ស្របពេលប្រទេសកម្ពុជាកំពុងតែបោះជំហានទៅមុខជាបន្តបន្ទាប់ស្ទើរគ្រប់វិស័យ ជាពិសេសរាជរដ្ឋាភិបាលបានខិតខំជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ និងស្ពានជាច្រើនទៅដល់តំបន់ដាច់ស្រយាល ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចឱ្យបានឆាប់រហ័ស ព្រមទាំងទាក់ទាញអ្នកវិនិយោគមកអភិវឌ្ឍនៅកម្ពុជាកាន់តែច្រើន ។
ថ្លែងក្នុងកម្មវិធី MPWT Live Show ក្រោមប្រធានបទ៖ «សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការ កំពុងបន្តរហូតដល់ឆ្នាំ២០២៣» ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជម្រាបជូនវឌ្ឍនភាពនៃគម្រោងសាងសង់ស្ពានក្រចេះ-កំពង់ធំ ដែលជាគម្រោងស្ពានដ៏សំខាន់មួយដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរត្រង់ពីខេត្តក្រចេះទៅខេត្តកំពង់ធំ និងចំណេញពេលវេលាក្នុងការធ្វើដំណើរ ។
ក្នុងនោះផងដែរ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបញ្ជាក់បន្ថែមថា ៖ «គម្រោងស្ពាននេះត្រូវបានចរចារចប់សព្វគ្រប់ និងបានចុះហត្តលេខាលើកិច្ចព្រមព្រៀងសាងសង់ស្ពានរួចហើយដែរ ប៉ុន្តែនៅរង់ចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះហត្ថលេខាលើប្រាក់កម្ចី ហើយសង្ឃឹមថា ៖ គម្រោងស្ពាននេះអាចបើកការដ្ឋានសាងសង់នៅចុងឆ្នាំនេះ ឬដើមខែមករា ឆ្នាំ២០២២ បន្ទាប់ពីបានចុះហត្ថលេខាលើប្រាក់កម្ចីរួច» ។
គួររម្លឹកផងដែរថា ស្ពានមួយខ្សែនេះមានប្រវែង ១,៧៦១ ម៉ែត្រដែលនឹងត្រូវសាងសង់ឡើងក្រោមថវិកាកម្ចីសម្បទានពីសាធារណរដ្ឋប្រជាមានិតចិនដោយប្រើប្រាស់រយៈពេលចន្លោះពី ២ ទៅ ៣ ឆ្នាំ ក្នុងការសាងសង់ ។ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គដែលតភ្ជាប់ពីខេត្តក្រចេះទៅខេត្តកំពង់ធំត្រូវបានបញ្ចប់ការសិក្សារួចហើយដោយត្រូវរង់ចាំការសម្រេចពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែប៉ុណ្ណោះដើម្បីចុះកិច្ចព្រមព្រៀងសាងសង់ស្ពាននាពេលខាងមុខនេះ ៕
Comments