ទីតាំងអគារប៊ូឌីញ ឬហៅ «អគារ ស» ដែលត្រូវបានរដ្ឋាភិបាលទិញយកពីពលរដ្ឋកាលពីឆ្នាំ ២០១៧ កន្លងមក ឆាប់ៗខាងមុខនឹងក្លាយជាទីតាំងដ៏ប្រណិតមួយរបស់ក្រុមហ៊ុន NagaCorp ដែលជាក្រុមហ៊ុនវិនិយោគលើកាស៊ីណូដ៏ធំបំផុតនៅក្នុងទីក្រុងភ្នំពេញ ឈ្មោះថា ណាហ្គាវើល (NagaWorld)។
កាលពីថ្ងៃពុធក្រុមហ៊ុន NagaCorp បានបង្ហាញរបាយការណ៍ប្រាក់ចំណេញត្រីមាសទី១ របស់ខ្លួន។ ដោយបានបង្ហាញថាប្រាក់ចំណូលសរុបបានកើនឡើងជិតដល់ ៣២១.២ លានដុល្លារក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០១៩ ដែលកើនឡើង ៣២ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។
ទន្ទឹមជាមួយគ្នានេះ NagaCorp ដែលជាក្រុមហ៊ុនបានចុះបញ្ជីនៅទីក្រុងហុងកុងបាន ប្រកាសថានឹងសាងសង់ កាស៊ីណូណាហ្កាទី៣ ជាមួយនឹងទំហំទឹកប្រាក់វិនិយោគ រហូតជិត ៤ ពាន់លានដុល្លារ នេះបើយោង សេចក្ដីប្រកាសរបស់ក្រុមហ៊ុន។
ក្រុមហ៊ុននេះនឹងបន្តអភិវឌ្ឍគម្រោងសម្រាប់គម្រោងណាហ្គាទី៣ ក្រុមហ៊ុននេះបានឱ្យដឹងថា ខ្លួនគ្រោងនឹងចំណាយចន្លោះពី ៣.៨ និង ៤ លានដុល្លារ។
គម្រោងនេះនឹងត្រូវសាងសង់ជាសណ្ឋាគារ និងអាផាមេនប្រណិត ចំនួន ៤,៧២០ បន្ទប់ ហើយក្នុងនោះយ៉ាងហោចណាស់មានអគារសរុបចំនួន ៥ អគារ ក្នុងនោះអគារចំនួន ២ មានកម្ពស់ ៦៦ជាន់។ លើសពីនេះនៅក្នុងគម្រោងនឹងមានសេវាកម្មផ្សេងៗទៀតដូចជា៖ ឧទ្យានបែបឌីជីថល អាងហែលទឹក សាលប្រជុំ កន្លែងធ្វើសន្និសីទ និងផ្សារទំនើប។
កន្លែងលេងហ្គេមអាចមានរហូតដល់ទៅ ៨០០ កន្លែង (កន្លែងទូទៅ និងបន្ទប់ពិសេស) និងរហូតដល់ ២,៥០០ EGMs ។ គម្រោងថ្មីនេះក៏នឹងបែងចែកជាកន្លែងតូចៗ សម្រាប់ការកម្សាន្ត កន្លែង ញុំាអាហារ និងភេសជ្ជៈ និងសេវាកម្មសំខាន់ៗដទៀត។
Comments