+855 92 92 1000
Logo
ក្រសួងសេដ្ឋកិច្ចចេញសេចក្តីប្រកាសណែនាំអ្នកទិញដីឡូត៍ និងអ្នកទិញផ្ទះកុំឲ្យចាញ់បោកគេ
Updated on: June 6, 2022, 1:52 a.m.
Published on: May 10, 2019, 9:24 a.m.

ក្រសួងសេដ្ឋកិច្ចចេញសេចក្តីប្រកាសណែនាំអ្នកទិញដីឡូត៍ និងអ្នកទិញផ្ទះកុំឲ្យចាញ់បោកគេ


ក្នុងមួយរយៈពេលចុងក្រោយនេះ សកម្មភាពពាណិជ្ជកម្មទៅលើអចលនវត្ថុ ជាពិសេសដីឡូត៍ និងលំនៅដ្ឋានហាក់មានសភាពផុសផុលខ្លាំង ដែលធ្វើឲ្យវិស័យអចលនទ្រព្យមានការរីក​ ចម្រើនជាលំដាប់។ ហេតុនេះហើយទីផ្សារអចលនទ្រព្យក៏បានក្លាយជាគោលដៅ សម្រាប់ជនទុច្ចរិតមួយចំនួន ដែលព្យាយាមបោកបញ្ចោតអ្នកទិញ។

យើងឃើញថា កន្លងមកបញ្ហានេះត្រូវបានចោទឡើងជារឿយៗ ដែលធ្វើឲ្យអ្នករងគ្រោះខាតបង់ពេលវេលា និងថវិកាជាច្រើន។

ឆ្លើយតបនឹងបញ្ហានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ ដែលចុះនៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០១៩ នេះ ដើម្បីជូនដំណឹងដល់អ្នកមានបំណងចង់ ទិញអចលនទ្រព្យទាំងអស់ឲ្យមានការប្រុងប្រយ័ត្នមុននឹងសម្រេចចិត្តទិញ

យោងតាមសេចក្តីប្រកាសព័ត៌មានថ្មីនោះ ក្រសួងបានផ្តល់តម្រុយដល់អ្នកដែលចង់ទិញដីឡូត៍ ដើម្បីពិនិត្យពិច័យឲ្យបានល្អិតល្អន់។ ជាដំបូងអ្នកទិញត្រូវកំណត់ឲ្យបានច្បាស់ថាគម្រោងពុះដីឡូត៍ពិតជារបស់អ្នកអភិវឌ្ឍមែន។ ដើម្បីបញ្ជាក់បាននូវកម្មសិទ្ធិដីនេះ អ្នកទិញអាចស្នើសុំមើលវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ។

 

 

មិនតែប៉ុណ្ណោះ អ្នកទិញត្រូវពិនិត្យមើលថាតើដីដែលខ្លួនបម្រុងនឹងទិញនោះមានជាប់បន្ទុកណាមួយឬទេ។ ប្រសិនបើដីដែលអ្នកទិញនោះមានជាប់បន្ទុក អ្នកគួរស្នើឲ្យគេដោះបន្ទុកនោះចេញសិន មុននឹងអ្នកសម្រេចចិត្តទិញ។ ក្រោយមក អ្នកទិញគួរស្នើសុំឲ្យមានការបង្ហាញពីលិខិតអនុញ្ញាតអភិវឌ្ឍដីដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបញ្ជាក់ថា គម្រោងដែលកំពុងតែធ្វើនោះ ធ្វើឡើងដោយស្របតាមច្បាប់ត្រឹមត្រូវ។ អ្នកទិញក៏គួរពិនិត្យមើលឯកសារបង់ពន្ធអចលនវត្ថុផងដែរ ដើម្បីជៀសវាងបញ្ហាដែលអាចកើតមានជាមួយនាយកដ្ឋានពន្ធដារនៅពេលក្រោយ។ មួយវិញទៀត អ្នកទិញត្រូវពិនិត្យមើលប័ណ្ណបំបែកក្បាលដី និងមើលខ្លឹមសារដែលបានចែងក្នុងកិច្ចសន្យាទិញលក់ឲ្យបានល្អិតល្អន់។

សម្រាប់អ្នកមានបំណងទិញលំនៅដ្ឋានវិញ ក្រសួងក៏បានផ្តល់ដំណឹងឲ្យពិនិត្យលើចំណុចមួយចំនួនដូចគ្នា។ អ្នកទិញត្រូវស្នើពិនិត្យមើលលិខិតអនុញ្ញាតសាងសង់ ដែលចេញដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឬសាលាខេត្ត ក្រុង។ ក្រោយមកអ្នកទិញត្រូវពិនិត្យមើលវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ។

ដើម្បីបញ្ជាក់ថាអ្នកលក់គឺជាម្ចាស់ពិត និងបញ្ជាក់ថាដីនោះមិនមានជាប់បន្ទុកផ្សេងៗនោះទេ។ មិនតែប៉ុណ្ណោះ អ្នកទិញត្រូវពិនិត្យមើលអាជ្ញាប័ណ្ណអភិវឌ្ឍលំនៅដ្ឋាន ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយស្នើសុំពិនិត្យមើលឯកសារបង់ពន្ធ និងប័ណ្ណបំបែកក្បាលដី។ ជាចុងក្រោយ អ្នកទិញ ត្រូវពិនិត្យខ្លឹមសារឲ្យបានលំអិតនៃកិច្ចសន្យាទិញលក់លំនៅឋាននោះ។

សម្រាប់អ្នកដែលទើ់បប្រឡូកក្នុងវិស័យអចលនទ្រព្យថ្មីថ្មោង គឺត្រូវតែធ្វើការសិក្សាស្វែងយល់ពីស្ថានភាពទីផ្សារឲ្យបានច្បាស់លាស់ជាមុនសិន។ បើអ្នកត្រូវការទិញ ឬវិនិយោគភ្លាមៗ អ្នកត្រូវរកជំនួយពីអ្នកច្បាប់ ឬភ្នាក់ងារអចលនទ្រព្យដែលមានវិជ្ជាជីវៈច្បាស់លាស់៕

ស្វែងរកព័ត៌មានថ្មីៗពីវិស័យអចលនទ្រព្យនៅលើគេហទំព័រ Realestate.com.kh!

Comments