ការស្វែងរកផ្ទះលើកដំបូងរបស់អ្នកគឺជាជំហានដ៏ធំមួយនៅក្នុងជីវិតរបស់អ្នក។ ការស្វែងរកទីតាំងល្អមួយ ការជ្រើសរើសប្រភេទផ្ទះទៅតាមថវិការបស់អ្នក បន្ទាប់មកត្រូវចូលទៅរស់នៅក្នុងផ្ទះនោះគឺជាដំណើរការដ៏វែងមួយ និងមានភាពស្មុគស្មាញ។ ហើយនៅពេលខ្លះអ្នកប្រហែលជារកបានផ្ទះដ៏ល្អមួយបានហើយ ប៉ុន្តែផ្ទះនេះប្រហែលមានតែសំបកប៉ុណ្ណោះ ដូចនេះយើងត្រូវការកែលម្អខ្លះបន្ថែមទៀត។ ការកែលម្អផ្ទះថ្មីនឹងក្លាយជាកិច្ចការមួយផ្សេងទៀតដែលនឹងត្រូវការពេលវេលា ថវិការនិងការយកចិត្តទុកដាក់។
ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ៗមួយចំនួនសម្រាប់អ្នកទិញផ្ទះលើកដំបូងដើម្បីជួយក្នុងការតុបតែង ផ្ទះថ្មីរបស់អ្នកដែលណែនាំដោយ Realestate.com.kh
គំនិតក្នុងរចនាផ្ទៃខាងក្នុង៖
មុនពេលអ្នកចាប់ផ្តើមការរចនាតុបតែងអ្នកត្រូវគិតពីរចនាបថមួយ ដែលអ្នកចង់បានសម្រាប់ផ្ទះថ្មីរបស់អ្នក។ មានបរិបទតុបតែងធំៗចំនួនបីប្រភេទផ្សេងគ្នាដែលអ្នកអាចជ្រើសរើសបានរួមមាន៖ រចនាបថបុរាណ រចនាបថបែបទទំនើប និងរចនាបថបែបសហសម័យ។ មិនថាអ្នកជ្រើសរើសការតុបតែងបែបណាក៏ដោយគោលដៅរួមគឺត្រូវធ្វើឲ្យទីធ្លានៅក្នុងផ្ទះក្លាយទៅជាទីតាំងមួយដែលអាចប្រើប្រាស់ដោយភាពបត់បែនតាមការចង់បាន។
នៅកម្ពុជាប្រជាជនជឿជាក់លើហុងស៊ុយហើយជឿថាការរៀបចំប្លង់ត្រឹមត្រូវនឹងផ្តល់សំណាងកាន់តែច្រើនដល់គ្រួសារ។ ដូច្នេះអ្នកគួរតែពិចារណាគំនិតនេះនៅពេលកែលម្អ និងតុបតែងនៅក្នុងប្រទេសកម្ពុជាដោយសារវានឹងបង្កើនឱកាសនៃការលក់អចលនទ្រព្យរបស់អ្នកនៅពេលអនាគត។
ផែនការថវិកា៖
ម្ចាស់ផ្ទះត្រូវមានផែនការថវិការមុននឹងពិចារណាពីផែនការនៃការរចនាតុបតែងផ្ទះ។ អ្នកអាចឲ្យក្រុមហ៊ុនរចនាប្លង់ឲ្យត្រួតពិនិត្យមើលថាតើប្លង់បាតនៃផ្ទះរបស់អ្នកត្រូវជាមួយនឹងថវិការរបស់អ្នកដែរឬទេ។ គំនូរព្រាងមួយ(ប្លង់ព្រាង)ត្រូវបានរចនាឡើងដោយអ្នករចនាម៉ូតដើម្បីបង្ហាញម្ចាស់ផ្ទះដើម្បីធ្វើការសម្រេចចិត្តបន្ទាប់មកតម្លៃពិតប្រាកដលើការកែកម្អនឹងត្រូវបានចេញឲ្យម្ចាស់ផ្ទះ។ ពេលនោះអ្នកអាចពិនិត្យមើលឡើងវិញប្រសិនតម្លៃនៃការរចនានេះសមនឹងថវិការរបស់អ្នកដែរឬទេ។ ជាធម្មតាសម្រាប់សេវាកម្មនេះនៅកម្ពុជាតម្លៃសវាកម្មកែលម្អផ្ទះអាចមានចាប់ពី៤,០០០ដុល្លារ។ ទោះជាយ៉ាងណាក៏ដោយអ្នកអាចចំណាយច្រើន ឬតិចជាងនេះអាស្រ័យលើប្រភេទសម្ភារៈដែលអ្នកជ្រើសរើស។
សំភារៈ៖
សម្ភារៈតុបតែងនៅក្នុងផ្ទះគឺជាកត្តាសំខាន់ដែលអាចជួយឱ្យផ្ទះរបស់អ្នកកាន់តែមានភាពទាក់ទាញ។ មានសម្ភារៈជាច្រើនប្រភេទដែលអ្នកអាចជ្រើសរើសរួមមាន៖ សម្ភារៈកែច្នៃ ឬសម្ភារៈទំនើប។ ទោះជាយ៉ាងណានៅកម្ពុជាវត្ថុកែច្នៃឡើងវិញមានតម្លៃខ្ពស់ជាងសម្ភារៈថ្មីដោយសារតែកង្វះធនធាន ដូចជាឧបករណ៍ និងអ្នកឯកទេស ហើយតម្លៃក៏ខុសៗគ្នាផងដែរអាស្រ័យទៅលើគុណភាពរបស់សំភារៈ។
ជាងសាងសង់ និងសេវាកម្មរចនាផ្ទៃខាងក្នុង៖
ជ្រើសរើសក្រុមហ៊ុនរចនាផ្ទៃខាងក្នុងមិនមែនមានន័យថាអ្នកជ្រើសរើសអ្នកសាងសង់នោះទេ។ អ្នកអាចជ្រើសរើសក្រុមហ៊ុនរចនាឲ្យទទួលខុសត្រូវទាំងសេវាកម្មរចនា និងសេវាកម្មសំណង់។ ប៉ុន្តែអ្នកក៏អាចជួលពួកគេដាច់ដោយឡែកពីគ្នាបានដែរ។ ជាការផ្តល់យោបល់ម្ចាស់ផ្ទះគួរតែប្រើទាំងសេវាកម្មទាំងពីរជាមួយនឹងក្រុមហ៊ុនតែមួយព្រោះវាមានភាពងាយស្រួលក្នុងការគ្រប់គ្រង។ ដូច្នេះដំណើរការសាងសង់រំពឹងថានឹងបញ្ចប់ទាន់ពេលវេលា ហើយត្រូវទៅតាមប្លង់ដែលចង់បាន។
ត្រួតពិនិត្យក្រុមហ៊ុនរចនាផ្ទៃខាងក្នុង៖
អ្នកអាចឱ្យជាងធ្វើការងាររបស់ពួកគេធម្មតា ប៉ុន្តែអ្នកត្រូវពិនិត្យលើដំណើរការនៃការរចនាដើម្បីប្រាកដថាអ្វីគ្រប់យ៉ាងត្រូវបានធ្វើត្រឹមត្រូវ ហើយនឹងបញ្ចប់តាមការគ្រោងទុក។ ធានាថាសម្ភារៈដែលអ្នកបញ្ជាទិញមិនត្រូវបានផ្លាស់ប្តូរទៅសម្ភារៈដែលមានតម្លៃទាបវិញ ហើយត្រូវប្រាកដថាកម្មករធ្វើការយ៉ាងម៉ត់ចត់។៕
Comments