+855 92 92 1000
Logo
PM Hun Sen says tax revenue up
Updated on: June 6, 2022, 5:02 p.m.
Published on: June 3, 2019, 7:14 a.m.

ត្រឹម ៥ ​ខែកម្ពុជា​ប្រមូល​ចំ​ណូល​ពន្ធ​បាន​ច្រើន​ជាង​ពាក់​កណ្តាល​នៃ​ផែន​ការ​ឆ្នាំ ២០១៩


កម្ពុជា​បាន​ប្រ​មូល​ចំ​ណូល​កើន​ឡើង​ខ្លាំង​​​នៅ​ដើម​ឆ្នាំ​នេះ ដោយ​ចំ​ណូល​ពី​ពន្ធដា និង​ពន្ធ​គយ ក្នុង​​​រយៈ​ប្រាំ​ខែ​ដំ​បូង​ឆ្នាំ២០១៩នេះ សុទ្ធ​តែ​សម្រេច​បាន​លើស​ពាក់​កណ្តាលនៃ​ផែន​ការ​មួយ ​ឆ្នាំ​ពេញ​​​។

នេះ​បើយោងតាម​ការ​ប្រ​កាស​របស់​លោក​នាយ​ក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ នៅ​ថ្ងៃ​ច័ន្ទ​នេះ។

លោក​នាយក​រដ្ឋ​មន្រ្តី​ បាន​ថ្លែង​ប្រាប់​​​និសិ​ត្យ​បញ្ចប់​ការ​សិក្សា​ពី​សក​ល​វិ​ទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ ដោយ​លើក​ឡើង​ថា​ ចំ​ណូលប្រ​​មូល​​បាន​ពី​ពន្ធ​ដា​ក្នុង​រយៈ​ពេល​ពីខែ​មក​រា ដល់​ខែ​ឧស​ភា ឆ្នាំ​នេះ​សម្រេច​បាន​ ៥៨ ភាគ​រយ​រួច​ហើយ​នៃ​ផែន​ការ​ថវិកាជាតិ​​ឆ្នាំ ២០១៩ នេះ។ លោក​បន្ត​ថា ចំ​ណូល​ពី​ពន្ធ​គយ​វិញ ក៏​បាន​លើស​ពាក់​កណ្តាល​ដែរ​សម្រាប់​រយៈ​ពេល​ប្រាំ​ខែ​ដំ​បូង​ឆ្នាំ​នេះ ដោយ​សម្រេច​បាន ៥៤ ភាគ​រយ​នៃ​ផែន​ការ។

លោក​បន្ត​ថា​៖​«​វប្ប​ធម​នៃ​ការ​បង់​ពន្ធ​ក្នុង​ចំ​ណោម​ប្រ​ជា​ជន​យើង​ឥលូវ​មាន​ភាព​ប្រ​សើ​ឡើង​ច្រើន​»។ លោក​បញ្ជាក់​ថា កត្តា​នេះ​បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ដល់​កំណើន​ប្រាក់​ចំ​ណូល​ពន្ធ​របស់​រដ្ឋា​ភិ​បាល​​ បើ​ទោះ​បី​ជា​រដ្ឋា​ភិ​​បាល​បាន​សម្រេច​ឈប់​យក​ពន្ធ​មួយ​ចំ​នួន​ដើម្បី​ លើក​ទឹក​ចិត្ត​ដល់​ការ​វិនិយោគ និង​ សម្រួល​ដល់​ការ​រស់​នៅ​របស់​ប្រ​ជា​ជន​ក៏​ដោយ។

លោក​នាយក​រដ្ឋ​មន្រ្តី​មិន​បាន​បញ្ជាក់​លម្អិត​ពី​ចំ​នួន​ទឹក​ប្រាក់​ដែល​ប្រ​មូល​បាន​ពី​ពន្ធ​ដា និង ពន្ធ​គយ​ជា​ក់​ស្តែង​នោះ​ទេ។ យ៉ាង​នេះ​ក្តីយោង​តាម​ច្បាប់​ថវិការ​ជាតិ​​ឆ្នាំ ២០១៩ រដ្ឋា​ភិ​បាល​គ្រោង​ប្រ​មូល​ចំ​ណូល​ចរន្ត (ដែល​សំ​ដៅ​លើ​ចំ​ណូល​ពី​ពន្ធ​ដា​ និង​ ពន្ធ​គយ​) ឲ្យ​បាន​ ៤.៥ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៩ នេះ។

កាល​ពី​សប្តាហ៍​មុន លោក​នាយ​ក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​បាន​សម្រេច​លើក​លែង​ ពន្ធអប្បបរមា ដែល​មាន​អត្រា ១ ភាគរយ ចំ​ពោះ​គ្រប់​សហ​គ្រាស​ដែល​​ជា​អ្ន​ក​ជាប់​ពន្ធ​តាម​របប​ស្វ័យ​ប្រ​កាស ដើម្បី​ទាក់​ទាញ​អ្នក​វិនិយោគ​បន្ថែម។ ពន្ធអប្បបរមា ជាពន្ធមួយដាច់ដោយឡែកនិងផ្សេងៗពីពន្ធលើប្រាក់ចំណេញ។

ពន្ធនេះត្រូវបង់នៅពេលទូទាត់ពន្ធលើប្រាក់ ចំណេញប្រចាំឆ្នាំ ហើយអាចត្រូវបានកាត់បន្ថយដោយពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ។

កាល​ពី​ឆ្នាំ ២០១៨ កម្ពុជា​ប្រ​មូល​ចំ​ណូល​ពី​ពន្ធ​ដា​បាន ២.១៩​ ពាន់​លាន​ដុល្លារ ខណៈ​ចំ​ណូល​ពី ពន្ធ​គយ​មាន​ ២.៥ ពាន់​លាន​ដុល្លារ។

តាមដានព័ត៌មានថ្មីៗ ឬចង់ស្វែងរកអចលនទ្រព្យនៅក្នុងទីក្រុងភ្នំុពេញ សូមចូលទៅកាន់ Realestate.com.kh!



Comments