+855 92 92 1000
Logo
មិនធម្មតាទេ ! ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុប្រើបច្ចេកវិទ្យាពិសេស១នេះជំនួសកម្លាំងមនុស្ស
Updated on: May 18, 2022, 10:14 a.m.
Published on: August 12, 2021, 9:28 a.m.

មិនធម្មតាទេ ! ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុប្រើបច្ចេកវិទ្យាពិសេស១នេះជំនួសកម្លាំងមនុស្ស


យោងតាម លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន​​គម្រោងសាង​សង់ផ្លូវល្បឿ​ន​លឿន​​ភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាគម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្រោម​គំនិត​​ផ្តួច​ផ្តើម​ខ្សែក្រវ៉ាត់ និងផ្លូវ ​ត្រូវបាន​សាង​សង់​ក្នុង​តម្លៃប្រមាណ ២ ពាន់លានដុល្លារ មានប្រវែង​សរុប​ជាង​១៩០គីឡូម៉ែត្រ គិតត្រឹមពេលនេះសម្រេចបានចំនួន៦៤%ហើយ ។

តាមប្រភពហ្វេសប៊ុកផេកផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានឱ្យដឹងថា ការដ្ឋានសាងសង់​ផ្លូវ​ល្បឿន​​លឿនភ្នំពេញ-ព្រះសីហនុ​បានប្រើប្រាស់​ម៉ាសុី​ន​ស្វ័យប្រវត្តិ​ក្រាលផ្លូវថ្នល់ 3D ដែលមាន​កម្រិត​ច្បាស់​លាស់ ។ ម៉ាសុីនស្វ័យប្រវត្តិក្រាលផ្លូវថ្នល់ 3D ត្រូវបាន​ប្រើសម្រាប់ត្រួសត្រាយ​ស្រទាប់​បេតុង (Cement Stabilized Sub-Base) និងស្រទាប់កៅស៊ូ (Asphalt Pavement) ដោយតម្លើង​ប្រព័ន្ធ​បញ្ជា​ដោយ​ស្វ័យប្រវត្តិទៅនៅលើម៉ាសុីនក្រាលផ្លូវថ្នល់ដែលមានស្រាប់ ប្រៀបនឹងការវាស់​ដោយ​បុគ្គលិក​ផ្ទាល់ ប្រព័ន្ធស្វ័យប្រវត្តិអាចជួយសន្សំកម្លាំង និងពេលវេលា ។

តាមប្រភពខាងលើក៏បានឱ្យដឹងដែរថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បាន​ក្រាល​ថ្នល់​ដោយ​ប្រើប្រាស់កៅស៊ូក្រាលថ្នល់ប្រភេទ SBS នៅក្នុងប្រទេសកម្ពុជាជាលើកដំបូង ដែលអាច​ស៊ាំ​ទៅ​នឹង​សីតុណ្ហ​ភាពខ្ពស់ និងអាកាសធាតុភ្លៀងធ្លាក់ច្រើនរបស់ប្រទេសកម្ពុជា ដែលធ្វើឱ្យ​ពង្រឹង​នូវ​សមត្ថ​ភាព​ដឹកជញ្ជូន និងអាយុកាលនៃផ្លូវ ។

គួររម្លឹកផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបើកការដ្ឋានសាងសង់​កាល​ពី​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុជា ក្នុង​គម្រោងចំណាយថវិកាប្រមាណ ២០១៩លានដុល្លារអាមេរិក ក្នុងនោះក្រុម​ហ៊ុនទទួលបានសម្បទាន​វិនិយោគ​ប្រមាណ ២ពាន់លានដុល្លារ និងហិរញ្ញប្បទានឥត​សំណង​ពីរដ្ឋាភិបាល​ចិនប្រមាណ១៥០​លាន​ដុល្លារ ។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះមានផ្លូវបំបែកទិស ៧កន្លែង, កន្លែងឈប់សម្រាកចំនួន៣កន្លែង, ចំណតរថយន្ត១​កន្លែង, មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន៤កន្លែង, ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង, ស្ពាន​តូច​ចំនួន៥កន្លែង ដោយឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តព្រះសីហនុ ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាខ្សែផ្លូវទី១ និងដំបូងគេបំផុតពុំធ្លាប់មានពី​មុន​មកនៅក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ។ ផ្លូវនេះនឹងក្លាយជាខ្សែផ្លូវនៃប៉ូលសេដ្ឋកិច្ច និងទេសចរណ៍​ដ៏មាន​សក្តានុពលរបស់កម្ពុជាដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ ៕

Comments