+855 92 92 1000
Logo
ទីផ្សារអចលនទ្រព្យឆ្នាំ ២០១៨៖ អ្នកជំនាញពិភាក្សាអំពីតម្លៃជួលខុនដូ ការិយាល័យ និងហាងលក់រាយ
Updated on: June 7, 2022, 5:38 a.m.
Published on: February 1, 2018, 10:06 a.m.
Location Profiles

ទីផ្សារអចលនទ្រព្យឆ្នាំ ២០១៨៖ អ្នកជំនាញពិភាក្សាអំពីតម្លៃជួលខុនដូ ការិយាល័យ និងហាងលក់រាយ


វិស័យអចលនទ្រព្យកម្ពុជាមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០១៧កន្លងមកក្នុងនោះក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអនុម័តលើគម្រោងសរុបចំនួន ៣,៤១៨ នៅទូទាំងប្រទេស។

តម្លៃសរុបទឹកប្រាក់ការវិនិយោគដែលបានអនុម័តនៅក្នុងវិស័យសំណង់បានកើនឡើង២២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដែលមានរហូតដល់៦,៨ពាន់លានដុល្លារ។ នៅឆ្នាំ២០១៧គម្រោងលំនៅដ្ឋានមានចំនួន៨២ភាគរយនៃគម្រោងដែលបានអនុម័តទាំងអស់ខណៈដែលគម្រោង បែបពាណិជ្ជកម្មមានត្រឹមតែ៨ភាគរយប៉ុណ្ណោះ។ គម្រោងដែលបានអនុម័តនៅឆ្នាំ ២០១៧ នឹងផ្គត់ផ្គង់លំនៅដ្ឋាន និងពាណិជ្ជកម្មកាន់តែច្រើននៅឆ្នាំ ២០១៨ ដែលនេះទំនងជាមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើទីផ្សារជួល ជាពិសេសនៅខុនដូ ការិយាល័យ និងលក់រាយ។ 

ទីផ្សារជួលខុនដូ

យោងតាមរបាយការណ៍របស់ CBRE​ កម្ពុជា ឆ្នាំ ២០១៧ នៅដំណាច់ឆ្នាំ ២០១៧ ការផ្គត់ផ្គង់ខុនដូក្នុងទីក្រុងភ្នំពេញមានចំនួន ៨,៦០០ យូនីត ដែលបានកើនឡើង ១០៨ ភាគរយ បើប្រៀបធៀបទៅនឹងចុងឆ្នាំ ២០១៦។ ប្រហែល ៦៣ ភាគរយ នៃចំនួនយូនីតសរុបនៅចុងត្រីមាសទី ៤ ត្រូវបានចាត់ថ្នាក់ជាយូនីតកម្រិតមធ្យម ដែលមានខុនដូជាង ៥,០០០​ យូនីតបានបញ្ចប់ការសាងសង់។

ខុនដូសម្រាប់ជួលនៅទីតាំងសំខាន់ៗបានស្ថិតក្នុងសភាពថេរនៅក្នុងឆ្នាំ២០១៧។ ខុនដូតម្លៃខ្ពស់នៅក្នុងទីតាំងសំខាន់ៗ មានតម្លៃជួលចន្លោះពី១៤ទៅ១៨ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែខណៈខុនដូតម្លៃមធ្យមមានតម្លៃជួលចន្លោះពី១១ទៅ ១៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ខុនដូដែលមានតម្លៃសមរម្យនៅក្នុងទីតាំងសំខាន់ៗតម្លៃជួលមានត្រឹម១០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

អ្នកស្រី អាន សុធីតា នាយិការរបស់ក្រុមហ៊ុន CBRE កម្ពុជាបានមានប្រសាសន៍ថា "ទីផ្សារខុនដូនៅឆ្នាំ២០១៧ មានភាពល្អប្រសើរក្នុងនោះអត្រាស្នាក់នៅមានប្រហែល៨៥ភាគរយ។ ទោះជាយ៉ាងណាទីផ្សារប្រហែលត្រូវការពេលវេលាដើម្បីស្រូបយកការផ្គត់ផ្គង់ថ្មីៗបន្ថែមទៀត ដូច្នេះយើងគិតថាអត្រានៃការកាន់កាប់ទំនងជានឹងធ្លាក់ចុះនៅឆ្នាំ ២០១៨ ។

អ្នកស្រី ធីតា បានបន្ថែមទៀតថា នៅឆ្នាំ ២០១៨ នេះនឹងមានការផ្គត់ផ្គង់ខុនដូបន្ថែមចំនួន ១៣,០០០ យូនីត សេវាកម្មអាផាតមេនចំនួន១,២០០ យូនីត។ លោកស្រីបានបញ្ជាក់ថា "ការផ្គត់ផ្គង់ត្រឹមឆ្នាំ ២០១៨ នឹងកើនឡើង៨៧​ភាគរយកើនឡើងពី១៦,៣០០យូនីតទៅដល់៣០,៥០០​យូនីត"។ បើពិនិត្យមើលអំពីការផ្គត់ផ្គង់លំនៅដ្ឋានសំខាន់ៗនៅក្នុងទីផ្សារ អ្នកស្រី ធីតា បាននិយាយថាអត្រាជួល លំនៅដ្ឋានទំនងជានឹងធ្លាក់ចុះប្រហែល១០ភាគរយនៅឆ្នាំ២០១៨។

ទីផ្សារជួលការិយាល័យ៖ អត្រាជួលរំពឹងថានឹងកើនឡើង

ឆ្នាំ២០១៧មានការកើនឡើងនៃតម្រូវការការិយាល័យដែលមានគុណភាពខ្ពស់ទាំងតម្រូវការជួលពីអ្នកក្នុងស្រុក និងបរទេសហើយក្រុមហ៊ុនចម្រុះជាតិសាសន៍ជាច្រើនបានកំពុងកាន់កាប់ការិយាល័យជួលធំៗ។ កត្តានេះបានធ្វើឲ្យការិយាល័យកម្រិត B កើនឡើងអត្រាជួលប្រហែល១០ភាគរយក្នុងមួយឆ្នាំ។

របាយការណ៍របស់ CBRE បង្ហាញថា នៅចុងឆមាសទី៤ឆ្នាំ២០១៧ការផ្គត់ផ្គង់ការិយាល័យទំនើប នៅទីក្រុងភ្នំពេញបានកើនឡើង១១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ និង២ភាគរយពីមួយត្រីមាសទៅមួយត្រីមាស។ គិតត្រឹមត្រីមាសទី៤ឆ្នាំ២០១៧ការកាន់កាប់ក្នុងវិស័យនេះទាំងមូលមានចំនួន៨២,៧ភាគរយដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីដើមឆ្នាំ២០០៩មកហើយការិយាល័យទំហំប្រមាណ160,000 ម៉ែត្រការ៉េកំពុងត្រូវបានសាងសង់ ហើយនឹងត្រូវបញ្ចេញទៅក្នុងទីផ្សារក្នុងអំឡុងពេល២៤ខែខាងមុខនេះ។

ការកាន់កាប់ការិយាល័យជិតពាក់កណ្តាល​ដែលស្មើនឹង៣៦ភាគរយនៃការផ្គត់ផ្គង់ការិយាល័យនាពេលអនាគតខណៈពេលអគារការិយាល័យប្លង់កម្មសិទ្ធិរួមកំពុងស្ថិតនៅក្នុងដំណាក់កាលសាងសង់ដែលអាចផ្តល់ជូនទំហំជួលប្រហែល១០៥,០០០ម៉ែត្រ ការ៉េ។

ទាក់ទងទៅនឹងការជួលការិយាល័យ អ្នកស្រី ធីតា បាននិយាយថា "តម្លៃជួលជាមធ្យមសម្រាប់ការិយាល័យបែបទំនើបគ្រប់កម្រិតទាំងអស់បានកើនឡើង១ភាគរយក្នុងឆ្នាំនេះរហូតដល់ខែធ្នូឆ្នាំ២០១៧។ សម្រង់តម្លៃការិយាល័យជួលកម្រិតA មាននៅចន្លោះ ២៨ដុល្លារ និង៣៨ដុល្លារក្នុងមួយខែ។"

អ្នកស្រី ធីតា បានបន្ថែមថា “តម្លៃជួលជាមធ្យមគ្រប់កម្រិតការិយាល័យទាំងអស់មានស្ថិរភាពនៅក្នុងត្រីមាសទី៤ប្រៀបធៀបនឹងត្រីមាសទី៣។  ទោះជាយ៉ាងណាការជួលការិយាល័យកម្រិតBនៅក្នុងទីតាំងក្រៅពីតំបន់ពាណិជ្ជកម្មទីក្រុងបានកើនឡើង៤,៤ភាគរយនៅត្រីមាសទី៤ធៀបនឹង ត្រីមាសទី៤ឆ្នាំ២០១៧។”​

នៅពេល ដែលតម្រូវការការិយាល័យនៅតែរឹងមាំនៅឆ្នាំនេះ បន្ថែមលើការផ្គត់ផ្គង់ការិយា ល័យថែមទៀតនៅពេលបច្ចុប្បន្ន អ្នកស្រីធីតា រំពឹងថាការជួលការិយាល័យនឹងមានការកើនឡើងបន្តិច នៅឆ្នាំនេះ។ លោក June Zeng មកពីក្រុមហ៊ុន Tings & Associates Co. , LTD បាននិយាយថា "ខ្ញុំមានសុទិដ្ឋិនិយមចំពោះទស្សនវិស័យសម្រាប់វិស័យការិយាល័យនៅកម្ពុជា។ សម្រាប់អ្នកទាំង​ ឡាយណា ដែលបានអភិឌ្ឍន៍គម្រោងជាមួយនឹងជំនាញវិជ្ជាជីវៈច្បាស់លាស់ ដូចជាគម្រោង  Exchange Square ប្រាកដជានឹងទទួលបានជោគជ័យ។ ហើយនេះក៏មិនខុសអ្វីអំពីវិស័យលំនៅដ្ឋានដែរ ប្រសិន បើមិនមានផែនការច្បាស់លាស់នោះទេ ក៏មិនទទួលបានជោគជ័យដែរ។ ខ្ញុំយល់ឃើញថាវិស័យការិយាល័យនៅឆ្នាំ ២០១៨ គឺមានបញ្ហាជាមួយវិជ្ជាជីវៈជាជាងតម្រូវការ និងការផ្គត់ផ្គង់។" ស្របជាមួយគ្នានេះ ការិយាល័យសម្រាប់ជួលនៅភ្នំពេញនៅតែមាននៅលើទីផ្សារ។

ទីផ្សារលក់រាយជួល៖ សំណង់ថ្មីៗនឹងផ្គត់ផ្គង់ទ្វេដងបន្ថែមលើកន្លែងលក់រាយបច្ចុប្បន្ន

យោងតាមរបាយការណ៍ CBRE កម្ពុជា បង្ហាញថានៅដំណាច់ត្រីមាសទី៤ឆ្នាំ២០១៧ទំហំកន្លែងលក់រាយទំនើបប្រមាណ៣០០,០០០ម៉ែត្រការ៉េកំពុងសាងសង់ ឬគ្រោងនឹងសាងសង់ ហើយនៅពេលបញ្ចប់នឹងបន្ថែមការផ្គត់ផ្គង់ទ្វេដងក្នុងរយៈពេល២៤ខែខាងមុខនេះ

តម្លៃជួលកន្លែងលក់រាយធំៗ មានស្ថេរភាពក្នុងអំឡុងត្រីមាសទី៤ឆ្នាំ ២០១៧ បើប្រៀបធៀបទៅនឹងត្រីមាសមុន(ត្រីមាសទី៣) ដែលមិនបានការផ្លាស់ប្តូរគួរឱ្យកត់សំគាល់ណាមួយទេសម្រាប់ផ្សារទំនើបធំៗ ឬផ្សារទំនើបលក្ខណៈសហគមន៍។ តម្លៃជួលរបស់ស្តង់​ដែលមានកម្រិតខ្ពស់មានតម្លៃត្រឹម៦៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។​

លោកស្រី ធីតា បានមានប្រសាសន៍ថា "ទំហំហាងលក់រាយបន្ថែមចំនួន ២០០,០០០ ម៉ែត្រការ៉េ នឹង មាននៅក្នុងគម្រោងប្រាំពីរនៅក្នុងឆ្នាំ ២០១៨ ដែលនឹងបង្កើនតួលេខទ្វេដងបន្ថែមលើការផ្គត់ផ្គង់ បច្ចុប្បន្ន។ ការផ្គត់ផ្គង់ថ្មីនេះត្រូវបានជម្រុញ ដោយការរួមបញ្ចូលគ្នានៃផ្សារទំនើបថ្មី ដែលបង្កើតឡើង ដោយ ក្រុមហ៊ុនអន្ដរជាតិ និងអ្នកលក់រាយដ៏សំខាន់នៅក្នុងគម្រោងប្រើប្រាស់ចម្រុះ។"

ទោះជាយ៉ាងណាក៏​ដោយសារគម្រោងអភិវឌ្ឍន៍កន្លែងលក់រាយដែលបន្ថែមលើទីផ្សារនៅឆ្នាំ២០១៨ បានរីករាលដាលយ៉ាងខ្លាំងទៅតំបន់ពាណិជ្ជកម្មទីក្រុងទី២ និងទីតាំងផ្សេងៗទៀត ហើយតម្រូវការ នៅតែមានច្រើន។ អ្នកស្រី ធីតា រំពឹងថានៅក្នុងឆ្នាំ២០១៨ តម្លៃជួលហាងលក់រាយនឹងនៅថេរបើប្រៀបធៀបទៅនឹងឆ្នាំ២០១៧។

ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ ឬក៏អចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ!

Comments