+855 92 92 1000
Logo
ស្ពានអាកាសផ្សារដីហុយប្រកាសបើកដំណើរការបណ្តោះអាសន្ននៅថ្ងៃទី១២មេសានេះ
Updated on: June 7, 2022, 4:28 a.m.
Published on: April 11, 2018, 11:02 p.m.

ស្ពានអាកាសផ្សារដីហុយប្រកាសបើកដំណើរការបណ្តោះអាសន្ននៅថ្ងៃទី១២មេសានេះ


បន្ទាប់ពីបានដំណើរការសាងសង់ជិតពីរឆ្នាំកន្លងទៅស្ពានអាកាសនៅស្តុបផ្សារដីហុយដែលស្ថិតលើមហាវិថីសហព័ន្ឋរុស្ស៊ីបានបញ្ចប់ដំណើរការសាងសង់នៅត្រឹមត្រីមាសទី១ឆ្នាំ២០១៨ ហើយគម្រោងស្ពានដែលមានប្រវែង៩០៥ម៉ែត្រ និងទទឹង១៦.៥ ម៉ែត្រនេះនឹងបើកដំណើរការ​ជាបណ្តោះអាស​ន្ននៅថ្ងៃទី១២មេសានេះ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុកផ្លូវការរបស់ក្រសួងសាធារណៈការ​ និងដឹកជញ្ជូន។

ការប្រកាសដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននេះ គឺដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។​

គេរំពឹងថានៅពេលដែលស្ពាននេះបើកឲ្យដំណើរការនោះប្រាកដជាជួយបញ្ជៀសពីការកកស្ទះចរាចរណ៍បានកាន់តែប្រសើរឡើងនៅក្នុងទីក្រុងពិសេសនៅក្នុងទីតាំងនៃមហាវិថីសហព័ន្ធរុស្ស៊ី ជាមួយផ្លូវប្រសព្វលេខ១០១៩នៃស្តុបផ្សារដីហុយនេះតែម្តង។ ជាក់ស្តែងក្នុងពេលកន្លងមកទីតាំងនេះមានការកកស្ទះខ្លាំងពិសេសចំពេលចរាចរណ៍មមាញឹកខ្លាំងនៅពេលព្រឹក និងពេលល្ងាច។​

រំលឹកផងដែរថាស្ពានអាកាសស្តុបផ្សារដីហុយនេះគឺជាគម្រោងទី៥នៅក្នុងរាជធានីភ្នំពេញ។ ដែលក្នុងនោះស្ពាន​អាកាសក្បាលថ្នល់គឺជា​ស្ពាន​អាកាស​ទី​១ដែល​មាន​បណ្ដោយ៣០៨​ម៉ែត្រ និងទទឹង​១៤,២ម៉ែត្រ កំពស់​៥,២០​ម៉ែត្របានបើកដំណើរការឆ្នាំ២០១០។ ស្ពាន​អាកាស​ទី​២គឺ​ស្ពានអាកាស​៧មករា​មាន​បណ្តោយ​ប្រ​វែង​៣៤៥​ម៉ែត្រ ទទឹង​១៥,២០​ម៉ែត្រ និងកម្ពស់​៥,២០​ម៉ែត្របាន​បើកដំណើរការចុងឆ្នាំ​២០១២។ ស្ពានអាកាសទី​៣គឺ​ស្ពាន​អាកាសស្ទឹងមានជ័យ​ដែលមានស្ពានមេ១ស្ពានតូច៣ និងផ្លូវក្រោមដី១បានបើកដំណើរការនៅ​ក្នុង​ឆ្នាំ​២០១៤។ និងស្ពានអាកាសតិចណូគឺជាស្ពាន​អាកាស​ទី៤មាន​ប្រវែង៣៨២​ម៉ែត្រ ទទឹង១៥ម៉ែត្រ កម្ពស់​៥,២​ម៉ែត្រស្ថិតនៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី៕

ស្វែងរកព័ត៌មានចុងក្រោយបំផុតអំពីអចលនទ្រព្យកម្ពុជាតាមរយៈ Realestate.com.kh!

Comments