+855 92 92 1000
Logo
មហាវិថី សម្តេច ហ៊ុន សែនក្លាយជាទិសដៅវិនិយោគថ្មីនៅប៉ែកខាងត្បូង
Updated on: June 7, 2022, 12:34 a.m.
Published on: August 23, 2018, 4:11 p.m.

មហាវិថី សម្តេច ហ៊ុន សែនក្លាយជាទិសដៅវិនិយោគថ្មីនៅប៉ែកខាងត្បូង


មានសញ្ញាណជាច្រើនបង្ហាញថាសេដ្ឋកិច្ចកម្ពុជានឹងនៅតែបន្តភាពរឹងមាំហើយការវិនិយោគពីបរទេសនៅតែមានភាពខ្លាំងក្លា។ គម្រោងសាងសង់ជាច្រើនបានរីកដុះដាលនៅក្នុងទីក្រុង ផ្នែកសំខាន់ៗនៃជាយក្រុង និងតំបន់សំខាន់ៗនៅទូទាំងប្រទេសកម្ពុជា។

នៅក្នុងទីក្រុងភ្នំពេញ  ខេត្តសៀម​រាប និងខេត្តព្រះសីហនុ និងតំបន់ក្រុងផ្សេងៗទៀតអ្នកអភិវឌ្ឍន៍បានទិញ ឬជួលដីដើម្បីសាងសង់គម្រោងលំនៅដ្ឋាន​ធ្វើអគារពាណិជ្ជកម្ម និងគម្រោង អភិវឌ្ឍន៍ចម្រុះនានា។ នៅក្នុងរាជធានីភ្នំពេញដីនៅតាមបណ្តោយដងផ្លូវសំខាន់ៗកំពុងមានសក្តានុពលបំផុត។ តំបន់តាមបណ្តោយមហាវិថីមុន្នីវង្ស មហាវិថីព្រះនរោត្តម មហាវិថីរុស្ស៊ី និងមហាវិថីម៉ៅសេទុងមានការអភិឌ្ឍច្រើនដែលពោពេញគម្រោងអគារខ្ពស់ៗ និងលំនៅដ្ឋានផ្សេងៗ។ គម្រោងអភិវឌ្ឍន៍នានាកំពុងដំណើរការសាងសង់នៅតាមដងផ្លូវធំៗគ្រប់កន្លែងទាំងនៅក្នុងតំបន់កណ្តាលក្រុង និងតំបន់ក្រៅក្រុង។

សម្រាប់ពេលថ្មីៗនេះតំបន់មួយដែលមើលឃើញថាកំពុងមានកំណើនវិនិយោគខ្លាំងក្លាបើធៀបនឹងតំបន់ដ៏ទៃទៀតគឺមហាវិថី សម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ។ ទីតាំងនេះមានភាពទាក់ទាញ និងសក្តានុពលច្រើនសម្រាប់វិស័យអចលនទ្រព្យ។

ជាគម្រោងផ្លូវដ៏ធំមួយដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរនៅភាគខាងត្បូងទីក្រុង ផ្លូវសម្តេច ហ៊ុន សែន មានទទឹង៦០ម៉ែត្រ និងបណ្តោយជិត១០គីឡូម៉ែត្រដែលជាផ្លូវធំជាងគេ និងជាផ្លូវតភ្ជាប់ដ៏សំខាន់មួយនៅក្នុងរាជធានីភ្នំពេញ។ ផ្លូវនេះភ្ជាប់គ្នារវាងផ្លូវលេខ២៧១នៅភាគខាងជើងជាមួយនឹងផ្លូវជាតិលេខ២នៅភាគខាងត្បូង។ មហាវិថី ហ៊ុន សែនក៏ជាផ្នែកមួយដ៏សំខាន់នៃផែនការអភិវឌ្ឍន៍ទីក្រុងឆ្នាំ២០៣៥របស់សាលាក្រុងភ្នំពេញក្នុងគោលបំណងជួយពង្រឹងជីវភាពរស់នៅរបស់ប្រជាជននៅពេលទីក្រុងភ្នំពេញបន្តពង្រីកកាន់តែធំ  និងអភិវឌ្ឍកាន់តែខ្លាំង។

លោក Ken Lo ជាប្រធាននិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Century 21 Imperial Realty បានមានប្រសាសន៍ថាគម្រោងធំៗជាច្រើនបានចាប់ផ្តើមដំណើរការសាងសង់ និងកំពុងរៀបចំការសាងសង់នៅតាមបណ្តោផ្លូវសម្តេច ហ៊ុន សែន។

ទីក្រុងរណប ING City  មានទំហំ ២,៦០០ ហិកតាជាគម្រោងអភិវឌ្ឍន៍ដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាគម្រោងធំបំផុតមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ​។ ទីក្រុងរណប ING City មានគម្រោងអភិវឌ្ឍន៍ផ្សេងៗគ្នាជាច្រើនកំពុងដំណើរការសាងសង់ក្នុងនោះមានដូចជា៖ គម្រោងលំនៅដ្ឋាន ផ្សារទំនើប ពាណិជ្ជកម្ម និងកន្លែងលក់រាយ រួមនឹងសេវាកម្មទូទៅចម្រុះ។​

គម្រោងបុរីល្បីៗ ដូចជា បុរីជីបម៉ុង បុរីពិភពថ្មី និងបុរីប៉េងហួត ក៏បានចាប់ផ្តើមការវិនយោគរបស់ខ្លួននៅតាមបណ្តោយមហាវិថី ហ៊ុន សែននេះផងដែរ។

លោក Lo បាននិយាយថា វិនិយោគិនចិនកំពុងស្វែងរកទិញដីធំៗសម្រាប់ការសាងសង់គម្រោងលំនៅដ្ឋាន និងមជ្ឍមណ្ឌលពាណិជ្ជកម្ម។

ជាក់ស្តែង គម្រោង Urban Village មានទំហំ ៧.៦ ហិកតា គម្រោង Lingnan Garden​ មានទំហំ ២.១ ហិកតា និងគម្រោង R&F City ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះ វិនិយោគដោយក្រុមហ៊ុន ចិន ឬក្រុមហ៊ុនបុត្រសម្ព័នរបស់ចិននៅកម្ពុជា បានចាប់យកទីតាំងនៅតាមបណ្តោយផ្លូវ សម្តេច ហ៊ុន សែននេះ។​

កន្លងមកក៏ធ្លាប់មានការចុះផ្សាយថាក្រុមហ៊ុនវិនិយោគរបស់ជប៉ុនក៏បានគ្រោងនឹងសាងសង់ផ្សារទំនើបអ៊ីអនទី៣នៅក្នុងទីតាំងនេះផងដែរ។

អ្នកនាង Jessie Mao អ្នករៀបចំផែនការរបស់គម្រោង R&F City បានមានប្រសាសន៍ថាគម្រោងបានសិក្សាឃើញថាប៉ែកខាងត្បូងនៃទីក្រុងភ្នំពេញជាពិសេសតាមបណ្តោយផ្លូវសម្តេច ហ៊ុន សែន ឬផ្លូវ ៦០ ម៉ែត្រគឺជាទីតាំងល្អបំផុតសម្រាប់ការអភិវឌ្ឍអចលនទ្រព្យ។

អ្នកនាងបានបញ្ជាក់ថា​ «តម្លៃដីបានកើនឡើងខ្លាំងប៉ុន្តែនៅតែមានកម្រិតទាបនៅឡើយបើប្រៀបធៀបទៅនឹងដីក្នុងតំបន់ផ្សេងទៀតនៅក្នុងទីក្រុង ហើយដីតំបន់ផ្លូវ៦០ម៉ែត្រមានសក្តានុពលខ្លាំងសម្រាប់ការអភិវឌ្ឍផ្សេងៗបន្ថែមទៀត។ ភាគខាងត្បូងនៃរាជធានីភ្នំពេញគឺពិតជាក្លាយជាមជ្ឈមណ្ឌលនៃក្រុងថ្មីមួយទៀតនាពេលអនាគត»។ អ្នកនាងបានបន្ថែមថា បច្ចុប្បន្ននេះដីក្នុងនៅក្នុងទីក្រុងកាន់តែចង្អៀតហើយតម្លៃក៏កាន់តែថ្លៃខ្លាំងពិសេសដីនៅតំបន់កណ្តាលក្រុងភ្នំពេញ។

មហាវិថី ហ៊ុន សែន លាតសន្ធឹងឆ្លងកាត់សង្កាត់ចំនួនបីគឺសង្កាត់ចាក់អង្រែលើ និងចាក់អង្រែក្រោមក្នុងខណ្ឌមានជ័យ និងសង្កាត់ជើងឯកក្នុងខណ្ឌដង្កោ។ យោងតាមរបាយការណ៍តម្លៃដីជាមធ្យមនៃទីក្រុងភ្នំពេញសម្រាប់ពាក់កណ្តាលឆមាសទី១ ឆ្នាំ២០១៨របស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត​ បានបង្ហាញថាដីសម្រាប់ពាណិជ្ជកម្ម ឬអាជីវកម្មនៅសង្កាត់ចាក់អង្រែលើមានតម្លៃជាមធ្យម១,៦៥០ដុល្លារ/ម៉ែត្រការ៉េ ហើយដីអាជីវកម្មនៅសង្កាត់ចាក់អង្រែក្រោមមានតម្លៃជាមធ្យម១,២៥០ដុល្លារ/ម៉ែត្រការ៉េ។ ចំណែកឯដីអាជីវកម្មនៅក្នុងសង្កាត់ជើងឯកវិញមានតម្លៃ ៦០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោក សន សៀប ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត បានមានប្រសាសន៍ថាមហាវិថី ហ៊ុន សែន បានរួមចំណែកយ៉ាងខ្លាំងដល់កំណើនអចលនទ្រព្យក្នុងតំបន់។ លោកបានលើកឡើងថាប្រជាប្រិយភាព និងការអភិវឌ្ឍរបស់តំបន់នេះនឹងកើនឡើងថែមទៀតដោយសារថ្ងៃអនាគតគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនឹងតភ្ជាប់គ្នា។ ការលើកឡើងបែបនេះគឺចង់សំដៅដល់ផ្លូវក្រវ៉ាត់ទី៣ និងគម្រោងព្រលានយន្តហោះអន្តរជាតិថ្មីដែលបានស្នើសុំនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ការចាប់អារម្មណ៍ និងការហូរចូលកាន់តែច្រើនពីសំណាក់អ្នកអភិវឌ្ឍន៍បានធ្វើឲ្យតម្លៃដីធ្លីកើន ឡើងនៅក្នុងតំបន់។ លោក Lo បានបញ្ជាក់ថា «តម្លៃដីកើនឡើងថ្លៃជាងពីមុន»។

ដីតាមបណ្តោយផ្លូវ៦០ម៉ែត្រដែលស្ថិតនៅចន្លោះផ្លូវ ២៧១ ដល់បុរីប៉េងហួតបានកើនឡើងដល់ ២,០០០ដុល្លារ/ម៉ែត្រការ៉េ ដែលឆ្នាំមុនមានតម្លៃពី១,០០០ដុល្លារទៅ១,២០០ដុល្លារ/ម៉ែត្រ ការ៉េ។ ចំណែកដីដែលស្ថិតនៅចាប់ពីបុរីប៉េងហូតដល់ផ្លូវជាតិលេខ២បច្ចុប្បន្នមានតម្លៃចាប់ពី៨០០ទៅ១,៥០០ដុល្លារ/ម៉ែត្រការ៉េ បើធៀបទៅនឹងចុងឆ្នាំ២០១៧ដីមានតម្លៃចាប់ពី៤០០ ដុល្លារ ទៅ១,២០០ដុល្លារ/ម៉ែត្រការ៉េ។​នេះបើតាមលោក Lo៕​

ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលតាមរយៈ Realestate.com.kh

Comments