បច្ចុប្បន្ននេះវិស័យសំណង់ និងអចលនទ្រព្យរួមជាមួយវិស័យឧស្សាហកម្មផលិតកម្ម កសិកម្ម និងទេសចរណ៍ បានក្លាយជាសសរស្តម្ភសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា។ វិស័យអចលនទ្រព្យកម្ពុជា បានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ គម្រោងអចលនទ្រព្យជាច្រើនបានបញ្ចប់ការសាងសង់ខ្លះកំពុងដំណើរការ និងគម្រោងជាច្រើនទៀតកំពុងស្ថិតនៅក្នុងផែនការ ដែលទាំងនេះជាសក្ខីភាពមួយបង្ហាញពីកំណើន និងសក្តានុពលនៃវិស័យនេះ។
ភាពរីកចម្រើននៃវិស័យនេះគឺបានមកពីការចូលរួមចំណែកយ៉ាងខ្លាំងក្លាពីបុគ្គល និងក្រុមហ៊ុនជាច្រើននៅក្នុងវិស័យពោលគឺសំដៅសំខាន់ដល់់ការផ្តល់សេវាកម្មត្រឹមត្រូវប្រកបដោយក្រម សីលធម៌ និងភាពជោគជ័យ។
ទោះជាយ៉ាងណាក្នុងទន្ទឹមជាមួយគ្នាកង្វះខាតជំនាញវិជ្ជាជីវៈ និងភាពស្របច្បាប់របស់ភ្នាក់ងារ អចលនទ្រព្យមួយចំនួននៅតែមាននៅក្នុងវិស័យនេះ។
អ្នកនាង ហ្រ្គេស រចនីហ្វុង នាយិកាក្រុមហ៊ុន Century21 Cambodia ប្រសាសន៍ថាភ្នាក់ងារអចលនទ្រព្យចាំបាច់ត្រូវមានចំណេះដឹងសមត្ថភាព និងជំនាញគ្រប់គ្រាន់ដើម្បីកសាងទំនុកចិត្តជាមួយអ្នកទិញ អ្នកលក់ និងទីផ្សារអចលនទ្រព្យទាំងមូល។
អ្នកនាង រចនីហ្វុង បានបន្ថែមទៀតថាភ្នាក់ងារអចលនទ្រព្យត្រូវយល់ដឹងអំពីព័ត៌មាន ទីផ្សារទាក់ទងនឹងសេដ្ឋកិច្ច នយោបាយ កំណើនផលិតផលក្នុងស្រុកសរុប និន្នាការអចលនទ្រព្យ និងទិដ្ឋភាពផ្នែកច្បាប់។ អ្នកនាងបានសង្កត់ធ្ងន់ថាជាមួយនឹងព័ត៌មានទាំងនេះ ភ្នាក់ងារអាចជួយដល់វិស័យអចលនទ្រព្យកម្ពុជាតាមរយៈការផ្តល់ដំបូន្មានត្រឹមត្រូវដល់វិនិយោគិនក្នុងស្រុកនិងអន្តរជាតិ។
នៅពេលលើកឡើងពីវិជ្ជាជីវៈរបស់ភ្នាក់ងារអចលនទ្រព្យ គឺគេសំដៅទៅលើភាពស្របច្បាប់ និងសមត្ថភាពរបស់ភ្នាក់ងារ។ លោក ខន គង្គា ជានាយកប្រតិបត្តិនៃក្រុមហ៊ុន ERA Cambodia បានលើកឡើងពីមូលហេតុបីយ៉ាងដែលភ្នាក់ងារត្រូវមានជំនាញវិជ្ជាជីវៈច្បាស់លាស់រួមមាន៖ ការទទួលស្គាល់ផ្នែកច្បាប់ឱកាសការងារល្អ និងការគាំទ្រពីក្រុមហ៊ុនមានស្តង់ដារ។
លោក គង្គា បានបន្ថែមទៀតថា «សព្វថ្ងៃនេះការឈានជើងចូលនៃភ្នាក់ងារអចលនទ្រព្យអន្ដរជាតិបានជំរុញឱ្យមានទំនុកចិត្តកាន់តែច្រើនពីវិនិយោគិន។ វត្តមានរបស់ក្រុមហ៊ុនយីហោអន្តរជាតិក៏កំពុងជួយប្រទេសកម្ពុជាក្នុងការកសាងធនធានមនុស្សក្នុងស្រុកសម្រាប់វិស័យអចលនទ្រព្យ»។
ពីិមុន មិនមានក្រុមហ៊ុនអចលនទ្រព្យអន្ដរជាតិនៅក្នុងប្រទេសកម្ពុជានោះទេ។ ទីផ្សារអចលនទ្រព្យទាំងមូលត្រូវបានប្រតិបត្តិការដោយភ្នាក់ងារអចលនទ្រព្យក្នុងស្រុកមួយចំនួនតែប៉ុណ្ណោះ។ នៅពេលវិនិយោគិននៅខាងក្រៅចង់សំឡឹងពីសក្តានុពលទីផ្សារកម្ពុជាពួកគេតែងតែនាំយកដៃគូ និងអ្នកជំនាញរបស់ខ្លួនពីក្រៅប្រទេសមកធ្វើការសិក្សាពីលទ្ធភាពទីផ្សារ។ កត្តានេះជាចំណុចខ្វះខាតមួយរបស់ទីផ្សារអចលនទ្រព្យកម្ពុជា។
ពាក់ព័ន្ធចំណុចនេះ អ្នកនាង រចនីហ្វុងបានលើកឡើងថា «ការគ្មានដៃគូសហការក្នុងស្រុកដែលអាចទុកចិត្តបាន និងមានជំនាញវិជ្ជាជីវៈ វិនិយោគិនបរទេសតែងតែត្រូវគេបោកប្រាស់ ហើយដោយសារបទពិសោធន៍នេះ វិនិយោគិនខាងក្រៅមិនហ៊ានវិលត្រឡប់មកវិញទេ»។
ទោះយ៉ាងណាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកមានក្រុមហ៊ុនអចលនទ្រព្យអន្ដរជាតិជាច្រើន ដែលមានបុគ្គលិករាប់ពាន់នាក់កំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។ វត្តមានរបស់ក្រុមហ៊ុន ទាំងនេះបានរួមចំណែកដល់វិស័យអចលនទ្រព្យឲ្យកាន់តែល្អប្រសើរ និងកាន់តែមានវិជ្ជាជីវៈ។ ទីភ្នាក់ងារអន្តរជាតិទាំងនេះរួមមាន ក្រុមហ៊ុន CBRE ក្រុមហ៊ុន Knight Frankនិងក្រុមហ៊ុន Century21 ក្រុមហ៊ុន ERA Cambodia និងក្រុមហ៊ុន Keller Williams Cambodia ។
រដ្ឋាភិបាលកម្ពុជាក៏កំពុងចូលរួមចំណែក ដើម្បីផ្តល់ស្តង់ដាវិជ្ជាជីវៈមួយសម្រាប់វិស័យអចលនទ្រព្យ និងប្រជាជនដែលធ្វើការនៅក្នុងវិស័យដើម្បីទ្រទ្រង់កំណើននៃវិស័យនេះ។ នៅដើមឆ្នាំនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) បានសហការជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ (CVEA) ដើម្បីបង្កើតសាលារៀនអចលនទ្រព្យជាលើកដំបូងនៅកម្ពុជា។ ឥឡូវនេះសាលាបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាន់ទី១ ដោយមានសិស្សជិត៣០០នាក់។
លោក គង្គា បាននិយាយថានេះជាការផ្លាស់ប្តូរក្នុងទិសដៅត្រឹមត្រូវមួយ។ លោកបានបន្ថែមថា «នេះជាការចាំបាច់ណាស់សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា»។
លោកបានសង្កត់ធ្ងន់ថាលោកជឿជាក់ថាមានក្រុមហ៊ុនភ្នាក់ងាររាប់រយមានភ្នាក់ងាររាប់ពាន់នាក់ដែលត្រូវការការបណ្ដុះបណ្ដាលដើម្បីពង្រឹងវិជ្ជាជីវៈច្បាស់។ លោកក៏បានឱ្យដឹងថា ERA Cambodia នឹងបង្កើតការងាររាប់ពាន់កន្លែងក្នុងពេលប៉ុន្មានឆ្នាំខាងមុខ។ ក្រៅពីជំនាញយើងផ្តោតសំខាន់ទៅលើផ្នត់គំនិតវិជ្ជមាន និងអាកប្បកិរិយាវិជ្ជមានសម្រាប់អ្នកដែលចង់ធ្វើការជាមួយ ERA "។
ស្រដៀងគ្នានេះដែរ អ្នកនាង រចនីហ្វុង បានសង្កត់ធ្ងន់ថាការមានសាលាបណ្តុះបណ្តាលអចលនទ្រព្យគឺជាមធ្យោបាយដ៏ល្អក្នុងការកសាងវិជ្ជាជីវៈក្រុមហ៊ុនភ្នាក់ងារ និងភ្នាក់ងារអចលនទ្រព្យ។ អ្នកនាងជឿជាក់ថាអតិថិជនមិនត្រឹមតែស្វែងរកសេវាកម្មល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវការទំនុកចិត្តពីភ្នាក់ងារ ឬទីភ្នាក់ងារផងដែរ។
ពានរង្វាន់ភ្នាក់ងារអចលនទ្រព្យឆ្នើម (CREA) ឆ្នាំ២០១៨ ដែលជាកិច្ចសហការរួមគ្នាដោយក្រុមហ៊ុន Realestate.com.kh សមាគមន CVEA និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានធ្វើនៅក្នុងឆ្នាំនេះ ផងដែរ ដើម្បីឆ្ពោះទៅរកគោលដៅនៃការផ្តល់វិជ្ជាជីវៈសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា៕
Comments