+855 92 92 1000
Logo
ព្រលានយន្តហោះថ្មីប៉ោយប៉ែតចាប់ផ្តើម ស្របពេលអចលនទ្រព្យកំពុងមាន សន្ទស្សន៍កំណើនខ្លាំង
Updated on: June 6, 2022, 5:02 p.m.
Published on: October 28, 2018, 8:47 p.m.

ព្រលានយន្តហោះថ្មីប៉ោយប៉ែតចាប់ផ្តើម ស្របពេលអចលនទ្រព្យកំពុងមាន សន្ទស្សន៍កំណើនខ្លាំង


គម្រោងវិនិយោគថ្មីនៅលើទីតាំងព្រលានយន្តហោះដែលមានស្រាប់នៅក្នុងក្រុងប៉ោយប៉ែត ត្រូវបានប្រកាសឲ្យដឹងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជាថានឹងត្រូវផ្តល់សិទ្ធិវិនិយោគបន្តអោយក្រុមហ៊ុន «Poipet Airport Investment» ដើម្បីសាងសង់ព្រលានយន្តហោះនេះនៅឆ្នាំ២០២០ហើយគ្រោងនឹងចំណាយពេល៣ទៅ៥ឆ្នាំដើម្បីបញ្ចប់ការសាងសង់។

ដោយគ្របដណ្តប់លើផ្ទៃដីទំហំជាង ១០០​ ហិចតាព្រលានយន្តហោះនេះមានទីតាំងនៅក្នុងសង្កាត់ និមិត្ត ក្រុងប៉ោយប៉ែតដោយគ្រោងនឹងវិនិយោគក្នុងទឹកប្រាក់ប្រមាណ​​៥០លានដុល្លារ។

បច្ចុប្បន្នប៉ោយប៉ែតជាមជ្ឈមណ្ឌលសេដ្ឋកិច្ច មជ្ឍមណ្ឌលដឹកជញ្ជូន តំបន់ឧស្សាហកម្ម កាស៊ីណូ និងជាច្រក ព្រំដែនសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសកម្ពុជាជាមួយប្រទេសថៃ។

ហេដ្ឋារចនាសម្ព័ន្ធថ្មីៗបានត្រូវតភ្ជាប់គ្នា ក្នុងនោះរួមមានការកែលំអផ្លូវនៅក្នុងក្រុង និងផ្លូវតភ្ជាប់ទៅតំបន់ផ្សេងៗ ស្ពាន ផ្លូវរថភ្លើងតភ្ជាប់ទីក្រុងភ្នំពេញ​ និងផ្លូវអាកាសដែលជាគម្រោងថ្មីនេះ។​

ក្នុងរយៈពេលប​៉ុន្មានឆ្នាំចុងក្រោយ សេដ្ឋកិច្ចក្នុងតំបន់ប៉ោយបែ៉ត មើលឃើញថា​មានភាពមមាញឹកខ្លាំងឡើងក្នុងនោះវិស័យអចលទ្រព្យកំពុងមានសន្ទស្សន៌កំណើនគួរឲ្យកត់សម្គាល់។ នេះគឺមិនទាន់មានវត្តមានព្រលានយន្តហោះនោះទេ។

លោក សាន ស៊ាន ហូ អភិបាលក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថាបច្ចុប្បន្នអចលនទ្រព្យនៅក្នុងក្រុងប៉ោយប៉ែតទាំងមូលកំពុងមានភាពប្រែប្រួលខ្លាំង។ លោកបានបន្ថែមថា“ជាក់ស្តែងយើងជួបប្រទះការខ្វះខាតកន្លែងស្នាក់នៅ បន្ទប់ជួល និងអគារជួលជាដើម។

សម្រាប់តម្លៃវិញ លោក ស៊ាន ហ៊ូ បាន​បញ្ជាក់ថាតម្លៃជួលអចលនទ្រព្យបានកើនឡើង បី ឬ ៤ ដង បើធៀបទៅនឹងឆ្នាំ ២០១៧។​ ចំណែកតម្លៃដីក៏បានកើនឡើងខ្លាំងផងដែរ។ តំបន់មួយចំនួននៅតាមផ្លូវជាតិលេខ៥ ពីមុនមានតម្លៃ៤០ទៅ៥០ដុល្លារក្នុងមួយម៉ែត្រការ៉េបច្ចុប្បន្នមានតម្លៃ១៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តំបន់ខ្លះទៀតធ្លាប់មានតម្លៃត្រឹមតែ៣ទៅ៥ដុល្លារក្នុងមួយម៉ែត្រការ៉េ បច្ចុប្បន្នកើនឡើងដល់២០ទៅ៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ។  នេះបើតាមការបញ្ជាក់របស់លោក ស៊ាន ហូ។

លោក ស៊ាន ហូ បញ្ជាក់ថា ប៉ោយប៉ែតបានក្លាយជាទិសដៅវិនិយោគថ្មីសម្រាប់វិនិយោគិនបរទេស។ វិនិយោគិនចិន ជប៉ុន និងថៃកំពុងចាប់អារម្មណ៍ខ្លាំងលើតំបន់អភិវឌ្ឍន៍នានានៅប៉ោយប៉ែត។ លោកជឿជាក់ថាវត្តមានព្រលានយន្តហោះថ្មីនេះនឹងជួយជម្រុញអចលនទ្រព្យនៅក្នុងតំបន់នេះឲ្យចម្រើនយ៉ាងខ្លាំងនៅពេលអនាគត។​

លោក ហោ គន្ធា (ហៅRoy) ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុ​ន Sokha Residences Group បាននិយាយថាហេដ្ឋារចនាសម្ព័ន្ធគឺជាកត្តាជំរុញលទ្ធភាព និងទំហំវិនិយោគពីដៃគូអន្តរជាតិបានកាន់តែច្រើនហើយជារួមវិស័យអចលនទ្រព្យនឹងបន្តរីកចម្រើនទៅមុន។ តាមរយ​ៈព្រលានយន្តហោះថ្មីនេះ នឹងនាំយកភ្ញៀវទេសចរណ៍ និងវិនិយោគិនធំៗនៅក្នុងវិស័យអចលនទ្រព្យ អោយចូលទៅកាន់តំបន់នេះបានច្រើនថែមទៀត។

លោក Roy បានបញ្ជាក់ថា បច្ចុប្បន្នអចលនទ្រព្យដែលឈានមុខគេ នៅទីក្នុងតំបន់គឺវិស័យដីធ្លី និងមានគម្រោងលំនៅដ្ឋានបែបបុរីមួយចំនួនផងដែរ។ ទោះជាយ៉ាងណាគម្រោងខុនដូមិនទាន់មានច្រើននោះទេ ក្រៅពីគម្រោងខុនដូ Sokha Residences ដែលមានកម្ពស់២១ជាន់​ និងគម្រោងថ្មីពីរផ្សេងទៀត​។​

បើពិនិត្យជារួម គេមើលឃើញថា តំបន់ប៉ោយប៉ែតនឹងក្លាយជាទីតាំងថ្មីមួយទៀតសម្រាប់វិនិយោគិនបរទេសពិសេសអ្នកអភិវឌ្ឍន៍ចិនខណៈទំនោរនៃការវិនិយោគនៅតំបន់នេះជុំវិញវិស័យអចលនទ្រព្យគឺស្រដៀងគ្នាទៅនឹងក្រុងព្រះសីហនុ។ ទោះយ៉ាងណាបច្ចុប្បន្នវិនិយោគិនទូទៅនៅតែអាចស្វែងរកឱកាសវិនិយោគល្អបំផុត៕

ស្វែងរកអចលនទ្រព្យសម្រាប់លក់ជួលនៅប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh!

Comments