សៀមរាបជាខេត្តដ៏សំខាន់មួយក្នុងចំណោមខេត្តសេដ្ឋកិច្ចចម្បងចំនួនបីនៅក្នុងប្រទេសកម្ពុជា។ ជាមួយភាពល្បីល្បាញនៃប្រាសាទអង្គវត្ត សៀមរាបបានក្លាយជាតំបន់ទិសដៅទេសចរណ៍ ឈានមុខគេនៅកម្ពុជា។ ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចធំមួយរបស់ប្រទេសកម្ពុជា ខេត្តសៀមរាបបានទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិជាច្រើនមកបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់ ដែលកត្តានេះបានជម្រុញឱ្យមានកំណើនអចលនទ្រព្យយ៉ាងខ្លាំង។
ខេត្តសៀមរាបកំពុងទទួលបានកំណើននៃការសាងសង់ច្រើន។ នៅក្នុងទីក្រុងគេឃើញមានសំណង់អគារសម្រាប់ស្នាក់នៅជាច្រើនដូចជា៖ សណ្ឋាគារ អគារពាណិជ្ជកម្ម, និងសំណង់នានាជាច្រើនទៀត។ បច្ចុប្បន្ននេះអចលនទ្រព្យកើនឡើងជាង១,០០០កន្លែង គិតចាប់ពីសណ្ឋាគារ ផ្ទះសំណាក់ និងប្រភេទអគារស្នាក់នៅដទៃទៀតរីកដុះដាលនៅ ក្នុងទីក្រុងដែលប្រៀបធៀបនឹងរយៈពេល២ឆ្នាំមុនអចលនទ្រព្យមានប្រហែលត្រឹមតែ៥០០កន្លែងប៉ុណ្ណោះដែលកំណើននេះនាំឱ្យមានការផ្គត់ផ្គង់លើសតម្រូវការនៅលើទីផ្សារ។
ទោះយ៉ាងណាទីផ្សារជួលកំពុងរងផលប៉ះពាល់ហើយប្រតិបត្តិការជួលបានថយចុះក្នុងឆ្នាំចុងក្រោយនេះ។ តាមការឲ្យដឹងពីលោក Mario Tan ប្រធានផ្នែកលក់ និងទីផ្សាររបស់ ក្រុមហ៊ុន Hunter Estate ដែលមានស្នាក់ការនៅក្នុងខេត្តសៀមរាបបាននិយាយថាចំនួនប្រតិបត្តិការជួលក្នុងឆ្នាំនេះបានធ្លាក់ចុះខ្ទង់ ៤០ ភាគរយធៀបនឹងរយៈពេលពីរ ឬបីឆ្នាំ មុន។
លោកបានបញ្ជាក់ថា "ពីមុនយើងទទួលបានការភ្ញៀវដែលស្វែងរកកន្លែងជួល ប្រហែល១០០នាក់ក្នុងមួយខែប៉ុន្តែបច្ចុប្បន្នបានធ្លាក់ចុះមកត្រឹមតែ ៥០ ទៅ ៦០ នាក់ប៉ុណ្ណោះ ក្នុងមួយខែ"។
លោកបាននិយាយថាបច្ចុប្បន្នភាពនិងការផ្លាស់ប្តូរភ្ញៀវទេសចរបានធ្វើឲ្យមានបម្រែបម្រួលនៃការជួលនេះ។ ចិនបានក្លាយជាភ្ញៀវទេសចរ នាំមុខគេជំនួសជនជាតិអឺរ៉ុបនៅក្នុង ខេត្តសៀមរាប ។
ប្រទេសចិនបានបញ្ចេញភ្ញៀវទេសចរជាង១.២លាននាក់មកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំកន្លងទៅ។ ហើយភាគច្រើននៃភ្ញៀវទេសចរទាំងនេះបានទៅទស្សនាខេត្តសៀមរាប។
លោក Mario លើកឡើងដែរថាតាមភាពជាក់ស្តែង បច្ចុប្បន្នជនជាតិចិនមានកំណើនឡើងច្រើនខណៈដែលចំនួនជនជាតិអឺរ៉ុបមកទស្សនានៅក្នុងខេត្តនេះបានធ្លាក់ចុះ។
លោកបានលើកឡើងទៀតថា "ភាគច្រើនជនជាតិចិនមកតាមរយៈក្រុមទេសចរណ៍ ដែលជារឿយៗពួកគេបានស្នាក់នៅក្នុងសណ្ឋាគារ ដែលបានរៀបចំជាមុនដោយ ក្រុមហ៊ុន ទេសចរណ៍តែម្តង"។
"ក្នុងករណីនេះសណ្ឋាគារខ្នាតតូច ផ្ទះសំណាក់ និងអាផាតមេនដែលមានត្រឹម២០ទៅ៣០បន្ទប់គឺមានអតិថិជនតិចតួច ឬគ្មានសោះតែម្តង" ។
បន្ថែមលើអ្វីដែលលោក Mario បានលើកឡើង លោក សេក សារ៉ាន នាយកក្រុមហ៊ុន A1 Real Estate Cambodia បាននិយាយថាចំនួន នៃការជួលនៅខេត្តសៀមរាប កំពុងថយចុះខ្លាំង។ «ជនជាតិអឺរ៉ុបមានតិចជាងមុន ក្នុងនោះមាន អ្នកស្ម័គ្រចិត្ត និងបុគ្គលិកអង្គការ ដែលពួកគេជាភ្ញៀវសំខាន់ជួលអាផាតមិន»។
លោកបានបញ្ជាក់ថាសព្វថ្ងៃនេះភ្ញៀវទេសចរ ដែលចូលមកកំសាន្តនៅក្នុងខេត្តសៀមរាបភាគច្រើនគឺជាជនជាតិចិន។ ហើយរាល់ពេលដែលពួកគេមកគឺគ្រាន់តែ ស្នាក់នៅក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ លើសពីនេះទៀតអ្នកទាំងនេះស្នាក់នៅតែក្នុងសណ្ឋាគារធំៗនិងទំនើបៗប៉ុណ្ណោះ។
សម្រាប់ភ្ញៀវស្វែងរកបន្ទប់ជួល លោក សារ៉ាន បានកត់សម្គាល់ឃើញថាមានការធ្លាក់ចុះក្នុងឆ្នាំចុងក្រោយនេះ។ លោកបាននិយាយថា «ការជួលបានធ្លាក់ចុះជាង ៥០ ភាគរយធៀបនឹងឆ្នាំមុន» ។
ពាក់ព័ន្ធនឹងតម្លៃជួលវិញក៏មានការថយចុះគួរឱ្យកត់សម្គាល់ផងដែរ។ បើតាមការលើកឡើងរបស់លោក សារ៉ាន បានឱ្យដឹងថាការជួលបានធ្លាក់ចុះពី៣០ភាគរយទៅ៤០ភាគរយ។
លោកបានមាននិយាយថាអាផាតមេនមួយយូនីតដែលធ្លាប់ជួល៥០០ដុល្លារក្នុងមួយខែឥឡូវនេះអាចជួលបានចន្លោះពី២៥០ដុល្លារទៅ៣០០ដុល្លារក្នុងមួយខែ។
ការប្រែប្រួលកើតមានដូចគ្នាសម្រាប់សេវាកម្មអាផាតមេន។ លោក Mario បាននិយាយថាសេវាកម្មអាផាតមេន ដែលពីមុនទៅមានតម្លៃចន្លោះពី ៥០០ ដុល្លារទៅ ៦០០ ដុល្លារក្នុងមួយខែ បច្ចុប្បន្ននេះអាចជួលបានចន្លោះពី ៣០០ ដុល្លារទៅ ៣៥០ ដុល្លារក្នុងមួយខែ ។
លោកបានលើកឡើងថា៖ «តម្លៃជួលបានធ្លាក់ចុះ ប៉ុន្តែយ៉ាងហោចណាស់ម្ចាស់ផ្ទះ អាចជួលបានខ្លះដែលនេះប្រសើរជាងទុកផ្ទះទំនេរចោល»។
ទោះជាយ៉ាងណាសម្រាប់ផ្ទះប្រភេទអាជីវកម្មវិញនៅក្នុងតំបន់ពាណិជ្ជកម្មនៅក្នុងក្រុងសៀមរាប ហាក់មិនមានបញ្ហាចោទខ្លាំងនោះទេដោយសារ អាចជួលឲ្យអ្នកប្រកបអាជីវកម្ មក្នុងស្រុកបាន។
លោក Mario បាននិយាយផ្ទះអាជីវកម្ម នោលើផ្លូវធំ ជិតផ្សារចាស់នៅអាចជួលបាន ពី ១,០០០ ដុល្លារ ទៅ ៣,០០០ ដុល្លារក្នុងមួយខែ។
បន្ថែមលើការលើកឡើងរបស់អ្នកទាំងពីរខាងលើ លោកសុខ សារ៉ាត់ ដែលនាយកគ្រប់គ្រងនៃក្រុមហ៊ុន SiemReapLandhouse.com មើលឃើញដូចគ្នាដែរ។ លោកថា «ការជួលគឺមានសភាពស្ងាត់ ជារួមមិនមានអ្នកជួល។ កត្តានេះបានធ្វើឲ្យសណ្ឋាគារ និងភោជនីយដ្ឋានមួយចំនួនត្រូវបិតទ្វារ»។
ប៉ុន្តែទោះយ៉ាងណា លោក សារ៉ាត់បញ្ជាក់ថា អត្រាតម្លៃជួលគឺនៅមានកម្រិតដដែល។ លោកបាននិយាយថាអាផាតមេន ១ បន្ទប់គេង ជួលបានចន្លោះពី ២៥០ ទៅ ៤៥០ ដុល្លារ/ខែ។ ចំពោះផ្ទះអជីវកម្ម និងអគារពាណិជ្ជកម្មនៅតាមបណ្តោយផ្លូវជាតិលេខ ៦A ពីភូមិវប្បធម៍ ទៅតំបន់ចុងកៅស៊ូអាចជួលក្នុងតម្លៃ ១,៥០០ ដុល្លារ/ខែ/ផ្ទះល្វែង។ ហាងលក់រាយ និងអគារជួល មានតម្លៃពី ២,៥០០ ដុល្លារ ដល់ ៦,៥០០ ដុល្លារ / ខែ។
"នៅលើផ្លូវស៊ីវត្ថាចាប់ពីសណ្ឋាគារសុខា ទៅផ្សារចាស់ និងលើផ្លូវសាលដឺហ្គោពីគម្រោង Royal Residence ទៅដល់បុរីប្រិមប្រិយផ្ទះល្វែងអាចជួលបានចាប់ពី ១,៤០០ ដុល្លារ ទៅ ១,៧០០ ដុល្លារ/ ខែ។ អគារជួលមានតម្លៃពី ៣,៥០០ដុល្លារ ទៅ ៦,៥០០ដុល្លារ/ខែ ចំណែកសណ្ឋាគារដែលមាន២០បន្ទប់ មិនថាទីតាំងណាមួយទេអាចជួលបាន តម្លៃអតិបរមា ៤,៥០០ ដុល្លារ/ខែ។
ដោយផ្អែកលើនិន្នាការនៅក្នុងបច្ចុប្បន្ននេះ ក្រុមអ្នកជំនាញបាននិយាយថាវាទាមទាររយៈពេល យូរដើម្បីធ្វើឱ្យទីផ្សារជួលប្រសើរឡើងវិញ។
Comments