+855 92 92 1000
Logo
ប៉ោយប៉ែតពីតំបន់កាស៊ីណូល្បីល្បាញទៅជាទីក្រុងឧស្សាហកម្មប្រកបដោយសក្ដានុភាព
Updated on: June 7, 2022, 6:26 a.m.
Published on: October 26, 2017, 1:36 a.m.

ប៉ោយប៉ែតពីតំបន់កាស៊ីណូល្បីល្បាញទៅជាទីក្រុងឧស្សាហកម្មប្រកបដោយសក្ដានុភាព


ប៉ោយប៉ែត ដែលជាចំណុចប្រសព្វរវាងច្រកព្រំដែនកម្ពុជាថៃ ស្ថិតនៅចន្លោះខេត្តបាត់ដំបង និងសៀមរាប ហើយត្រូវបានគេស្គាល់ជាទូទៅថាជាទិសដៅល្បែងស៊ីសងសម្រាប់ជនបរទេស។

យ៉ាងណាក៏ដោយ រដ្ឋាភិបាលមានគម្រោងប្រែក្លាយទីក្រុងប៉ោយប៉ែតឱ្យទៅជាតំបន់ឧស្សាហកម្មប្រកបដោសក្ដានុពលមួយនៅកម្ពុជា។ គេជឿថាដោយសារតែហេតុផលនេះ និងដោយសារតែប៉ោយប៉ែតស្ថិតនៅជាប់ប្រទេសថៃ វិនិយោគិន នឹងស្វះស្វែងរកឱកាសវិនិយោគបន្ថែមទៀតនៅក្នុងវិស័យឧស្សាហកម្មនៅទីនោះ។

ភាពប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធដូចជាការតភ្ជាប់ផ្លូវដែករវាងទីក្រុងភ្នំពេញ និងទីក្រុងបាងកកកាត់តាមទីក្រុងប៉ោយប៉ែតដែលជិតនឹងបញ្ចប់បានជម្រុញមនុស្សជាច្រើនផ្លាស់ទីដើម្បីស្វែងរកឱកាសការងារនៅប៉ោយប៉ែត។ នៅពេលគម្រោងផ្លូវដែកត្រូវបានបញ្ចប់​ ការដោះដូរទំនិញតាមព្រំដែនរវាងប្រទេសទាំងពីរត្រូវបានរំពឹងថានឹងកើនឡើងច្រើនថែមទៀត។

លោក Eric Wong ម្ចាស់គេហទំព័រ SkyscraperCity Cambodia លើកឡើងថាទីក្រុងប៉ោយប៉ែតស្គាល់ការរីកចម្រើនគួរឱ្យកត់សម្គាល់នាពេលថ្មីៗនេះជាមួយនឹងការកកើតឡើងរោងចក្រ និងអាជីវកម្មជាច្រើននៅទីនោះ។ គ្រួសាររបស់លោក Eric Wong បានវិនិយោគលើអាជីវកម្មជាច្រើននៅប៉ោយប៉ែត ដោយសារតែទីតាំងយុទ្ធសាស្រ្តនៅកៀកប្រទេសថៃ ហើយលោកជឿថា ការដោះដូរទំនិញតាមច្រកព្រំដែនរវាងកម្ពុជា និងថៃកំពុងតែកើនឡើង យ៉ាងគំហុក។

ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស Sanco Poipet Special Economic Zone នៅឆ្នាំ២០១៤គឺជាហេតុផលមួយដែលនាំឱ្យមានកំណើននៃការដោះដូរទំនិញហើយតំបន់សេដ្ឋកិច្ចពិសេសនេះគឺជាច្រកពាណិជ្ជកម្មដ៏សំខាន់មួយរវាងកម្ពុជា និងថៃ ដែលនឹងមានការអភិវឌ្ឍន៍នៅថ្ងៃអនាគត។

អ្នកស្រី សឿង សុផារី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានអធិប្បាយថាថៃគឺជាដៃគូរពាណិជ្ចកម្មចម្បងមួយរបស់កម្ពុជា ដោយរដ្ឋាភិបាលទាំងពីរមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ។ អ្នកស្រីជឿថាទំនាក់ទំនងល្អនេះ នឹងជួយជម្រុញការដោះដូរពាណិជ្ជកម្ម ឱ្យកើនឡើងចំនួន ១៥ ពាន់លានដុល្លារត្រឹមឆ្នាំ២០២០ខាងមុខ។

អ្នកស្រីបន្តទៀតថាការនាំចូលទំនិញពីថៃបានធ្លាក់ចុះន្តិចដោយសារតែនិយោគិនថៃកំពុងតែសាងសង់រោងចក្រនៅកម្ពុជាតែយ៉ាងណាក៏ដោយការនាំចេញទៅថៃពិតជាបានកើនឡើង។ អ្នកស្រីជឿថា គម្រោងផ្លូវដែកថ្មីនឹងក្លាយជាកត្តាលីករសំខាន់មួយដែលជួយដល់ភាពប្រសើរ ឡើងហេដ្ឋារចនាសម្ព័ន្ធនៅប៉ោយប៉ែត ហើយវានឹងជួយប្រទេសទាំងពីរសម្រេចបានទិសដៅ ពាណិជ្ជកម្មរបស់ខ្លួន។

សម្រាប់ទីផ្សារអចលនទ្រព្យនៅប៉ោយប៉ែត តម្លៃទីនៅថេរមិនទាន់ឃើញមានការកើនឡើងនៅឡើយទេ។ យ៉ាងណាក៏ដោយ លោក សន សៀប ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនKey Real Estate ជឿថាតម្លៃដីនឹងកើនឡើងនៅពេលដែលគម្រោងផ្លូវដែកត្រូវបានបញ្ចប់ និងនៅពេលដែលសកម្មភាពឧស្សាហកម្មកាន់តែច្រើនកើតឡើងនៅទីនោះ។

លោក រៀបរាប់ថា បច្ចុប្បន្នតម្លៃដីសម្រាប់គម្រោងលំនៅដ្ឋានដែលពុំទាន់មានការសាងសង់ស្ថិតនៅចន្លោះ ២០០ ទៅ ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងចន្លោះពី ៣០០ ទៅ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់ដែលមានការសាងសង់ហើយ។

លោកបន្តថាសម្រាប់តំបន់ពាណិជ្ជកម្ម ឬទីប្រជុំជនតម្លៃដីស្ថិតនៅចន្លោះពី ៥០០ ទៅ ១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងស្ថិតនៅចន្លោះពី ១០០០ ទៅ ២០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់ដីស្ថិតនៅតាមផ្លូវជាតិលេខ៥ ឬនៅកៀកព្រំដែន។

ទោះបីជាការអភិវឌ្ឍន៍លំនៅដ្ឋានស្នាក់នៅមិនទាន់មានកំណើនខ្លាំងក៏ដោយនៅពេលបច្ចុប្បន្ន លោក សៀប បានកត់សម្គាល់ឃើញមានការរីកចម្រើនគម្រោងបុរីមួយចំនួនដែរ ដែលមានតម្លៃចន្លោះពី ៥០ ០០០ ទៅ ១០០ ០០០ ដុល្លារ។

លោក សៀប ជឿថាវិស័យអចលនទ្រព្យនៅប៉ោយប៉ែតនឹងមានសក្ដានុពលនៅថ្ងៃអនាគតដោយសារតែមានឱកាសការងារច្រើនពីតំបន់សេដ្ឋកិច្ចពិសេស និងផែនការរដ្ឋាភិបាលប្រែក្លាយប៉ោយប៉ែតទៅជាតំបន់ឧស្សាហកម្ម។ នៅទីបំផុតតម្រូវការពលកម្មកាន់តែច្រើននៅប៉ោយប៉ែតនឹងនាំឱ្យមានតម្រូវការលំនៅដ្ឋាននៅទីនោះ។

នៅពេលដែលគម្រោងផ្លូវដែកសាងសង់ចប់នៅឆ្នាំ២០១៨ភ្នាក់ងារអចលនទ្រព្យ និងអ្នកជំនាញមានសុទិដ្ឋិនិយមថាការកើនឡើងទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃនឹងជម្រុញឱ្យវិនិយោគិនកាន់តែច្រើនសាងសង់រោងចក្របន្ថែមទៀតនៅប៉ោយប៉ែត ប្រការនេះនឹងជួយ ជម្រុញសេដ្ឋកិច្ចក្នុងស្រុក និងបង្កើនចំណូលរបស់ប្រជាជននៅទីនោះ។

នៅថ្ងៃអនាគត គេរំពឹងថាទីក្រុងប៉ោយប៉ែត ដែលកំពុងតែផ្លាស់ប្ដូរមុខមាត់ថ្មី នឹងក្លាយជាទិសដៅវិនិយោគទាក់ទាញបំផុតមួយនៅកម្ពុជា។

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅប៉ោយប៉ែតនៅលើគេហទំព័រ Realestate.com.kh ហើយវិនិយោគមុន គេដើម្បីទទួលបានផលចំណេញខ្ពស់បំផុតនៅថ្ងៃអនាគត‌។
ចំណាយពេល២នាទីក្នុងការបំពេញការស្ទង់មតិដើម្បីទទួលឱកាសឈ្នះរង្វាន់ទូរសព្ទ!

 

Comments