+855 92 92 1000
Logo
ដីជាយក្រុងកាន់តែមានទីផ្សារពេលកំពូលតារាចំរៀងចេញមុខលក់ដោយផ្ទាល់
Updated on: June 5, 2022, 4:57 a.m.
Published on: August 7, 2018, 8:53 a.m.

ដីជាយក្រុងកាន់តែមានទីផ្សារពេលកំពូលតារាចំរៀងចេញមុខលក់ដោយផ្ទាល់


ដីឡូតិ៍តម្លៃទាបបានក្លាយជាទីផ្សារដ៏មានសក្តានុពលនៅក្នុងវិស័យអចលនទ្រព្យកម្ពុជានៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រៅពីគម្រោងខុនដូ អាផាតមេន និងផ្ទះតម្លៃថ្លៃនៅ កណ្តាលទីក្រុង បុរីទំនើបៗ គម្រោងដីឡូតិ៍គឺជាជម្រើសល្អបំផុតសម្រាប់អ្នកមានលទ្ធភាពតិចតួចអ្នកមានជីវភាពទាប ឬធម្យមដែលមានបំណងចង់រស់នៅក្នុងទីក្រុង។

កត្តាទាំងនេះបានជំរុញតម្លៃដីនៅតំបន់ជាយក្រុងឲ្យហក់ឡើងជាលំដាប់។ ស្របពេលដែលនិន្នាការទិញលក់ដីឡូតិ៍កាន់តែមានការចាប់អារម្មណ៍បច្ចុប្បន្នកំពូលតារាចម្រៀងរបស់កម្ពុជា ដូចជា៖ លោក ព្រាប សុវត្ថិ និង លោក ខេមរៈ សេរីមន្ត ក៏បានងាកមកបោះ ទុនវិនិយោគ និងថែមទាំងជាអ្នកផ្សព្វផ្សាយលក់គម្រោងដីឡូតិ៍ដោយផ្ទាល់ទៀតផង។​

ជាមួយនឹងភាពល្បីល្បាញក្នុងអាជីពជាតារាចម្រៀងស្រាប់វាបានជម្រុញល្បឿននៃការលក់ គឺដាច់លឿនជាងការរំពឹងទុក។ ជាក់ស្តែងដូចជាគម្រោងដីឡូតិ៍របស់ លោក ព្រាប សុវត្ថិក្នុងរយៈពេលជាង២ខែបានលក់អស់៣គម្រោងធំៗហើយគ្រោងនឹងបញ្ចេញគម្រោងយក្សដែលទំនងជាមានទំហំខ្ទង់ជិតរយហិកតានៅក្នុងពេលឆាប់ៗខាងមុខ។

ចំណែកថ្មីៗនេះដែរលោក ខេមរៈ សេរីមន្ត ក៏ទើបតែប្រកាសលក់ដីឡូតិ៍លើកដំបូងដែល មានទីតាំង ផ្លូវជាតិលេខ៣ ដែលមានចង្ងាយ១១គីឡូម៉ែត្រពីរង្វង់មូលចោមចៅ។ បរិបទថ្មីនៃបុគ្គលល្បីក្នុងវិស័យសិល្បៈដែលបានបោះទុនវិនិយោគលើវិស័យដីធ្លីនេះបានកំពុងទាញការចាប់អារម្មណ៍ច្រើនពីសាធារណៈជនទូទៅ។​

ដីដែលនៅជិតតំបន់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ទាំងនេះបានឡើងថ្លៃភ្លាមៗនេះបើតាមការឲ្យដឹងពីភ្នាក់ងារដីឡូតិ៍ (សុំមិនបញ្ចេញឈ្មោះ)។ ដីស្រែដែលពីមុនមានតម្លៃក្រោម១០ដុល្លារបច្ចុប្បន្នបានកើនដល់២០ទៅ៣០ដុល្លារក្នុងមួយម៉ែត្រការ៉េអាស្រ័យតាមតំបន់និមួយៗទំហំដី និងសណ្ឋានផ្លូវនៅតំបន់នេះ។

លោក សំ វុទ្ធី ជាប្រជាពលរដ្ឋម្នាក់ដែលមានដីជាង២ហិកតានៅជិតផ្លូវជាតិលេខ៣បានឲ្យដឹងថាលោកបានដាក់លក់ដីក្នុងតម្លៃជាង១០ដុល្លារក្នុងមួយម៉ែត្រការ៉េប៉ុន្តែបច្ចុប្បន្នបន្ទាប់ពីដឹងថា ដីរបស់លោកស្ថិតនៅក្បែរគម្រោងដីឡូតិ៍លោកបានបង្កើនតម្លៃលក់ខ្ពស់ជាងនេះ។

យោងទៅតាមរបាយការណ៍តម្លៃដីរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត សម្រាប់ឆមាសទីមួយឆ្នាំ២០១៨នេះបានបង្ហាញថាដីលំនៅដ្ឋាននៅក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ បច្ចុប្បន្នមាន តម្លៃជាមធ្យមជិត​ ១០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េចំណែកដីមានសក្តានុពលសម្រាប់អាជីវកម្ម ឬពាណិជ្ជកម្មមានតម្លៃខ្ទង់ ១២០ ទៅ ១៣០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

ដីលំនៅដ្ឋាននៅក្នុងសង្កាត់ពងទឹកវិញ បច្ចុប្បន្នមានតម្លៃជាមធ្យម១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ចំណែកដីមានសក្តានុពលសម្រាប់អាជីវកម្ម ឬពាណិជ្ជកម្ម មានតម្លៃខ្ទង់ ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នេះបើតាមរបាយការណ៍ដដែល។

ទាក់ទងនឹងការបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលរបស់តារាល្បីៗ ទាំងពីនាក់នេះនៅក្នុងវិស័យ អចលនទ្រព្យគឺបានសរបញ្ជាក់ឲ្យឃើញថា ទីផ្សារដីធ្លីពិតជាកំពុងមានសក្តានុពលខ្លាំង សម្រាប់អ្នកវិនិយោគ ហើយអ្នកទិញក្នុងស្រុកពិតជាមានតម្រូវការច្រើន។

អ្នកជំនាញបានបង្ហាញសុទិដ្ឋិនិយម និងមានការភ្ញាក់ផ្អើលចំពោះចំនួនដ៏ច្រើន និងភាពឆាប់រហ័សបំផុតនៃការលក់គម្រោងដីឡូតិ៍របស់ លោកព្រាប សុវត្តិុ។​ ក្នុងនោះក៏មានលើកឡើង ដែរថាការទុកចិត្តរបស់អតិថិជនពិតជាមានសារៈសំខាន់ណាស់ចំពោះអ្នកលក់ដីឡូតិ៍។

ការលើកឡើងដូចនេះ គឺក៏មានន័យដែរថា អ្នកទិញដីឡូតិ៍ គឺទិញភាពស្របច្បាប់ ទិញអត្ថប្រយោជន៍ ទិញផលចំណេញ ក្នុងនោះទំនុកចិត្តចំណុចដំបូងនៃការចាប់ផ្តើម។

អ្នកជំនាញជឿថា តំបន់ជាយក្រុង និងតំបន់ក្រុងនឹងតភ្ជាប់គ្នាយ៉ាងឆាប់រហ័ស នៅពេលដែល គម្រោងដីឡូតិ៍មានដំណើរការល្អ រួមផ្សំនឹងការលើកទឹកចិត្តពីរដ្ឋាភិបាលតាមរយៈការផ្តល់់ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសមស្រប។ គិតជារួមតម្លៃអចលនទ្រព្យនឹងបន្តកើនឡើងជានិច្ច នៅពេលគ្រប់ភាគីពាក់ព័ន្ធបានគិតគូច្បាស់លាស់ពីអនាគតនៃវិស័យទាំងមូល។

ស្វែងរកដីឡូតិ៍សម្រាប់លក់នៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh!

Comments