+855 92 92 1000
Logo
មិនស្តាប់ចាត់ការតាមច្បាប់ ! រដ្ឋបាលខេត្តត្បូងឃ្មុំចេញលិខិតហាម៤ចំណុចរួមទាំងពុះដីឡូត៍លក់​លើ​ដី​ក្នុង​តំបន់១នេះ
Updated on: June 4, 2022, 10:35 p.m.
Published on: September 28, 2021, 4:38 a.m.

មិនស្តាប់ចាត់ការតាមច្បាប់ ! រដ្ឋបាលខេត្តត្បូងឃ្មុំចេញលិខិតហាម៤ចំណុចរួមទាំងពុះដីឡូត៍លក់​លើ​ដី​ក្នុង​តំបន់១នេះ


ខេត្តត្បូងឃ្មុំ ៖ ក្រោយឃើញប្រជាពលរដ្ឋមួយចំនួនកំពុងតែធ្វើឱ្យបាត់បង់​នូវសោភ័ណភាព និងប៉ះពាល់​ដល់ហេដ្ឋា​រចនា​សម្ព័ន្ធដែលបានកំណត់ដោយគណៈ កម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់​ជាតិ ស្តី​ពីការដាក់ឱ្យ​ប្រើប្រាស់​​​ប្លង់គោល​ប្រើប្រាស់ដី ​និងផែនការប្រើប្រាស់ដីក្រុងនៃទីរួមខេត្ត​ត្បូងឃ្មុំ រដ្ឋបាល​​ខេត្ត​ខេត្តត្បូងឃ្មុំក៏បានចេញសេចក្តីជូនដំណឹងដល់សាធារណៈជន និងបំរាម៤ចំណុច ដើម្បី​បញ្ឈប់​គ្រប់​សកម្មភាព​ដែលធ្វើឱ្យប៉ះពាល់នូវហេដ្ឋារចនាសម្ព័ន្ធខេត្ត ។ នេះបើយោងតាមសេចក្តីជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្តត្បូងឃ្មុំដែលបានចេញកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នាពេលកន្លង​មកនេះ ។

តាមរយៈសេចក្តីជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់ លើការសាងសង់ ការបើកផ្លូវចូលគេហដ្ឋាន ការចាក់​បំពេញអាចម៍ដី និងការពុះដីឡូត៍ ស្ថិតក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា បច្ចុប្បន្ននេះ​រាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្តបាននឹងកំពុងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទដូចជា សំណង់អគារ ផ្លូវថ្នល់ លូ ស្ពាន អាងទឹក អគ្គិសនី ប្រព័ន្ធបណ្តាញទឹកស្អាត ប្រព័ន្ធលូ បង្ហូរទឹកភ្លៀង និងទឹកកខ្វក់...។ល។ ទៅតាមប្លង់គោលប្រើប្រាស់ដីធ្លីក្នុងទីតាំងនានានៃទីរួមខេត្តត្បូងឃ្មុំ ។

តាមរយៈសេចក្តីជូនដំណឹងខាងលើ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន សុវត្ថិភាព សោភ័ណភាព និងរួមចំណែកក្នងការអភិវឌ្ឍន៍តំបន់ខាងលើនេះស្របតាមគោលការណ៍ប្លង់គោល​ប្រើប្រាស់ដីធ្លី និងផែនការប្រើប្រាស់ដីក្រុងក្នុងខេត្តត្បូងឃ្មុំឱ្យបានកាន់តែប្រសើរ ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំក៏បានបញ្ជាក់ផងដែរថា សាធារណជនដែលមានកម្មសិទ្ធ​ដីធ្លី​នៅ​​ក្នុង​តំបន់​រដ្ឋបាលខេត្តដូចខាងក្រោម ៖

១. ត្រូវធ្វើការស្នើសុំលិខិតអនុញ្ញាតមករដ្ឋបាលខេត្ត រាល់ការសាងសង់ ការបើកផ្លូវ ការចាក់បំពេញអាចម៍ដី និងការពុះឡូត៍ ស្របតាមនីតិវិធី ។ 
២. ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស ដែលមានចែងក្នុងប្លង់គោល ដោយកំណត់យកប្រវែង ៥.៥០ម៉ែត្រ និងត្រូវចាក់ទំនាប់ស៊ីម៉ុងទ្រនាប់បាត រាល់ការបើកផ្លូវការូឡា ដើម្បីបង្កើនភាពរឹងមាំ ។ 
៣. ហាមដាច់ខាតមិនឱ្យមានការសាងសង់សំណង់ ការកែប្រែប្រភេទដី (ការជីកយកដីចាក់បំពេញដី-លុបដី និងការបែងចែកពុះឡូត៍លក់) ដោយមិនមានការចុះពិនិត្យ សិក្សាលក្ខណៈបច្ចេកទេស ស្របតាមនីតិវិធី និងការអនុញ្ញាតពីរដ្ឋបាលខេត្តជាមុន ។ 
៤. ក្នុងករណីមិនគោរពតាមការណែនាំខាងលើ រដ្ឋបាលខេត្ត នឹងចាត់វិធានការតាមផ្លូវច្បាប់ និងមិន​ទទួល​ខុស​ត្រូវរាល់ការខូចខាត​បង់​ផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ដែលកើតមានឡើង​ពីការប្រព្រឹត្តិ​ផ្ទុយនឹងការណែនាំនេះ ។ 

Comments