+855 92 92 1000
Logo
ការវិនិយោគអចលនទ្រព្យនៅខេត្តកែបកើនឡើងនៅពេលចិនបានជម្រុញតម្លៃដីកើនឡើងខ្លាំងនៅក្រុងព្រះសីហនុ
Updated on: June 6, 2022, 5:03 p.m.
Published on: September 8, 2017, 9:48 a.m.

ការវិនិយោគអចលនទ្រព្យនៅខេត្តកែបកើនឡើងនៅពេលចិនបានជម្រុញតម្លៃដីកើនឡើងខ្លាំងនៅក្រុងព្រះសីហនុ


ខេត្តកែបជាខេត្តនៃតំបន់ឆ្នេរសមុទ្រនៅភាគខាងត្បូងក្នុងប្រទេសកម្ពុជាមានចំងាយ១៤៦គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ ខេត្តនេះមានភាពទាក់ទាញការវិនិយោគកាន់តែច្រើននាពេលអនាគតដោយសារតែតម្លៃដីធ្លីនៅទាបបើប្រៀបធៀបទៅនឹងខេត្តព្រះសីហនុដែលជាតំបន់តាមមាត់សមុទ្រដូចគ្នាហើយម្យ៉ាងទៀតកែបមានសក្តានុពលមិនអាចប្រកែកបានសម្រាប់វិស័យអេកូទេសចរណ៍។ ខេត្តកែបមានចម្ងាយត្រឹមតែ១២៥គីឡូម៉ែត្រពីក្រុងព្រះសីហនុហើយត្រឹមតែ៤៤គីឡូម៉ែត្រពីខេត្តកំពត។

អភិបាលខេត្តកែបលោក កែន សត្ថា បានប្រាប់ទៅកាន់កាសែតក្នុងស្រុកថា “យើងកំពុងស្ថិតក្នុងដំណាក់កាលនៃការបង្កើតគម្រោងប្លង់មេសម្រាប់ការអភិវឌ្ឍន៍ខេត្តរបស់យើងដែលនឹងធ្វើឱ្យទេសចរណ៍ធម្មជាតិកាន់តែប្រសើរឡើង។ ទោះបីជាយើងមិនទាន់ទទួលបានកិច្ចព្រមព្រៀងជាផ្លូវការពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ក៏ដោយក៏យើងនៅតែបន្តផែនការមេរបស់យើងដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត។” [នៅកែប]

លោក សុខ គែន ជាស្ថាបនិកក្រុមហ៊ុនKampot Property បានមានប្រសាសន៍ថា “កែបគឺជាគោល ដៅទេសចរណ៍ឆ្នេរសមុទ្រដ៏ទាក់ទាញមួយរបស់ប្រទេសកម្ពុជាដែលស្រូបយកទេសចរជាតិ និង អន្តរជាតិឲ្យមកទស្សនាដូចគ្នាទៅនឹងតំបន់ឆ្នេរផ្សេងទៀតដែរ។ ទោះបីបច្ចុប្បន្ននេះមិនទាន់មានគម្រោងធំៗច្រើនកំពុងដំណើរការនៅកែបខេត្តក៏ដោយក៏ឆ្នេរសមុទ្រដ៏ទាក់ទាញមួយនេះទំនងជានឹងក្លាយទៅជាគោលដៅអភិវឌ្ឍន៍អចលនទ្រព្យសម្រាប់វិនិយោគិនបរទេសដោយសារតែតម្លៃដីនៅទាប និងទេសចរណ៍មានសក្តានុពល។

លោក គែន បានបន្ថែមថា “បន្ទាប់ពីក្រុងព្រះសីហនុ និងខេត្តកំពតមានការរីកចម្រើនពេញទំហឹង ហើយតម្លៃដីកើនឡើងខ្លាំងនោះវិនិយោគិននឹងស្វែងរកឱកាសវិនិយោគដែលមានសក្តានុពលស្រដៀងគ្នានេះនៅកន្លែងថ្មី ហើយកែបគឺជាកន្លែងអំណោយផលបំផុតសម្រាប់ការអភិវឌ្ឍន៍អចលនទ្រព្យរបស់វិនិយោគិននៅពេលអនាគត។ នៅពេលបច្ចុប្បន្ននេះតម្លៃដីទាបនៅកែបគឺជាឱកាសល្អបំផុតសម្រាប់វិនិយោគិនដែលកំពុងស្វែងរកផលចំណេញពីការវិនិយោគដែលមានសក្តានុពល។”​​

តម្លៃដីនៅជុំវិញរង្វង់មូលសេះសដែលនៅជិតផ្លូវធំក្នុងទីរួមខេត្តកែបមានតម្លៃចន្លោះពី ៣៥ ទៅ ៤០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ខណៈពេលដែលតម្លៃដីនៅជុំវិញក្រុងកែបមានតម្លៃចន្លោះ ៩០ ទៅ ១៥០ដុល្លារ ចំណែកតម្លៃដីនៅតាមឆ្នេរសមុទ្រមានតម្លៃជាង២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។”​

លោក ម៉ម សិរីបញ្ញា ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនEasy Realty Property Investment បានមានប្រសាសន៍ថា “បច្ចុប្បន្នតម្លៃដីនៅជុំវិញឆ្នេរសមុទ្រមានចន្លោះពី ១៥០ ​ទៅ ៤០០ដុល្លារ។ និងតំបន់ខ្លះទៀតនៃខេត្តនេះមានតម្លៃក្រោម ១០០ដុល្លារ។ អ្នកទិញភាគច្រើនទិញដីសម្រាប់ការវិនិយោគដូចជាសណ្ឋាគារ និងរមណីយដ្ឋានដើម្បីធ្វើជាកន្លែងស្នាក់នៅសម្រាប់ភ្ញៀវទេសចរ។”​

លោក សិរីបញ្ញា បានបន្ថែមថា ជនបរទេសទំនងជាមានបំណងផ្លាស់ប្តូរពីខេត្តសៀមរាប ក្រុង ព្រះសីហនុ និងខេត្តកំពតទៅខេត្តកែបវិញដោយរំពឹងថាកែបនឹងអាចផ្តល់ភាពស្ងប់ស្ងាត់បំផុតសម្រាប់ការរស់នៅហើយពួកគេអាចទិញដីដែលមានតម្លៃទាបសម្រាប់ធ្វើលំនៅដ្ឋានរបស់ពួកគេ។​ ការកែលំអហេដ្ឋារចនាសម្ព័ន្ធដូចជាការពង្រីកផ្លូវនៅជុំវិញខេត្ដរួមជាមួយការសាងសង់សណ្ឋាគារធំៗ និងរមណីយដ្ឋានប្រណិតៗផ្តល់នូវការលើកទឹកចិត្តកាន់តែច្រើនសម្រាប់អ្នកវិនិយោគទាំងនេះឲ្យផ្លាស់ប្តូរទៅរស់នៅក្នុងខេត្តកែបវិញ។

“កាលពីពេលថ្មីៗនេះអចលនទ្រព្យនៅកែបបានកើនឡើង២០%ទៅ៣០% ដោយសារតែសក្តានុពលទេសចរណ៍ធម្មជាតិនៅពេលអនាគតរបស់ខេត្ត្ និងឆន្ទៈរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៅក្នុងខេត្តនេះដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត។ តម្លៃអចលនទ្រព្យនៅកែបអាចនឹងកើនឡើងបន្តទៀត ជាពិសេសសម្រាប់អ្នកដែលចង់ ទិញដីក្នុងគោលបំណងសាងសង់លំនៅដ្ឋាន” នេះបើយោងតាមលោកសិរីបញ្ញា។

ខេត្តកែបជាកន្លែងទាក់ទាញវិនិយោគិនខ្លាំងក្នុងពេលបច្ចុប្បន្នដោយសារតម្លៃដីនៅក្រុងព្រះសីហនុកំពុងកើនឡើងយ៉ាងខ្លាំងដែលជម្រុញដោយវិនិយោគិនចិន និងបានកំពុងតំលើងតម្លៃខ្ពស់ជាង វិនិយោគិនក្នុងស្រុក និងវិនិយោគិនបរទេសផ្សេងទៀត។

បច្ចុប្បន្នតម្លៃដីនៅតាមបណ្តោយឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុមានកម្រិតខ្ពស់ជាងខេត្តកំពតយ៉ាងខ្លាំងដែលភាគច្រើនដោយសារតែមានការដំឡើងតម្លៃពីអ្នកវិនិយោគទុន ចិនដែលមានប្រាក់ច្រើន។ កត្តានេះនឹងជម្រុញឱ្យវិនិយោគិនដទៃទៀតដកខ្លួនចេញពីខេត្តព្រះសីហនុ ហើយពិចារណាវិនិយោគនៅតាមតំបន់ឆ្នេរផ្សេងទៀតដែលមានសក្តានុពលស្រដៀងគ្នានេះដូចជាខេត្តកែប និងខេត្តកំពតដែលមានការប្រកួតប្រជែងតិចនិងតម្លៃដីទាប។

យោងតាមលោក Brad King នៃ Koh Rong Property បានឲ្យដឹងថាការជម្រុញតម្លៃដីពីអ្នកវិនិយោគជាពិសេសជនជាតិចិន “បានកំពុងរុញតម្លៃដីនៅខេត្តព្រះសីហនុឲ្យកាន់តែកើនឡើងខ្ពស់ជាងដីឡូតិ៍ប្រហាក់ប្រហែលគ្នានៅតាមបណ្ដោយឆ្នេរសមុទ្រថៃ និងហ្វីលីពីន។”​

នេះជាការវិនិយោគដែលកំពុងបន្តមិនល្អសម្រាប់ដីគោក ហើយការបង្កើនតម្លៃកំពុងក្លាយជារឿងគួរឱ្យអស់សំណើច។ លោក King បានលើកឡើងថាតម្លៃដីជាមធ្យមមានតម្លៃចាប់ពីជាង ១,០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េនៅតាមបណ្ដោយឆ្នេរខេត្តព្រះសីហនុ។

ភ្នាក់ងារអចលនទ្រព្យនៅកែបមានសុទិដ្ឋិនិយមថា ជាមួយនឹងគម្រោងរបស់រដ្ឋាភិបាលក្នុងការ​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមខេត្តដូចជាការពង្រីកផ្លូវការការពារបរិស្ថានធម្មជាតិ និងគម្រោងកំពង់ផែនៅខេត្តជាប់គ្នាដូចជាកំពតនឹងមានភ្ញៀវទេសចរកាន់តែច្រើនចូលមកក្នុង ខេត្តទាំងពីរនេះក្នុងពេលឆាប់ៗខាងមុខ។

កំណើនភ្ញៀវទេសចរនៅកែបនឹងជម្រុញគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានជាច្រើនទៀតនៅក្នុងខេត្តនេះមានដូចជា៖ គម្រោងសណ្ឋាគារ រមណីយដ្ឋាន និងផ្ទះសំណាក់ហើយចុងក្រោយនឹងឱ្យតម្លៃអចលនទ្រព្យទូទៅកើនឡើងខ្ពស់នេះបើយោងតាមភ្នាក់ងារអចលនទ្រព្យក្នុងស្រុក៕

ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅកែបជាមួយ Realestate.com.kh!

Click here to subscribe

Comments