+855 92 92 1000
Logo
គោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយធ្វើឲ្យវិស័យអចលនទ្រព្យនៅកម្ពុជាឆ្ពោះទៅមុខ
Updated on: June 6, 2022, 5:04 p.m.
Published on: May 23, 2017, 1:40 p.m.

គោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយធ្វើឲ្យវិស័យអចលនទ្រព្យនៅកម្ពុជាឆ្ពោះទៅមុខ


one belt one road.jpg

 

បន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រី​ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយនៅក្នុងទីក្រុងប៉េងកាំងកាលពីសប្តាហ៍មុនបានបង្ហាញផលវិជ្ជមានយ៉ាងច្រើន។ ចំណុចគួរឲ្យកត់សំគាល់យើងឃើញថាប្រទេសកម្ពុជាទទួលបានផលវិជ្ជមានជាមួយនឹងកំណើនសេដ្ឋកិច្ចរីកចម្រើននៅក្នុងតំបន់យ៉ាងខ្លាំង។

តាមរបាយការណ៍ចេញដោយ GlobalTimes.cn ឯកឧត្តម កៅ គឹមហ៊ួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ដំណេីរទស្សនកិច្ចនេះពិតជាទទួលបានលទ្ធផលជាទីគួបប្រសើរ ហើយបានរឹតបន្តឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធិ។”

ឯកឧត្តមបានបន្តទៀតថាកិច្ចប្រជុំបានឈានដល់ការព្រមព្រៀងទៅលើកិច្ចសហប្រតិបត្តិការជាច្រើន “តួយ៉ាងកិច្ចព្រមព្រៀងសំខាន់អំពីគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយដែលជាគោលនយោបាយដ៏មានចីរភាពដែលផ្តល់ផលប្រយោជន៍ស្ទើរគ្រប់វិស័យតួយ៉ាងវិស័យហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការទំនាក់ទំនង។”

ឯកឧត្តម កៅ គឹមហ៊ួន បានឲ្យដឹងទៀតថាមានកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាសម្រេចរវាងប្រទេសចិន និងកម្ពុជាលើការអភិវឌ្ឍន៍ប្រព័ន្ធផ្លូវដែកផងដែរ។

តាមរយៈគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយវាបានធ្វើឲ្យមានការអភិវឌ្ឍន៍ដោយបានបង្កើនការងារនិងប្រាក់ចំណូល។ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យប្រទេសកម្ពុជាមានសុទិដ្ឋិនិយមអំពីការកើនឡើងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាដែលមានការវិនិយោគទាំងអ្នកវិនិយោគិនក្នុងស្រុក និងក្រៅស្រុក។

ឯកឧត្តម សុខ​ ស៊ីផាណា ជាទីប្រឹក្សារដ្ឋាភិបាល និងជាអ្នកជំនាញផ្នែកច្បាប់បានមានប្រសាសន៍ថា “គោលនយោបាយមួយនេះពិតជាជម្រុញឲ្យអ្នកវិនិយោគចិនមកបោះទុនដោយផ្ទាល់មកកាន់ប្រទេសកម្ពុជា។ តួយ៉ាងមានការអភិវឌ្ឍន៍យ៉ាងសម្បើមទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងថាមពល។”  

នៅពេលជំហានដំបូងការវិនិយោគទាំងនោះមើលទៅហាក់បីដូចជាមិនមានជាប់ពាក់ព័ន្ធទៅនឹងវិស័យអចលនទ្រព្យអ្វីឡើយ។ ឯកឧត្តមសុខ​ ស៊ីផាណា បានសង្កត់ធ្ងន់ថា “អ្នកវិនិយោគមានទស្សនៈវិស័យវែងឆ្ងាយក្នុងការវិនិយោគ ហើយពួកគេក៏ទន្ទឹមរងចាំនូវលទ្ធផលប្រសិនបើមិនមានលទ្ធផលអ្វីនោះទេលំហូរនៃពាណិជ្ជកម្មអន្តរជាតិមកកាន់ប្រទេស កម្ពុជានឹងមានកំណត់។”

លោក Sam Yang នាយកប្រតិបត្តិនៃគម្រោងអភិវឌ្ឍន៍ Eastland  បានបញ្ចេញយោបល់ថា “តម្រូវការអចលនទ្រព្យមានកំណើនប៉ុន្តែចំណុចដែលត្រូវព្រួយបារម្ភគឺទីផ្សារនោះប្រែក្លាយជាការបំប៉ោងទីផ្សារ។” លោកបានបន្ថែមទៀតថា “ចិនមានគម្រោងសាងសង់ផ្លូវដែកនៅក្នុងប្រទេសដើម្បីភ្ជាប់ទៅកាន់ទីផ្សារអាស៊ីដោយផ្ទាល់។ ទោះជាយ៉ាងណាការផ្គត់ផ្គង់មានការកើនឡើងយ៉ាងច្រើននៅក្នុងទីផ្សារអចលនវត្ថុនៅក្នុងប្រទេសកម្ពុជា ពួកយើងគួរតែផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍ក្នុងតំបន់ឲ្យកាន់តែឆាប់រហ័ស”

 

លោក Jasper Shin ភ្នាក់ងារអចលនទ្រព្យ និងអ្នកប្រឹក្សាមកពីតៃវ៉ាន់បាននិយាយថា “នៅពេលចិនមកវិនិយោគនៅកម្ពុជាពេលនោះថវិកាជាច្រើនក៏បានមកតាមដែរ ប្រាកដណាស់ពួកគេនឹងបោះទុនមកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ។ ដូច្នេះនេះគឺជាផលវិជ្ជមានសម្រាប់ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាសម្រាប់រយៈពេល៥ទៅ១០ឆ្នាំខាងមុខទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុពិតជារីកចម្រើនទៅមុខយ៉ាងឆាប់រហ័ស។”

 

មានមតិមួយចំនួនបានបញ្ចេញទស្សនៈវិជ្ជមានថាការជួលក៏មានសក្តានុពលផងដែរ អ្នកវិនិយោគនៅក្នុងទីផ្សារខុនដូក៏មានអ្នកវិនិយោគចិនច្រើនគួរឲ្យកត់សំគាល់ជាមួយយុទ្ធសាស្រ្តទីផ្សារដើម្បីចូលទៅកាន់ទីផ្សារជួលនៅក្នុងក្រុងភ្នំពេញ ការធានាលើការជួលត្រលប់មកវិញក៏ជាយុទ្ធសាស្រ្តទីផ្សារមួយគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។

លោក Victor Chao ប្រធានផ្នែកគម្រោងនៃក្រុមហ៊ុន Max World (Cambodia) Co., Ltd បានបន្ថែមថា “មានក្រុមហ៊ុនមកពីប្រទេសចិនជាច្រើននៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ ហើយចំនួនអ្នកដែលមានលទ្ធភាពជួលខុនដូស្នាក់នៅក៏មានការកើនឡើងផងដែរ។ ប្រសិនបើនិន្នាការនេះនៅតែបន្តតម្លៃខុនដូអាចនឹងកើនឡើង អ្នកវិនិយោគកាន់តែមានជំនឿចិត្តហើយវិនិយោគមកកាន់ប្រទេសកម្ពុជាកាន់តែច្រើនឡើង។”

 

ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុកាន់តែមានកំណើនច្រើនឡើង។ ជាលទ្ធផលគោលនយោ បាយ ផ្លូវមួយខ្សែក្រវ៉ាត់មួយមានគម្រោងផ្លូវល្បឿនលឿនចំងាយប្រមាណ១៩០គីឡូម៉ែត្រដែលតភ្ជាប់ពីខេត្តព្រះសីហនុទៅកាន់ក្រុងភ្នំពេញ គម្រោងផ្លូវល្បឿនលឿននេះនឹងត្រូវសាងសង់រួចរាល់នៅចុងឆ្នាំនេះ។ គម្រោងផ្លូវល្បឿនលឿននេះត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនចិន China Communications Construction Company ដែលមានចំនួនទឹកប្រាក់ក្នុងការសាងសង់ប្រមាណ២ពាន់លានដុល្លារ ដែលនេះជាគម្រោងអភិវឌ្ឍន៍ដែលជម្រុញលើការអភិវឌ្ឍន៍ផ្សេងៗទៀតឲ្យកាន់តែប្រសើរឡើង៕

 

ស្វែងរកព័ត៌មានអចលនទ្រព្យល្អៗតាមរយៈ Realestate.com.kh

 

 

 

Comments