+855 92 92 1000
Logo
ស្វែងយល់អំពីការឆបោកលើការលក់ដីដោយប្រើប្រាស់ប្លង់រឹងក្លែងក្លាយ
Updated on: May 31, 2022, 7:00 a.m.
Published on: April 25, 2018, 1:50 p.m.

ស្វែងយល់អំពីការឆបោកលើការលក់ដីដោយប្រើប្រាស់ប្លង់រឹងក្លែងក្លាយ


ជាទូទៅយើងបានដឹងថាប្លង់រឹងជាប្រភេទប្លង់កម្មសិទ្ធិដែលរឹងមាំបំផុត និងមានសុវត្ថិភាពបំផុតក្នុងចំណោមប្លង់កម្មសិទ្ធិដ៏ទៃទៀត។​ ការទិញលក់ជាធម្មតារមែងត្រូវពិនិត្យមើលជាបឋមអំពី ប្រភេទនៃប័ណ្ណកាន់កាប់ដីរបស់ម្ចាស់ដីក្នុងគោលបំណងឲ្យដឹងថាតើម្ចាស់ជាកម្មសិទ្ធិករ(មានប្លង់រឹង) ឬគ្រាន់តែជាអ្នកកាន់កាប់ស្របច្បាប់(មានត្រឹមប្លង់ទន់)។

សម្រាប់កម្ពុជាយើងសង្កេតឃើញថាបទបញ្ញត្តិ និងស្តង់ដារអាជីវកម្មក្នុងវិស័យអចលនទ្រព្យហាក់នៅមានភាពច្របូកច្របល់នៅឡើយដែលពេលខ្លះធ្វើឲ្យអ្នកទិញមិនបានដឹងថាពួកគេកំពុងត្រូវបានគេបោកប្រាស់ហើយពេលខ្លះគឺបានយឺតពេលទៅហើយនៅពេលដែលពួកគេបានដឹងថាខ្លួនកំពុងត្រូវបានគេបោកប្រាស់។

ការប្រោកប្រាស់អាចមានច្រើនរូបភាពដូចជា៖ ការប្រើប្រាស់ប្លង់កម្មសិទ្ធិចំនួនពីរ(មួយប្លង់រឹង មួយប្លង់ទន់) ដីមានវិវាទ ឬដីហាមឃាត់តាមផ្លូវតុលាការ ការយកប្រាក់កក់មុនម្ចាស់ក្លែងក្លាយតំបន់មានទឹកជំនន់ និងការបង់ប្រាក់មុនគម្រោងជាដើម។​ ក្នុងពេលថ្មីៗនេះយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបានបង្ហាញពីការឆបោកថ្មីមួយទៀត ដោយការក្លែងបន្លំប្លង់រឹង។

ខាងក្រោមជាសំរង់ដើមនៃការរៀបរាប់របស់អ្នកដែលត្រូវបានគេបោកប្រាស់៖

នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញបានទទួលពាក្យបណ្តឹងពីជនរងគ្រោះម្នាក់សុំមិនបញ្ចេញអត្តសញ្ញាណបានប្តឹងពីជនសង្ស័យ០៨នាក់ដែលបានរៀបគម្រោងឆបោកជាប្រព័ន្ធមកលើរូបគាត់រហូតធ្វើឲ្យខាតបង់ប្រាក់អស់ចំនួន ៨៣ម៉ឺនដុល្លារ ដោយជនរងគ្រោះបានរៀបរាប់ថា៖

– ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៧ មានបុរសម្នាក់ឈ្មោះ ប្រុស ម៉ៅ បានទំនាក់ទំនងគាត់ឲ្យជួយលក់ដីមួយកន្លែងទំហំ៥៨០ម៉ែត្រការ៉េដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ 12040808-0033 ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ចេញដោយមន្ទីរសុរិយោដីត្រឹមត្រូវមានទីតាំងនៅភូមិ៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញលក់ក្នុងតម្លៃទាបជាងទីផ្សារ។

ក្រោយពេលទទួលបានព័ត៌មានជនរងគ្រោះបានឲ្យក្រុមការងារចុះទៅជួបជាមួយម្ចាស់ដីឈ្មោះផានដើម្បីពិនិត្យប្លង់ដី និងផ្ទៀងផ្ទាត់អត្តសញ្ញាណម្ចាស់កម្មសិទ្ធិករ អត្តសញ្ញាណប័ណ្ណ និង សៀវភៅគ្រួសារ ឃើញថាមានភាពត្រឹមត្រូវទាំងអស់ទើបជនរងគ្រោះបានសម្រេចចិត្តទិញដីនោះដោយខ្លួនឯង និងបានកក់ប្រាក់លើកទី១ចំនួន១៥ម៉ឺនដុល្លារលើកទី២ចំនួន១០ម៉ឺនដុល្លារ និងលើកទី៣ចំនួន១៥ម៉ឺនដុល្លារសរុបចំនួន៤០ម៉ឺនដុល្លារ។

ក្នុងអំឡុងពេលដំណើរការផ្ទេរកម្មសិទ្ធិ ក្រុមជនសង្ស័យខាងលើបានណែនាំម្ចាស់ដី០៣ក្រុមផ្សេងទៀតមកជួបជាមួយជនរងគ្រោះដើម្បីឲ្យជួយទិញដីក្នុងនោះរួមមាន៖

– នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ជនរងគ្រោះបានកក់ប្រាក់ចំនួន១៥ម៉ឺនដុល្លារ ដើម្បីទិញដីមួយប្លង់ទំហំ២៨៤៩ម៉ែត្រការ៉េមានឯកសារគ្រប់គ្រាន់ និងមានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ លេខ 12051008-0071 ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១១ចេញដោយមន្ទីរសុរិយោដីត្រឹមត្រូវមានទីតាំងនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

– នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ជនរងគ្រោះបានកក់ប្រាក់ចំនួន១៨ម៉ឺនដុល្លារដើម្បីទិញដី មួយប្លង់ ទំហំ៤០៩ ម៉ែត្រការ៉េ មានឯកសារគ្រប់គ្រាន់ និងមានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ លេខ 12080102-0474 ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១២ ចេញដោយមន្ទីរសុរិយោដីត្រឹមត្រូវ មានទីតាំងនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

– នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ជនរងគ្រោះបានកក់ប្រាក់ចំនួន១០ម៉ឺនដុល្លារដើម្បីទិញដីមួយប្លង់ទំហំ៦១៥៥ ម៉ែត្រការ៉េមានឯកសារគ្រប់គ្រាន់ និងមានវិញ្ញាបនបត្រសម្គាល់ អចលនវត្ថុលេខ 12050605-0285 ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១០ ចេញដោយមន្ទីរ សុរិយោដីត្រឹមត្រូវ មានទីតាំងនៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

លុះក្រោយមក ឯកសារផ្ទេរកម្មសិទ្ធិដីទី១ដែលជនរងគ្រោះកំពុងដំណើរការ ត្រូវបានភូមិបាល ខណ្ឌទួលគោក រកឃើញថាជាប្លង់ដីក្លែងក្លាយជនរងគ្រោះក៏ទំនាក់ទំនងទៅម្ចាស់ដីនោះវិញតែមិនអាចទំនាក់ទំនងបានទើបជនរងគ្រោះដឹងថារូបគាត់ត្រូវបានជនសង្ស័យខាងលើបោកប្រាស់។

ខណៈនោះជនរងគ្រោះនឹកឃើញថាគាត់នៅមានដី០៣ប្លង់ផ្សេងទៀតដែលគាត់កំពុងរត់ឯកសារទិញជាបន្តបន្ទាប់តាមរយៈការចង្អុលបង្ហាញពីក្រុមជនសង្ស័យខាងលើគាត់ក៏សើរើយកមកពិនិត្យឡើងវិញទើបដឹងថាសុទ្ធតែជាឯកសារ ក្លែងក្លាយទាំងអស់ហើយម្ចាស់ដីទាំងនោះក៏មិនអាចទំនាក់ទំនងបានទៀតដែរ ។

ដូច្នេះដើម្បីជៀសវាងពីបញ្ហាបែបនេះអ្នកទិញត្រូវធ្វើការពិនិត្យផ្ទៀងផ្ទាត់ប្លង់ឲ្យបានច្បាស់លាស់ជាមួយស្ថាប័នពាក់ព័ន្ធឲ្យបានត្រឹមត្រូវជាមុនសិនមុនពេលសម្រេចចិត្តទិញអចលទ្រព្យណាមួយ។ ប្រសិនបើអ្នកមានការព្រួយបារម្ភថាអ្នកកំពុងត្រូវបានគេបោកប្រាស់សូមស្វែងរកដំបូន្មានផ្នែកច្បាប់មុនសិនដើម្បីឲ្យប្រាកដថាអ្នកនឹងទិញអចលនទ្រព្យដែលមានភាពស្របច្បាប់!
ស្វែងរកដីសម្រាប់លក់នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!

Comments