក្សារៀនសូត្រ
-
តាខ្មៅ៖ តំបន់សម្រាប់ស្ថាប័នការងារ និងទីតាំងកំសាន្ត
លោក រិទ្ធី ជឿថា មុននឹងធ្វើការវិនិយោគលើតំបន់ណាមួយអ្នកវិនិយោគចាំបាច់ត្រូវដឹងពីផែនការមេព្រោះវាបង្ហាញយ៉ាងច្បាស់ថាតើទីតាំងមួយណានឹងត្រូវយកមកអភិវឌ្ឍន៍ជាតំបន់ណាណិជ្ចកម្ម ឫឧស្សាហកម្ម។ ការដែលមិនគោរពតាមផែនការមេអាចនឹងធ្វឱ្យការវិនិយោគជួបបញ្ហា ឫបរាជ័យ។
អានអត្ថបទអំពីការអភិវឌ្ឍន៍នៅតំបន់ជ្រោយចង្វារ!
សម្រាប់លោករិទ្ធី ការអភិវឌ្ឍន៍នៅទីក្រុងភ្នំពេញបានដើរស្របទៅតាមផែនការមេរបស់សាលាក្រុងភ្នំពេញ។ ឧទាហរណ៍ ក្រុមហ៊ុន LYP Group បានសាងសង់ស្ពានលីយ៉ុងផាត់ និងគម្រោងអភិវឌ្ឍន៍ផ្សេងទៀតនៅតំបន់ព្រែកភ្នៅដើម្បីអភិវឌ្ឍន៍តំបន់នេះឱ្យក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូន។ ចំណែកនៅតំបន់ជ្រោយចង្វារ លោកឧកញ្ញាពុង ឃាវសែ សេដ្ឋីអាជីវកម្មល្បីល្បាញបាននឹងកំពុងអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ហើយបុរីជាច្រើនទៀតក៏កំពុងអភិវឌ្ឍន៍នៅទីនោះដែរ។
ម្យ៉ាងវិញទៀតមជ្ឈមណ្ឌលភ្នំពេញ ដែលមានទំហំ ១១១.៦ ហិកតា កំពុងតែត្រូវបានអភិវឌ្ឍន៍នៅតំបន់បឹងកក់ ហើយនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មនៅទីក្រុងភ្នំពេញជាទីដែលផ្ដុំទៅដោយអាជីវកម្មទំនើបនវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធស្ដង់ដារអន្តរជាតិ។
លោក រិទ្ធី គូសបញ្ជាក់ថាវិនិយោគិនទាំងអស់ត្រូវតែដើរតាមផែនការមេរបស់ក្រុងភ្នំពេញ ដោយសារតែវាជាឆ្អឹងខ្នងនៃការវិនិយោគ។លោកពន្យល់ថា ប្រសិនបើយើងមិនធ្វើតាមផែនការមេ ការវិនិយោគជៀសមិនផុតពីទទួលបរាជ័យ។ ឧទាហរណ៍ បើអ្នកចង់សាងសង់ខុនដូរកម្ពស់៣០ជាន់ ហើយទិញដីក្នុងតំបន់ដែលមិនអនុញ្ញាត់ឱ្យសាងសង់អគារខ្ពស់ ដែលមានន័យថាអ្នកកំពុងតែវិនិយោគក្នុងតំបន់មិនត្រឹមត្រូវក្នុងករណីនេះអ្នកនឹងជួបបញ្ហាលើការវិនិយោគ។
លោកបន្តថា សម្រាប់អ្នកទិញបើអ្នកចង់ទិញគម្រោងលំនៅដ្ឋាន អ្នកគួរតែស្វែងរកអ្នកអភិវឌ្ឍន៍ដែលមានប្រវត្តល្អ ដែលអាចផ្ដល់ការរស់នៅបែបធម្មជាតិដែលមានសាលារៀន មន្ទីរពេទ្យ ធនាគារ ទីផ្សារការរិយាល័យភោជនីដ្ឋានជាដើមនៅក្នុងតំបន់នោះ។ យ៉ាងណាក៏ដោយអ្នកអភិវឌ្ឍន៍មួយចំនួនមិនបានយកចិត្តទុកដាក់លើរបស់អស់ទាំងនេះទេជាហេតុធ្វើអោយគម្រោងរបស់គេមិនសូវទទួលបានជោគជ័យ។
ក្នុងនាមជាអ្នកអភិវឌ្ឍន៍ មុនពេលសាងសង់គម្រោងលំនៅដ្ឋាន គេគួរតែ យកចិត្តទុកដាក់លើបរិយាកាស (ខ្យល់អាកាសបរិសុទ្ធ) សុវត្ថិភាព (គុណភាពនៃអគារ) និងកន្លែងមួយចំនួនដូចជា៖ សួនច្បារធំ អាងហែលទឹក និងប្រព័ន្ធភ្លើងព្រមទាំងប្រព័ន្ធលូ។ ការគ្រប់គ្រងល្អ និងប្រសិទ្ធិភាពសេដ្ឋកិច្ចគឺជាកត្តាសំខាន់ផងដែរ។"ការរស់នៅប្រកបដោយនិរន្តរភាព មានន័យថាអ្នកអាចរស់នៅក្នុងផ្ទះនោះអស់រយៈពេលយូរ និងដោយ មានអារម្មណ៍រីករាយ" នេះបើយោងតាមលោករិទ្ធី។
គម្រោងមួយដែលលោករឹទ្ធីវិនិយោគដោយផ្ទាល់នៅតំបន់នោះ គឺគម្រោងមេគង្គរ៉ូយ៉ាល់ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៦អា។ លោករិទ្ធីបានសង្កត់ធ្ងន់ថាគម្រោងនេះទទួលបានភាពជោគជ័យដោយសារតែវាផ្តោតលើកត្តាទាំងអស់នេះហើយបានបង្កើតការអភិវឌ្ឍជាមួយនឹងប្រព័ន្ធធម្មជាតិសម្រាប់អ្នករស់នៅ រហូតមកដល់ពេលនេះក្រុមហ៊ុនមេគង្គរ៉ូយ៉ាល់បានលក់ដាច់៩៥ភាគរយនៃគម្រោងរបស់ខ្លួន។
អធិប្បាយលើគម្រោងដីឡូតិ៍ លោករិទ្ធីមានប្រសាសន៍ថា "ការអភិវឌ្ឍដីឡូតិ៍ មួយចំនួនមិនស្របតាមផែនការមេរបស់រាជធានីភ្នំពេញទេ" ។ ឧទាហរណ៏ ទីតាំងមួយចំនួន គឺសម្រាប់គោលបំណងឧស្សាហកម្ម ប៉ុន្តែប្រជាជនមួយចំនួនយកតំបន់ទាំងនោះ ដើម្បីអភិវឌ្ឍគម្រោងលំនៅដ្ឋាន។"
លោករិទ្ធីបានពន្យល់ថាក្នុងករណីនេះអ្នកអភិវឌ្ឍន៍មិនបានស្វែងរកការវិនិយោគលើផ្ទះប្រកបដោយនិរន្តរភាពទេពីព្រោះអ្នករស់នៅមិនទទួលបានផាសុកភាព។ នេះដោយសារតែ អគាររោងចក្រជាច្រើនធ្វើឱ្យមានសម្លេងរំខាន និងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពរបស់អ្នករស់នៅ។ អ្វីដែលអាក្រក់បំផុតនោះគឺថានៅទីនោះនឹងមិនមានមន្ទីរពេទ្យ ឬសាលា រៀនទេពីព្រោះវាជាទីតាំងឧស្សាហកម្មមិនមែនសម្រាប់ស្នាក់នៅទេ។
ស្វែងរកអចលនទ្រព្យសម្រាប់ជួល ឫលក់នៅលើគេហទំព័រ Realestate.com.kh!
Comments