+855 92 92 1000
Logo
លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ ​ធា​នា​ថា​ ភ្នំពេញ​នឹង​លែង​ដាច់​ភ្លើង​ទៀត​ហើយ
Updated on: June 6, 2022, 5:02 p.m.
Published on: June 3, 2019, 9:54 a.m.

លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ ​ធា​នា​ថា​ ភ្នំពេញ​នឹង​លែង​ដាច់​ភ្លើង​ទៀត​ហើយ


ភ្នំពេញ៖ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន នា​ថ្ងៃ​ច័ន្ទ​នេះ​បាន​ប្រ​កាស​ថា​ទី​ក្រុង​ភ្នំពេញ​នឹង​មិន​មាន​ការ​ផ្តាច់​ចរន្ត​អគ្គី​ស​នី​ទៀត​ឡើយ​ចាប់​ពី​ឆ្នាំ​ក្រោយ​ទៅ ដោយ​បញ្ជាក់​ថា​រដ្ឋា​ភិ​បាល​បាន​រៀន​សូត្រ​ពី​​​ពេល​វេលា​ដ៏​លំបាក​នៃ​ការ​ខ្វះ​ចរន្ត​អគ្គី​ស​នី​នា​រដូវ​ក្តៅ​ឆ្នាំ​នេះ​ ហើយ​នឹង​​ត្រៀម​ខ្លួនឲ្យ​បាន​ល្អ​​សម្រាប់​​​​ឆ្នាំ​ក្រោយៗ​។  

ថ្លែង​ក្នុង​ពិ​ធី​ប្រ​គល់​សញ្ញា​បត្រ​ដល់​និសិត្យ​បញ្ចប់​ការ​សិក្សា​ពីសកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំ​ពេញ (RUPP) នៅ​ថ្ងៃ​ច័ន្ទ​ទី ៣ មិថុនា លោក​នាយក​រដ្ឋ​មន្រ្តី​បាន​លើក​ឡើង​ថា​រដ្ឋា​ភិ​បាល​នឹង​ត្រៀម​ប្រ​ភព​ថាម​ពល​ឲ្យ​បានគ្រប់​គ្រាន់​ចាប់​ពី​ឆ្នាំ​ក្រោយ​ទៅ ដើម្បី​ធានា​ថា​ការ​ផ្គត់​ផ្គង់​នឹង​ឆ្លើយ​តម​តាម​តម្រូវ​ការ​។

លោក​បន្ត​ថា ទី​ក្រុង​ភ្នំពេ​ញ​នឹង​ត្រូវ​ត្រៀម​ថាម​ពល​បន្ថែម​ ៤០០ មេ​ហ្គាវ៉ាត់ នៅ​ឆ្នាំ​ក្រោយតាម​រយៈ​ការ​ប្រើ​ប្រាស់​ម៉ា​ស៊ី​ន​ភ្លើង​ដើរ​ដោយ​ឥន្ធនៈ ​ដើម្បី​ធា​នា​ឲ្យ​មាន​ការ​ផ្គត់​ផ្គង់​គ្រប់​គ្រាន់ ​បើ​ទោះ​បី​ជា​មិន​មាន​ការ​ផ្គត់​ផ្គង់​អគ្គី​ស​នីពី​វា​រី​អគ្គី​សនី​នា​រដូវ​ក្តៅ​ក្តី។ ​​

លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ថ្លែង​ថា​៖​«​ទី​ក្រុង​ភ្នំពេញ​ត្រូវតែ​​ត្រៀម​[ថាម​ពល] ទុក​ ៤០០ មេ​ហ្គាវ៉ាត់នៅ​ក្បែរ​​ដៃហ្មង​។ ឥលូវ​ បាន​អនុ​ម័ត​ថវិការ​ ហើយ​​​ក៏​បាន​ចាប់​ផ្តើម​បញ្ជា​ទិញ​ [ម៉ា​ស៊ីន​ភ្លើង] រួច​ហើយ​​ធ្វើ​យ៉ាង​ណា​ខែ​ ១០ [ខែ​តុលា​] តម្លើង​ឲ្យ​ហើយ​»។ លោក​បន្ត​ថា ក្នុង​ចំ​ណោម​ថាម​ពល ត្រៀម​ទុក​ ៤០០ មេ​ហ្គាវ៉ាត់ ការ​ផលិត​ថាម​ពល​ពី​ម៉ាស៊ីន​បញ្ជា​ទិញ​ពី​ហ្វាង​ឡង់មាន​អនុ​ភាព​ ២០០ មេ​ហ្គា​វ៉ាត់ និង​ ២០០​ មេហ្គា​វ៉ាត់​ផ្សេង​ទៀត​ជា​ម៉ា​ស៊ីន​ភ្លើង​បញ្ជា​ទិញ​ពី​អា​ឡឺ​ម៉ង់។

លោក​បញ្ជាក់ថា​៖​«​ពេល​ណា​វា​រី​អគ្គីស​នី​​ផលិត​​ភ្លើង​​មិន​​គ្រប់​គ្រាន់​ថាម​ពល​ពី​ម៉ា​ស៊ីន នេះ​បុក​ចូល​ទី​ក្រុង​ភ្នំ​ពេ​ញ​។ ឆ្នាំ​ក្រោយ​ទី​ក្រុង​ភ្នំពេញគ្មាន​ហេតុ​ផល​និ​យាយ​ថា​ខ្វះ​អគ្គីសនី ហើយ​ត្រូវ​កាត់​ទេ»។   

កម្ពុជា​បាន​ជួប​ប្រទះ​ការ​ដាច់​ភ្លើង​ទូទាំង​ប្រទេស​នៅ​ក្នុង​រយៈពេល​​ជាង ​២ ​ខែ​ ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​មីនា​ មក​ដល់​ពាក់​កណ្ដាល​ខែ​ឧសភា ដែល​បាន​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ប្រ​តិ​បត្ត​ការ​អាជីវ​កម្ម​នា​នា​ចាប់​ពី​អាជីវ​កម្ម​ខ្នាត​តូច ខ្នាត​មធ្យម និង​ខ្នាត​ធំ។

បញ្ហា​នេះ​គឺ​ដោយ​សារ​កង្វះ​ការ​ផ្គត់​ផ្គង់​អគ្គី​សនី​នា​រដូវ​ក្តៅ ដោយ​សារ​កម្រិត​ទឹក​តិច​ពេក ដែល​វា​បាន​ប៉ះ​ពាល់​​ដល់​ការ​ផលិត​ថាម​ពល​ពី​ប្រ​ភព​វា​រី​អគ្គី​ស​នី។ រដ្ឋា​ភិ​បាល​ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​កើន​ឡើង​នៃ​​តម្រូវ​ការ​អគ្គីស​នី​ យ៉ាង​លឿន​រហ័ស​ជា​ពិ​សេស​ពី​វិ​ស័យ​សំ​ណង់​ដែល​បាន​កើន​ឡើង​ខ្លាំង ក៏​ជា​កត្តា​យ៉ាង​សំ​ខាន់​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ស្ថិរ​ភាព​ការ​ផ្គត់​ផ្គង់​អគ្គី​ស​នី។

យោង​តាម​ទិន្ន​ន័យ​រដ្ឋា​ភិ​បាល ក្នុង​រយៈ​ពេល​បួន​ខែ​ដំ​បូង​ឆ្នាំ ២០១៩ នេះ រដ្ឋា​ភិ​បាល​បាន​អនុ​ម័ត​លើគម្រោង​ស្នើរ​សុំ​វិនិយោគ​លើ​វិ​ស័យ​សំ​ណង់​ចំ​នួន ១,៤២០ គម្រោង​ ដែល​កើន​ឡើង​ ២១ ភាគរយ​ពី ១,១៧១ គម្រោង​ក្នុង​រយៈ​ពេល​ដូ​ចគ្នា​កាល​ពី​ឆ្នាំ​២០១៨។ គម្រោង​ដែល​បាន​អនុម័ត​នេះ​មាន​តម្លៃ​ជា​ទឹក​ប្រាក់ ២,៧ ពាន់​លាន​ដុល្លារ​ ដែល​កើន​ឡើង​ ៦៧ ភាគរយ​ពី​រយៈ​ពេល​ដូ​ច​គ្នា​ឆ្នាំ ២០១៨៕

តាមដានព័ត៌មានថ្មីៗ ឬចង់ស្វែងរកអចលនទ្រព្យនៅក្នុងទីក្រុងភ្នំុពេញ សូមចូលទៅកាន់ Realestate.com.kh!

 

Comments